ខេត្តមណ្ឌលគិរី៖ យ៉ាងតិចមានមនុស្ស៣នាក់បានស្លាប់កាលពីវេលាម៉ោងជិត៥រសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរលៀ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បង្កឡើងដោយមន្ត្រីនគរបាល និងយោធាការពារព្រំដែន ដែលមានឈ្មោះ និងអត្តសញ្ញាណច្បាស់លាស់ ប៉ុន្តែអង្គភាពយើងសូមមិនបញ្ចេញឈ្មោះ ខណៈស្ថិតនៅក្នុងការអង្កេតនៃដំណើរការនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌។
ជនរងគ្រោះក្នុងហេតុការណ៍នេះ ១ ឈ្មោះ ណៃ ជាមន្ត្រីបរិស្ថានខេត្ត និងឈ្មោះ វឌ្ឍនា (ឈ្មោះហៅក្រៅ) ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំណែកឯម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជាប្រជាការពារក្នុសហគមន៍ ជនរងគ្រោះបានស្លាប់ ពេលបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃខែឆ្នាំដដែល។
ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ បង្កឡើងដោយមន្ត្រីនគរបាល និងយោធាការពារព្រំដែន ត្រូវបាននាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបញ្ជាភ្លាមៗឲ្យកម្លាំងកងរាជអាវុធហត្ថ បង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ត្រូវចុះទៅពិនិត្យ ស៊ើបអង្កេតជាបន្ទាន់រកឲ្យឃើញនៃការផ្ទុះអាវុធបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ មិនទាន់មានព័ត៌មានលម្អិតនៅឡើយទេថា ការបង្កហេតុផ្តើមឡើងដោយយោធា នគរបាលការពារព្រំដែនបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីបរិស្ថាន និងប្រជាសហគមន៍បណ្តាលមកពីមូលហេតុអ្វីនោះទេ គ្រាន់តែរបាយការណ៍ពីសមត្ថកិច្ចខេត្តមណ្ឌលគិរីរាយការណ៍ជូនអគ្គស្នងការនគរបាលជាតិបញ្ជាក់ថា បង្កឡើងដោយយោធា និងនគរបាលព្រំដែន រួចបញ្ជាក់អំពីអត្តសញ្ញាណយ៉ាងច្បាស់លាស់ ប៉ុន្តែករណីនេះ មិនត្រូវបានទម្លាយដោយសារពាក់ព័ន្ធទៅនឹងដំណើរការនីតិវិធីរបស់នគរបាលយុត្តិធម៌ឈានដល់ការចាប់ខ្លួនជនបង្កហេតុមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖ សុខ ខេមរា