ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋម្នាក់ជាអ្នកលក់បាយដែលនៅអែបចិញ្ចើមផ្លូវ បានរងនូវការខូចខាតជាច្រើន បន្ទាប់ពីត្រូវគោយន្តកន្ត្រៃមួយគ្រឿងដឹកដែលបើកចុះចំណោទទប់មិនឈ្នះជ្រុលទៅបុកពេញទំហឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងនៅម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សាក្សីនៅកន្លែងកើតហេតុបាប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុ មានគោយន្តមួយគ្រឿងដឹកឈើពេញមួយគោយន្ត បំណងដឹកយកទៅកំពង់ផែការណូតដើម្បីដាក់ ឈើតាមកាណូតយកទៅធ្វើផ្ទះនៅកំពង់លែង ។ នៅពេលមកដល់ចំណុចកើតហេតុ ដែលជាកន្លែងចុះចំណោទ ដោយសារតែដឹកឈើធ្ងន់ផង គោយន្តបានបោះពួយយ៉ាងលឿនទប់អត់ឈ្នះក៍ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋដែលជាផ្ទះលក់បាយ បណ្តាលអោយខូចខាតផ្ទះ ចានឆ្នាំងកែវស្ទើរទាំងអស់ និងបានបុកម៉ូតូមួយគ្រឿងទៀតដែលនៅក្បែរនោះផងដែរ ។សំណាងល្អដែលមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស នៅទីនោះ ។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់គោយន្តនេះមានឈ្មោះ ប្រាក់ ចន្ធី ភេទស្រីអាយុ៣៤ឆ្នាំ រស់នៅឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ក្រោយពេលកើតហេតុម្ចាស់គោយន្តបានចេញថ្លៃខូចខាតផ្ទះប្រជាពលរដ្ឋលក់បាយចំនួន៨០ម៉ឺនរៀល និង ថ្លៃខូចម៉ូតូចំនួន១០ម៉ឺនរៀលដើម្បីបញ្ចប់រឿងផងដែរ ៕
ដោយ៖ ចន្ថា