បាញ់ៗៗ….កក្រើកអាមេរិកទៀតហើយ សិស្សស្រីអាយុ១២ឆ្នាំបាញ់ប្រហារកណ្តាលសាលារៀន មិនធម្មតាប្រទេសបិតាប្រជាធិបតេយ្យ…?

ចែករំលែក៖

មានករណីបាញ់ប្រហារ​ថ្មីមួយទៀត​កើតឡើងនៅថ្ងៃទី​១ខែកុម្ភៈ ត្រូវថ្ងៃទី​២(នៅកម្ពុជា) ស្ថិតនៅរដ្ឋកាលីហ្វ័រនីញ៉ា ​ហើយការបាញ់ប្រហារនោះធ្វើឡើងដោយសិស្សស្រីដែលមានអាយុទើបតែ​១២ឆ្នាំប៉ុណ្ណោះ
សារព័ត៌មាន​ CBS news ​បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងប៉ូលិស បានឲ្យដឹងថា ៖ ហេតុការណ៍ខាងលើកើតឡើង នៅសាលាមធ្យមសិក្សា​ Salvador Castro ជិតទីក្រុង​ Los Angeles ។ នៅពេលនេះ ក្មេងស្រីបាញ់ប្រហារខាងលើត្រូវបានចាប់ឃុំខ្លួនបណ្តោះអាសន្ន។

ប៉ូលិសបានបញ្ជាក់ថា៖ ការបាញ់ប្រហារខាងលើ កើតឡើង ប្រហែលជាម៉ោង ៩ ព្រឹក ដោយពេលនោះប៉ូលិសទទួលបានការហៅទូរស័ព្ទ« ជួយសង្គ្រោះ ,ផ្ទុះអាវុធទើបតែកើតឡើង …សិស្សម្នាក់រងរបួស​ ម្នាក់ទៀតអាចត្រូវគ្រាប់»។ មន្ត្រីប៉ូលិសនៅក្នុងតំបន់ លោក​ Robert Arcos ​បានបញ្ជាក់ថា នេះជាសុបិន្តអាក្រក់បំផុត របស់ពលរដ្ឋអាមេរិក នៅពេលដែលក្មេងស្រី​១២ឆ្នាំកាន់កាំភ្លើងបាញ់ប្រាហារនៅសាលារៀន»។

នៅពេលនេះនប៉ូលិសកំពុងតែ ស្វែងរកមូលហេតុ ថាតើក្មេងស្រីអាយុ១២ឆ្នាំ បានកាន់កាំភ្លើងយ៉ាងមិច ។ ស្នងការប៉ូលិស ទីក្រុង​ឡូសអានជឺឡេស លោក​ Steve Zipperman និយាយថា «ប្រសិនបើ​យើងរកឃើញថា កាំភ្លើង ជារបស់មនុស្សធំនៅក្នុងផ្ទះ នឹងមានការរៀបចំ​ចោទប្រកាន់ អាណាព្យាបាល»។
សិស្សពីរនាក់នៅក្នុងថ្នាក់រៀន រងការបាញ់ប្រហារ ដោយម្នាក់​ចំក្បាល ។ ក្រៅពីនេះទៀតនៅមាន សិស្ស​៣នាក់ទៀតរងរបួសស្រាល។ ក្រោយការបាញ់ប្រហារភ្លាមៗ ប៉ូលិស​ក៏បាន ចូលរួមស្រាវជ្រាវដោយ​ ធ្វើការត្រួតពិនិត្យ ទៅលើសិស្សនៅក្នុងថ្នាក់ផ្សេងទៀត ខ្លាចមានយកអាវុធទៅជាមួយ។
ឪពុកម្តាយសិស្សទាំងអស់បានទៅកាន់សាលាភ្លាមៗទាំង ភ័យស្លន់ស្លោរ ដោយមិនដឹងថា កូនរបស់ខ្លួនយ៉ាងណានោះឡើយ ។
ការបាញ់ប្រហារដោយកាំភ្លើងបង្ករឡើងដោយសិស្សសាលាបានកើតឡើងជាញឹកញាប់នៅអាមេរិក បង្ករក្តីបារម្ភយ៉ាងខ្លាំង ។ កន្លងមកថ្មីៗ សិស្សសាលាអាយុ១៥ឆ្នាំម្នាក់ បាន យកកាំភ្លើងបាញ់ទៅលើសិស្សដូចគ្នានៅក្នុងថ្នាក់បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១៧នាក់ទៀតរងរបួស។ ហេតុការណ៍ បាញ់ប្រហារខាងលើនេះ កើតឡើងនៅក្នុង សាលារៀន Marshall ក្នុងទីក្រុង Benton ក្នុងរដ្ឋ Kentucky ។
អភិបាលរដ្ឋ Kentucky លោក Matt Benvin បានឲ្យដឹងថា ការបាញ់ប្រហារ កើតឡើងនៅវេលាម៉ោង៨ព្រឹក។ ភ្លាមៗ នោះ សិស្សដែលបានបង្កហេតុត្រូវកម្លាំងប៉ូលិសចាប់ខ្លួន ចំណែកអ្នករងរបួសត្រូវ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មកទល់ពេលនេះមិនទាន់មានព័ត៌មានលម្អិតស្តីពីការបាញ់ប្រហារខាងលើនៅឡើយទេ។
ការបាញ់ប្រហារនៅក្នុងសាលារៀន អាមេរិកបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ និងអាណាព្យាបាលរបស់សិស្ស ដែល មានអារម្មថា កូនរបស់ខ្លួនមិនមានសុវត្ថិ ភាពពេលទៅរៀន។ សិស្សជាច្រើនដែល មានវ័យជំទង់ៗ បានយកអាវុធទៅក្នុង សាលារៀន ដោយមិនមានការត្រួតពិនិត្យតឹងតែងនោះឡើយ។
ការបាញ់ប្រហារនៅក្នុងសាលារៀនតែងតែកើតឡើងជាញឹកញាប់នៅអាមេរិក។ កន្លងមកថ្មីៗ សិស្សម្នាក់ត្រូវបានបាញ់ សម្លាប់ និង៣នាក់ផ្សេងទៀតរងរបួស ក្រោយខ្មាន់កាំភ្លើងដែលជាយុវជន បាញ់ ប្រហារនៅសាលារៀន Freeman ក្នុងតំបន់ Rockford ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋ អាមេរិក។
ខ្មាន់កាំភ្លើងដែលជាយុវជន បានប្រើ ប្រាស់កាំភ្លើងខ្លី២ដើម បាញ់សំដៅទៅ លើសិស្ស និងបុគ្គលិកនៅក្នុងសាលា។ ពេលដំបូង កាំភ្លើងខ្លីទី១បាញ់មិនផ្ទុះក៏បន្តដកកាំភ្លើងខ្លីទី២យកមកបាញ់បន្តទៀត។
ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា សិស្ស ម្នាក់មានភាពក្លាហាន បានព្យាយាម និយាយជាមួយខ្មាន់កាំភ្លើង ត្រូវបានបាញ់ សម្លាប់។ បុគ្គលិកនៅក្នុងសាលារៀន ព្យាយាមចាប់បានខ្មាន់កាំភ្លើងមុនពេល ប៉ូលិសមកដល់ បញ្ជូនទៅកាន់ស្នាក់ការ។ នៅពេលនេះ ខ្មាន់កាំភ្លើងកំពុងឃុំខ្លួន ដើម្បីសួរចម្លើយ។ ចំណែកសិស្ស៣នាក់ទៀតរងរបួសបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យសង្គ្រាម ហើយពេលនេះមានសុខ ភាពល្អប្រសើរវិញហើយ។
ស្នងការប៉ូលិស លោក Ozzie Knezovich បានឲ្យដឹងថា ខ្មាន់កាំភ្លើងរងការសម្លុតនៅក្នុងសាលា ទើបមានសកម្មភាព ខុសច្បាប់បែបនេះ។ សិស្សផ្សេងទៀតនៅក្នុងសាលាបានឲ្យដឹងថា នៅមុនពេល ហេតុការណ៍កើតឡើងប៉ុន្មានថ្ងៃ ខ្មាន់កាំ ភ្លើង បានរៀបរាប់ពីការមើលខ្សែភាពយន្តឯកសារស្តីពីការបាញ់ប្រហារនៅក្នុង សាលារៀន ហើយថែមទាំងបាននិយាយ ថា អាចនឹងធ្វើរឿងល្ងង់ខ្លៅធ្វើឲ្យគាត់ត្រូវគេសម្លាប់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print