ខេត្តសៀមរាប៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៥នេះថា នគរបាលក្រុងសៀមរាបបានប្រទះឃើញសាកសពបុរសដែលបាត់ខ្លួននៅមាត់រណ្តៅជីកយកដីលក់ដែលបានស្លាប់ កាលពីថ្ងៃទី២៨ ខែតុលានោះហើយ ។
តាមប្រភពព័តមានបានឲ្យដឹងថា នៅថ្ងៃទី២៨ខែតុលានេះ មានបុរសម្នាក់បានផឹកស្រាស្រវឹងជោគជាំបាត់បង់ស្មារតី ហើយបាត់ខ្លួនដោយបន្សល់ទុកសម្ភារះដូចជាកញ្ចប់បារីស្បែងជើងនិងខ្សែក្រវ៉ាត់នៅមាត់រណ្តៅដី ដែលគេសង្ស័យថាលង់ទឹកស្លាប់ក្នុងទឹករណ្ដៅដីដែលក្រុមឈ្មួញកាប់យកអាចម៍ដីលក់ ។
មកទល់ម៉ោង៧ព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៥នេះ សមត្ថកិច្ចបានរកឃើញសពបរុសនោះហើយបាននាំគ្នាចុះលើកមកលើគោក ដើម្បីពិនិត្យកោសល្យវិច្ឆ័យ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភ័ណ្ឌ ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិកន្ត្រកថ្មីសង្កាត់ស្វាយដង្គំក្រុងសៀមរាប ការស្លាប់នេះដោយសារស្រវឹងស្រាចុះទឹកខណះមានភាពស្រវឹងស្រាខ្លាំង។ បើតាមប្រភពពីរប៉ុស្ត៏នគរបាលស្វាយដង្គំបានឱ្យដឹងថា សពជនរងគ្រោះបានបាត់ខ្លួនតាំងពីម៉ោង១០ព្រឹកថ្ងៃទី២៨ខែតុលារហូតមកទល់ម៉ោង៧ព្រឹកថ្ងៃទី២៩ខែតុលានេះ ទើបសមត្ថកិច្ចបានរកឃើញ ។
អ្នកស្រី ឈ្មោះខុម ត្រូវជាប្រពន្ធសពជនរងគ្រោះនោះបានឱ្យដឹងថា អ្នកភូមិជួយតាមរកដែរ នៅតែរកមិនឃើញគាត់ក៏ទៅរកគ្រួទាយមើល គ្រួទាយក៏បាននិយាយថាយកបាយសំម្លរទៅសែននៅមុខរណ្តៅដីនោះទៅ ព្រឹកទ្បើងនិងឃើញសពអណ្តែតនៅមាត់រណ្តៅដីនោះហើយ ។
លោកស្រីបានបន្តថា លុះព្រឹកទ្បើងថ្ងៃទី២៨ខែតុលា ត្រូវបានក្រុមអ្នកភូមិនិងខ្ញុំបានយកបាយសម្លរទៅដាក់នៅមុខរណ្តៅដីនោះ រួចនាំគ្នាអុចអូប សូមបួងសួងឱ្យឃើញសពប្តីនាងខ្ញុំមក ក៏នាំគ្នានៅមុខរណ្តៅដីនោះមួយសន្ទុះក៏ឃើញសពអណ្តែតនៅមាត់រណ្តៅដីនោះពិតដូចគ្រួទាយនោះមែនហើយក៏នាំគ្នាស្រង់សពទ្បើងមកលើគោកដើម្បីឱ្យសមត្ថកិច្ចធ្វើកោសល្យវិច្ច័យបន្តទៀតក្រែងលជាអំពើឃាតកម្មទៅលើប្តីរបស់នាងខ្ញុំ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យ បានសន្និដ្ឋានថា សពនេះពិតជាលុងទឹកស្លាប់ពិតប្រាកដមែន មិនមែនជាឃាតកម្មគិតទុកជាមុននោះទេ ៕
ដោយ៖ ជានិរន្ដរ៍