ភ្នំពេញ៖ ពិធីការិនីស្រស់សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានសាងភាពភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រក្រោយពីនាងសម្រេចចិត្តទទួលយកការសម្តែងភាពយន្តជាថ្មីក្នុងភាពយន្តខ្នាតធំរឿង”ធ្មប់”។ ក្រោយភាពយន្តនេះកំពុងផ្ទុះចេញការគាំទ្រខ្លាំងនាងថានឹងអាចជាកម្លាំងចិត្តថ្មីសម្រាប់នាងពិចារណាថតភាពយន្តថ្មីបន្ទាប់ទៀត។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល ហ៊ិន ច័ន្ទនីរ័ត្នបោះបង់ចោលការសម្តែងព្រោះតែនាងលើកហេតុផលថាមិនមានពេលគ្រប់គ្រាន់ក្នុងការចេញថត។ ប៉ុន្តែមានការខ្សិបខ្សៀវថានាងមិនថតព្រោះតែជាប់បម្រាមគូស្នេហ៍និងមិនចង់ឲ្យនាងហត់និងថតក្រោមកម្តៅថ្ងៃ ពិសេសគេចចេញពីការប៉ះពាល់សាច់។ ការលើកឡើងនេះត្រូវបាននាងច្រានចោលថាមិនមែនជាការពិត។ តារាស្រីរូបនេះលើកឡើងថា គឺនាងមានការងារជាពិធីករច្រើននៅទូរទស្សន៍បាយ័ន និងការងារជាពិធីការិនីក្នុងកម្មវិធីខាងក្រៅជាច្រើនទៀត។ការចាក់បញ្ចាំង ស្នាដៃដំបូង នាដើមឆ្នាំ២០១៨ នេះគឺរឿង ”ធ្មប់” ដែលកំពុងល្បីល្បាញ ទទូលការគាំទ្រ ជាខ្លាំងពីទស្សនិកជននោះបានធ្វើឲ្យនាងពេញចិត្តជាខ្លាំង។
នាងនិយាយថា នាងបានគិតទុក តាំងពីថ្ងៃបើកសម្ពោធម្ល៉េះថា ស្នាដៃដែលសម្រិតសម្រាំង ពីម្ចាស់ផលិតកម្ម មាតុចក្រ ហ្វីលម៍ នឹងមានអ្នក ចាប់អារម្មណ៍ច្រើន ពេលដាក់បញ្ចាំងផ្លូវការ។ ដូចការគ្រោងទុក ភាពយន្តនេះ ទទួលប្រជ្រិយភាព ជាខ្លាំងនាប៉ុន្មានថ្ងៃនេះ នៅតាមរោង ភាពយន្តនានា។នាងបន្តថា ការទទួលជោគជ័យ ពីស្នាដៃដំបូងក្នុងឆ្នាំថ្មី គឺជាការបើកផ្លូវសម្រាប់កញ្ញា ដើម្បីបន្តសម្ដែងភាពយន្តថែមទៀត សម្រាប់ឆ្នាំ២០១៨។ ដូចកញ្ញាបានសន្យាថា នឹងអាចថតភាពយន្ត ១ទៅ២រឿងទៀត ក្នុងឆ្នាំថ្មីនេះ ប្រសិនបើរឿង ”ធ្មប់” ទទួលការគាំទ្រ ពីទស្សនិកជន។ ពេលនេះ ”ធ្មប់” ពិតជាមានការគាំទ្រខ្លាំង ដែលជាហេតុធ្វើឱ្យកញ្ញា ចាប់ផ្ដើមទទួលថតភាពយន្តបន្តទៀត ប្រសិនបើផលិតករ ទាក់ទងមក ទោះជារវល់ការងារ ផ្សេងៗទៀតក៏ដោយ។
យ៉ាងណាក៏ដោយតារាសម្ដែង និងជាពិធីការិនីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បញ្ជាក់ថា ប្រសិនអាចនាងចង់សម្ដែងភាពយន្ត ដែលសាច់រឿងប្រហាក់ប្រហែល ដូចររឿង ”ធ្មប់” ម្ដងទៀត បើមានផលិតណា អាចផលិតដូចនេះ។ ការអះអាងដូច្នេះ ព្រោះតែកញ្ញាយល់ថា ជាសាច់រឿងមួយថ្មី ប្លែកសម្រាប់នាង ក្នុងការសម្ដែងភាពយន្ត។តារាស្រីរូបនេះមិនបានបញ្ជាក់ពីតម្លៃខ្លួននៃការចេញថតភាពយន្តនេះទេប៉ុន្តែតាមការបង្ហើបពីប្រភពនានាកញ្ញា ទទួលបានប្រាក់កម្រៃមិនក្រោម ៥ពាន់ដុល្លារនោះទេ ពីស្នាដៃល្បីល្បាញនេះ ដែលជាហេតុធ្វើឱ្យកញ្ញាក្លាយជាតារាមានទីផ្សារខ្ពស់ម្នាក់ ក្នុងចំណោមតារាសម្ដែងស្រីលំដាប់ជួរមុខមួយចំនួន៕
ដោយ វឌ្ឍនា