ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង ៣០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នៅមុខស្ថានីយចេញដំណើរក្នុងអាកាស យានដ្ឋានអន្ដរជាតិភ្នំពេញកីឡាការិនី ប៉េតង់៤រូបត្រូវបានសហព័ន្ធបញ្ជូនទៅ ប្រកួតការពារតំណែងជើងឯកពិភព លោកនៅប្រទេសថៃដែលមានរយៈ ពេល៣ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ ។
កីឡាការិនី កែ ឡេង ម្ចាស់ជើងឯក ពិភពលោកបានឆ្លើយយ៉ាងស្ទាក់ស្ទើរ ចំពោះសំណួរអ្នកសារព័ត៌មានដែលបាន ចោទសួរទៅគាត់ថា តើដំណើរចេញទៅ ប្រកួតការពារតំណែងជើងឯកពិភព លោកឆ្នាំនេះមានសង្ឃឹមដែរឬយ៉ាងនោះ ទេ? អ្នកស្រី កែ ឡេង បានឆ្លើយយ៉ាង ប្រថុយប្រថានថាក្នុងនាមនាងខ្ញុំជាកីឡាការិនីជម្រើសជាតិកម្ពុជាផ្នែកប៊ូល និងប៉េតង់មិនហ៊ានសន្យាថាអាចដណ្ដើម យកមេដាយកម្រិតណាមួយក្នុងព្រឹត្ដិ ការណ៍ប្រកួតជើងឯកប៊ូលនិងប៉េតង់ ពិភពលោកនៅប្រទេសថៃបានឬទេ ។ ពីព្រោះការប្រកួតនេះពិតជាលំបាកខ្លាំងណាស់ដោយសារប្រមូលផ្ដុំសុទ្ធតែកីឡាករកីឡាការិនីខ្លាំងៗ ។ ប៉ុន្ដែទោះបីយ៉ាង ណារូបនាងខ្ញុំផ្ទាល់និងសមាជិកក្រុម នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បី ការពារតំណែងជើងឯកក៏ដូចជាស្វែងរក មេដាយមកជូនជាតិមាតុភូមិ ។
ដោយឡែកលោក សុខ ម៉ុង គ្រូបង្វឹក កីឡាប៊ូល និងប៉េតង់ជម្រើសជាតិបាន ប្រាប់ឱ្យដឹងថា កូនក្រុមរបស់លោកបាន ប្រមូលផ្ដុំហ្វឹកហាត់បន្ទាប់ពីត្រឡប់មក ពីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរីវិញ បើទោះបីគ្មាន ថវិកាឧបត្ថម្ភពីក្រសួងក៏ដោយ ប៉ុន្ដែ ពួកយើងបានប្រាក់ឧបត្ថម្ភមួយថ្ងៃ៥ពាន់ រៀលពីសហព័ន្ធសម្រាប់ទិញទឹកពិសា ។
ចំណែកលោក ឌី បូរីម៉ា អគ្គលេខា ធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់ និងជាប្រធានដឹកនាំប្រតិភូបានសម្ដែង ក្ដីសង្ឃឹមយ៉ាងមុតមាំថា ចំពោះដំណើរ ចេញទៅប្រកួតការពារតំណែងជើងឯក របស់កីឡាការិនីជម្រើសជាតិកម្ពុជានា ពេលនេះត្រូវប្រកួតលើវិញ្ញាសាចំនួន២ គឺវិញ្ញាសាវាយយកពិន្ទុ និងប្រកួត៣ នាក់ទល់៣នាក់និងមានកីឡាការិនីបម្រុង ម្នាក់ ។ នៅក្នុងចំណោមកីឡាការិនីទាំង ៤នាក់នោះ ទី១-កីឡាការិនី កែ ឡេង, ទី២-កីឡាការិនី អ៊ុំ ចន្ទ្រា, ទី៣-កីឡា ការិនី អ៊ុន ស្រីយ៉ា និងទី៤-កីឡាការិនី អ៊ុក ស្រីមុំ ។
លោកបានបន្ដទៀតថា ខ្ញុំសង្ឃឹមថា ក្រោយពេលប្រកួតចប់ពួកខ្ញុំនឹងនាំយក កិត្ដិយសអមជាមួយមេដាយមកជូន ជាតិមាតុភូមិតាមរយៈការផ្ដល់កម្លាំង ចិត្ដពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធ និង រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ សារីម