ខេត្តកណ្ដាល ៖ ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យឈ្មោះ ចាន់ ចិត្ដ ដែលកំពុងជាប់ក្នុងពន្ធនាគារខេត្ដកណ្ដាល បានលាក់ទុកថ្នាំញៀននៅផ្ទះរបស់ខ្លួន ភា្លមនោះសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទួលព្រេច ដោយមានការឯកភាពពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ កម្លាំងចុះធ្វើការឆែកឆេរផ្ទះរបស់ជនសង្ស័យ រហូតបានរកឃើញថ្នាំញៀនចំនួន៦កញ្ចប់ធំ ដែលជនសង្ស័យបានលាក់ក្នុងធុងបាស់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល ។ ករណីស្រាវជ្រាវឆែកឆេរខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទី ស្ថិតក្នុងភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ក្នុងប្រតិបត្ដិការឆែកឆេរខាងលើនេះ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៦កញ្ចប់ធំ ស្មើនិងទម្ងន់ ២៩៩,០៥ក្រាម បន្ថែមទៀត ដែលមានតម្លៃ៥ពាន់ដុល្លារសហរដ្ឋអាមេរិក និងទូរស័ព្ទដៃ២គ្រឿងផងដែរ ។
គួរំឮកផងដែរថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ចាន់ ចិត្ដ ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលធ្វើការចាប់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្ដត្រង់ចំណុចផ្ទះជួល ស្ថិតក្នុងព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ ក្រោយពេលចាប់ខ្លួនបាន ជនសង្ស័យខាងលើនេះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដធ្វើការឃុំខ្លួនក្នុងពន្ធនាគារអស់រយះពេលជាច្រើនថ្ងៃមកហើយ ។ លុះរហូតមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទី សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងបានទទួលព័ត៌មានច្បាស់ថា ជនសង្ស័យខាងលើបានលាក់ទុកថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកមួយចំនួនធំនៅក្នុងធុងបាស់ តម្លៃប្រហែល៥ពាន់ដុល្លារសហរដ្ឋអាមេរិក និងទូរសព្ទ័ដៃចំនួន២គ្រឿងផងដែរ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌ភ្លាម លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានសុំការអនុញ្ញាតិពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ បញ្ជាឲ្យកម្លាំងជំនាញចុះទៅស្រាវជ្រាវ ស្វែងរកធុងបាស់របស់ជនសង្ស័យដែលយកថ្នាំញៀនទៅលាក់នោះ រួចធ្វើការដោះបំបែកធុងបាស់នោះ បានឃើញថ្នាំញៀនប្រភេទមេទំហ្វេតាមីនហៅម៉ាទឹកកក ចំនួន៦កញ្ចប់ធំ មានទម្ងន់ ២៩៩,០៥ក្រាម បន្ថែមទៀតពិតប្រាកដមែន ។ ចំពោះវត្ថុតាងថ្នាំញៀនចំនួន៦កញ្ចប់ធំខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បន្តចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ
...