ភ្នំពេញ ៖ មជ្ឈដ្ឋានអ្នកច្បាប់ លើកឡើងថា លោកវរសេនីយ៍ឯក ប៊ុន សត្យា ហៅទិវា01 នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងបំពានក្រមនីតិវិធីព្រហ្មទណ្ឌ ត្រង់ជំពូកទី៥ ស្តីពី”វិធានទាក់ទងនឹងការស៊ើបអង្កេតករណីជាក់ស្ដែង”។
ស្ត្រីម្នាក់អះអាងថា ជាជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចហើយ គោរពជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យមានវិធានការផ្លូវច្បាប់ចំពោះលោកវរសេនីយ៍ឯក ប៊ុន សត្យា ។
អ្នកច្បាប់មួយរូបសុំមិនបញ្ចេញឈ្មោះអះអាងនៅព្រឹកថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នេះថា ពាក់ព័ន្ធករណីលោក ប៊ុន សត្យា គឺ អាចចូលទៅក្នុងជំពូកទី៥ ស្តីពី”វិធានទាក់ទងនឹងការស៊ើបអង្កេតករណីជាក់ស្ដែង”។
មាត្រា១០៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា”ក្រោយបញ្ចប់ការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ត្រូវបញ្ជូនកំណត់ហេតុនិងវត្ថុតាងទាំងអស់ទៅព្រះរាជអាជ្ញា ។ កាលណាបុគ្គលណាមួយត្រូវបញ្ជូនទៅព្រះរាជអាជ្ញា នោះការបញ្ជូនកំណត់ហេតុ និង វត្ថុតាង ត្រូវធ្វើជាមួយការបញ្ជូនខ្លួនបុគ្គលនោះដែរ”។
ពាក្យបណ្តឹងចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ គោរពជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ត្រីឈ្មោះ ឆាយ ម៉ីជូ អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ៤៣អា ផ្លូវលេខ៥១៦ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រៀបរាប់ថា “កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បងប្រុសរបស់នាងខ្ញុំឈ្មោះ លី សុវណ្ណា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ពាក់ព័ន្ធករណីលួច កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ និងបានដកហូតម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ស ស៊េរីឆ្នាំ២០១១ ពាក់ផ្លាកលេខភ្នំពេញ 1GO-2191 ដែលបងប្រុសរបស់នាងខ្ញុំ បានខ្ចីយកទៅជិះដើរលេង “។
ស្ត្រីឈ្មោះ ឆាយ ម៉ីជូ អះអាងទៀតថា ដោយសារម៉ូតូនេះ ជាកម្មសិទ្ធិរបស់នាងខ្ញុំ មានឯកសារភ្ជាប់ នាងខ្ញុំបានទាក់ទងជួបលោក ប៊ុន សត្យា នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីស្នើសុំម៉ូតូទៅប្រើប្រាស់វិញ ស្រាប់តែឃើញម៉ូតូរបស់នាងខ្ញុំត្រូវបានគេប្តូរផ្លាកលេខ ពីផ្លាកលេខភ្នំពេញ 1GO-2191 ទៅផ្លាកលេខ នគរបាល 7181 ទៅវិញ ហើយថែមទាំងព្យាយាមមិនព្រមជួបនាងខ្ញុំទៀត ។ បន្ទាប់មក នាងខ្ញុំ ក៏បានសាកសួរទៅតុលាការ ។ ប៉ុន្តែខាងតុលាការបានប្រាប់ថា ម៉ូតូនេះ លោក ប៊ុន សត្យា មិនបានបញ្ជូនមកតុលាការទេ ។
ស្ត្រីរូបនេះ សុំឱ្យផ្តន្ទាទោសជនល្មើសតាមច្បាប់ សុំម៉ូតូមកវិញ និង ទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល ។
ពាក់ព័ន្ធករណីនេះ ពុំទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទេ ដោយសារលោកអះអាងថាកំពុងបំពេញបេសកកម្ម។
ប៉ុន្តែយោងតាមលិខិតមួយច្បាប់គោរពជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ហើយដាក់ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ មានហត្ថលេខារបស់ឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និង លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បញ្ជាក់ថា”ដោយបច្ចុប្បន្នការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ មានការខ្វះខាតនូវមធ្យោបាយជិះក្នុងការល្បាតបង្ការនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌក្នុងរាជធានីភ្នំពេញ ដូច្នេះខ្ញុំបាទស្នើសុំខ្ចីម៉ូតូខាងលើដើម្បីយកមកបម្រើឱ្យការងារជំនាញក្នុងការល្បាត បង្ការ និង បង្ក្រាបបទល្មើសព្រហ្មទណ្ឌក្នុងរាជធានីភ្នំពេញ ។
ការស្នើសុំនេះ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃើញ ឯកភាព អនុញ្ញាតជាបណ្ដោះអាសន្ន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ៕ ចេស្តា
...