ខេត្តតាកែវ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានប្រគល់រថយន្តតូយ៉ូតាកាមរីបាឡែនឲ្យទៅម្ចាស់រថយន្តជាម្ចាស់កម្មសិទ្ធវិញ ក្រោយក្រុមចោរបានលួចកាលពីថ្ងៃទី២៥ ខែមករា កន្លងទៅ ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបបានដែលការប្រគល់នេះធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកវីរសេនីយ៍ត្រី ចាន់ ជៀប ប្រធានមន្ទីរយុត្តិធម៌ស្ដីទី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងឲ្យដឹងថា រថយន្តកាម៉ារីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AK-5583 របស់ជនរងគ្រោះឈ្មោះ ឆាំង ស៊ុន មានទីលំនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ត្រូវបានក្រុមចោរលួចយកកាលពីយប់ថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។ បន្ទាប់ពីភ្ញាក់ពីដំណេកហើយបាត់រថយន្ត ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទីឲ្យជួយធ្វើអន្តរាគមន៍តាមចាប់ជនសង្ស័យ ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដែលបានចាត់តាំងមន្រ្តីជំនាញមន្ទីរយុត្តិធម៌ និងកម្លាំងកងរាជអាវុធហត្ថស្រុកបាទីទៅសហការជាមួយស្នងការស្រាវជ្រាវកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនជនសង្ស័យ និងរថយន្តនៅចំណុចគល់ស្ពានព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។ បន្ទាប់ពីលួចរថយន្តបានហើយជនសង្ស័យបានក្លែងបន្លំដោះដូរស្លាកលេខរថយន្តទៅជាស្លាកលេខកណ្ដាល 2A-7104ទៅវិញ។
លោកវីរសេនីយ៍ត្រី ចាន់ ជៀប បានបន្តថា ជនសង្ស័យទាំងពីរនាក់នោះមានឈ្មោះ វណ្ណ វាសនា និង ម៉ៅ អ៊ំ មានទីលំនៅក្នុងខេត្តព្រៃវែង។
បើតាមលោក ចាន់ ជៀប ឲ្យដឹងទៀតថា បន្ទាប់បានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងជារថយន្តរួចមកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក ជីវ ចាន់តារា បានបង្គាប់ឲ្យសមត្ថកិច្ចប្រគល់រថយន្តឲ្យម្ចាស់ដើមវិញ ។ ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការទៅតាមច្បាប់៕ ភ្នំដា