ពលរដ្ឋ​ប្តឹង​ក្រុមហ៊ុន​ ហ្វាមមើ រីរ៉ា ឌីវេឡុបមេន ខូអិលធីឌី​ រឿង​លក់​ដី​ខ្យល់​

ចែករំលែក៖

ភ្នំពេញ៖ប្រជាពលរដ្ឋ​៣នាក់​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​៦៥នាក់​ កាលពីល្ងាច​ថ្ងៃទី០២​ ខែ​កុម្ភៈ​ ឆ្នាំ២០១៨ ដាក់ពាក្យបណ្តឹងមក​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកម្មវត្ថុប្តឹងម្ចាស់ក្រុមហ៊ុនហ្វាមមើ រីរ៉ា ឌីវេឡុបមេន ខូអិលធីឌី ដែលមានស្លាកយីហោ មាតុភូមិយើងអចលនទ្រព្យ ពីបទ ឆបោក ពាក់ព័ន្ធនឹងការលក់ដីខ្យល់។

ដើមបណ្តឹង៣នាក់មានឈ្មោះសូ សុផល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ៣១E១ ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ភ្នំពេញ ឈ្មោះប៉ោង សុធី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៩ ផ្លូវលេខ៣៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ភ្នំពេញ និងឈ្មោះឆេង ចាន់ឌី ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ១៥៧AZ ផ្លូវលេខ១៩២Z សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ភ្នំពេញ។

ក្នុងពាក្យបណ្តឹងបានប្តឹងពីឈ្មោះ ធិប ចន្ទ្រា ភេទប្រុស អាយុ៣០ឆ្នាំ ជាប្រធានក្រុមហ៊ុន មានទីតាំងនៅផ្ទះលេខ៧៨ ផ្លូវលេខ១០៨៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ព្រមទាំងមនុស្ស២នាក់ទៀតមានឈ្មោះស៉ឹម សុជាតា ភេទស្រី អាយុ២៥ឆ្នាំ ត្រូវជាប្រពន្ធឈ្មោះធិប ចន្ទ្រា មានទីលំនៅផ្ទះលេខF ៣៧២ ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង ឈ្មោះឈឹម វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកតំណាងក្រុមហ៊ុន មានទីលំនៅផ្ទះលេខ៧៨ ផ្លូវលេខ១០៨៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ ។

ក្នុងពាក្យបណ្តឹងនោះក៏បានភ្ជាប់មកជាមួយ នឹងបង្កាន់ដៃទទួលប្រាក់លេខ០០២២១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ដែលមានចំនួន៥ទំព័រ។
កិច្ចសន្យាផ្អាកបង់ចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានចំនួន២ទំព័រ។
កិច្ចសន្យាទទួលប្រាក់ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដែលមានចំនួន២ទំព័រ។
លិខិតផ្ទេរសិទ្ធចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ដែលមានចំនួន៩ទំព័រ។
បង្កាន់ដៃទទួលប្រាក់លេខ០០៧០០ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ដែលមានចំនួន៨ទំព័រ។
លិខិតអនុញ្ញាតលេខ០៧៣/១៧ អ.ស ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ របស់រដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្តាល ចេញដោយអភិបាលគណៈអភិបាល ស្រុកអង្គស្នួល ដែលមានចំនួន៤ទំព័រ។

មូលហេតុដែលនាំឱ្យ​មានការដាក់ ពាក្យបណ្តឹងនេះ គឺប្រជាពលរដ្ឋទាំង៦៤ នាក់បានប្រគល់ប្រាក់មួយចំនួនគឺចាប់ពីខ្ទង់ពាន់ដុល្លារក្នុងម្នាក់ៗ ដល់ឈ្មោះឈឹម វាសនា ដែលជាអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន ។

នៅពេលទទួលបានប្រាក់រួចហើយ ខាងក្រុមហ៊ុនបានសន្យាថា នឹងប្រគល់ដី និងប្លង់កាន់កាប់ជូនពួកយើង។ ប៉ុន្តែរហូតមកទល់ពេលនេះ ខាងក្រុមហ៊ុន ក៏ដូចជាប្រធានក្រុមហ៊ុនពុំបានចេញមុខមកដោះ ស្រាយជូនទេ។ ដូច្នេះទើបខាងពួកយើង ឯកភាពគ្នាដាក់ប្តឹងមកតុលាការតែម្តង។

ឈ្មោះឆេង ចាន់ឌី ដែលតំណាងអោយជនរងគ្រោះទាំង៦៤រូប បានអោយក្រុមអ្នកសារព័ត៌មានដឹងថា ខាងក្រុមហ៊ុន បានទទួលប្រាក់ពីពួកយើងរួចហើយ តែមិនបានប្រគល់ដី និងប្លង់អោយពួកយើងទេ ។ ដូច្នេះសូមផ្តាំផ្ញើប្រជាពលរដ្ឋកុំឱ្យទៅទិញដីពីក្រុមហ៊ុនមាតុភូមិអចលនទ្រព្យ ព្រោះជាក្រុមហ៊ុនបោកប្រាស។
ជាចុងក្រោយដើមបណ្តឹង បានសំណូមពរអោយតុលាការចាត់វិធានការលើមនុស្សទាំងបីនាក់នេះ ដោយផ្តល់ភាពយុត្តិធម៌ អោយក្រុមជនរងគ្រោះ និង ស្នើឱ្យមនុស្សទាំងបីនាក់នេះ ចេញមុខមកដោះស្រាយដោយសងប្រាក់ និង សងជំងឺចិត្តដល់ពួកយើង៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print