ខេត្ដព្រះសីហនុ៖ ក្រុមអ្នកបើកបរ រថយន្ដដឹកដីប្រមាណ៣០នាក់នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ បាននាំគ្នាយករថយន្ដដឹកដីជាច្រើនគ្រឿង ចតបិទផ្លូវខាងមុខប៉ុស្ដិ៍រដ្ឋាលនគរបាល លេខ៤ ក្នុងគោលបំណងតវ៉ាទាមទារឱ្យ ដោះលែងរថយន្ដដឹកដីចំនួន៣គ្រឿង របស់បក្ខពូកគេដែលមន្ដ្រីជំនាញបរិស្ថាន និងនគរបាលប៉ុស្ដិ៍លេខ៤ចាប់ឃាត់ទុកផាកពិន័យក្នុងរថយន្ដមួយគ្រឿង១លាន រៀលក្រោមបទចោទប្រកាន់ធ្វើអាជីវ កម្មគ្មានការទទួលខុសត្រូវដឹកដីមិនគ្រប តង់ធ្វើឱ្យដីជ្រុះដីហ៊ុយរាយប៉ាយតាមដងផ្លូវសាធារណៈបង្កឱ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋប៉ះពាល់បរិស្ថាននិងធ្វើឱ្យ ខូចគុណភាពខ្យល់ក្នុងបរិយាកាស ។
ករណីនេះបានធ្វើឱ្យភ្ញាក់ផ្អើលស្ទើរ ទូទាំងក្រុង និងបង្កឱ្យមានការកកស្ទះ ចរាចរណ៍មិនអាចធ្វើដំណើរឆ្លងកាត់ បានជិតមួយម៉ោងហើយភ្លាមៗសមត្ថ កិច្ចនគរបាលត្រូវបានចុះមកកន្លែងកើតហេតុផងដែរដើម្បីការពារនិងសម្រួល ចរាចរណ៍ ។
ក្រុមតែកុងរថយន្ដដឹកដីដែលនាំគ្នាមកតវ៉ាខាងលើនេះនៅចំពោះមុខអ្នក សាព័ត៌មានពួកគេបាននិយយាប្រាប់ឱ្យ ដឹងថា រថយន្ដដឹកដីចំនួន៣គ្រឿងដែល មន្ដ្រីបរិស្ថាននិងនគរបាលឃាត់ទុកតាំងពីម៉ោង១០ព្រឹកទុកក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលលេខ៤នេះដូចជាសមល្មមដោះ លែងវិញហើយដើម្បីឱ្យពួកគេយកទៅ រកស៊ីធម្មតាវិញ ។ ប៉ុន្ដែសម្រាប់ការ ផាកពិន័យក្នុងរថយន្ដមួយគ្រឿងតម្លៃ ១លានរៀលដោយសារតែរឿងបន្ដិចបន្ដូច(ដឹកដីមិនគ្របតង់)ពួកគេគ្មានលុយបង់នោះទេ ដូចនេះពូកគេត្រូវតែនាំគ្នាតវ៉ា បែបនេះហើយគឺតវ៉ាយប់នេះមិនបាន សម្រេចពួកគេនិងបន្ដទៅថ្ងៃស្អែកទៀត។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះ សីហនុបានមានប្រសាសន៍ថា រថយន្ដ ដឹកដីទាំង៣គ្រឿងខាងលើនេះលោកជា អ្នកបញ្ជាឱ្យចាប់ពីព្រោះដឹកដីជ្រុះលើផ្លូវ និងដឹកដីគ្មានច្បាប់ ។ បញ្ហានេះលោក បានពិភាក្សាជាមួយប្រធានមន្ទីរបរិស្ថាន ថា ដាច់ខាតត្រូវអនុវត្ដច្បាប់បរិស្ថាន ហើយលោកនឹងទាក់ទងទៅខាងមន្ទីរ សាធារណការឱ្យពិនិត្យលក្ខណៈបច្ចេក ទេសនៃឡាននេះបន្ថែមទៀត ។ ចំពោះ ករណីបិទផ្លូវសាធារណៈនេះលោកអភិ បាលបញ្ជាក់ថា អាជ្ញាធរអាចបង្កសំណុំ រឿងបញ្ជូនទៅតុលាការចាត់ការតាម ច្បាប់ ព្រមទាំងបានព្រមានត្រង់ៗថា ចាប់ពីថ្ងៃនេះតទៅត្រូវតែអនុវត្ដច្បាប់ឱ្យបានពេញលេងមិនអាចឱ្យអ្នកល្មើស ច្បាប់ធ្វើព្យុះភ្ញៀងតាមចិត្ដបានទេ ។
លោក មុត សុធារិទ្ធ ប្រធានមន្ទីរ បរិស្ថានខេត្ដព្រះសីហនុបានបញ្ជាក់ ប្រាប់ឱ្យដឹងថា នេះមិនមែនជាលើកទី១ នោះទេដែលក្រុមមន្ដ្រីរបស់លោកចាប់ រថយន្ដដឹកដីខ្វះកាទទូលខុសត្រូវបង្កផលប៉ះពាល់បរិស្ថានប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅយកមកផាកពិន័យ ។ ការ ផាកពិន័យធ្វើឡើងមានក្រដាស់ស្នាម វិក្កយបត្រត្រឹមត្រូវហើយប្រាក់ដែល បានមកពីការផាកពិន័យទាំងនោះគឺជា ថវិកាបង់ចូលរដ្ឋ១០០ភាគរយតែម្ដង ដោយការផាកពិន័យចាប់ពី១លានរៀលរហូតទៅដល់១០លានរៀលក្នុង១គ្រឿង។
លោក មុត សុធារិទ្ធ ប្រធានមន្ទីរ បរិស្ថានបញ្ជាក់ថា ជុំវិញការផាកពិន័យ បែបនេះមិនមែនមន្ដ្រីបរិស្ថានចេះតែ ធ្វើតាមការនឹកឃើញនោះទេ តែនេះជា ការអនុវត្ដច្បាប់ ហើយច្បាប់នេះមុន នឹងអនុវត្ដបានផ្សព្វផ្សាយយ៉ាងទូលំលាយ ផងដែរ ប៉ុន្ដែសម្រាប់ក្រុមរថយន្ដដឹកដី ចំនួន៣គ្រឿងខាងលើដឹងហើយឮហើយ តែពូកគេនៅតែផ្គើនមិនព្រមអនុវត្ដ តាមទើបត្រូវសមត្ថកិច្ចចាប់យកមក ផាកពិន័យដែលគួរឱ្យសោកស្ដាយពួក គាត់ល្មើសច្បាប់មិនព្រមសម្របសម្រួល ផាកពិន័យទេបែរជានាំគ្នាមកតវ៉ាបង្កឱ្យស្មុគស្មាញបែបនេះទៅវិញ ៕
ដោយ៖ ឆ្លាមសមុទ្រ