ឥទ្ធិពលគ្រឿងញៀន ពង្វក់ចិត្តបុរសម្នាក់ ឈានដល់ដុតផ្ទះឆេះហ្មត់២ខ្នង (Video Inside)

ចែករំលែក៖

ខេត្តព្រះសីហនុ៖ គួរឲ្យហួសចិត្ត លាយឡំដោយក្តីសោកស្តាយ ខណៈបុរសម្នាក់ដោយសារតែឥទ្ធិពលគ្រឿង ញៀនរុំរិទ្ធជោកជាំ រហូតបាត់បង់ស្មារតីគ្រប់គ្រងខ្លួនមិនបាន និងតែងតែបង្ករឿងហេតុនៅក្នុងគ្រួសារជាប់ជាប្រចាំ ខណៈដែលឥទ្ទិពលថ្នាំញៀនធ្វើទុក្ខនៅក្នុងខ្លួន នេះបើតាមការអះអាងរបស់បងស្រីបង្កើតរបស់បុរសម្នាក់ដែលបង្កហិង្សាវាយដំប្រពន្ធ រួចដុតបំផ្លាញលំនៅដ្ឋានបងស្រីបង្កើត និងឆេះឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន២ ខ្នងថែមទៀត។

តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានឲ្យដឹងថា ហេតុការណ៍ដុតបំផ្លាញលំនៅដ្ឋានខាងលើបានកើតឡើងនៅវេលាម៉ោង០៥ និង០៥នាទីព្រឹក ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ បង្កឡើងដោយបុរសម្នាក់ឈ្មោះ ម៉ែន សីហា ហៅ(ផលូ)អាយុ២៥ឆ្នាំមានប្រពន្ធប្រកបរបរដើរម៉ាស្សាតាមឆ្នេរ រស់នៅជាមួយបងស្រីបង្កើតឈ្មោះ ម៉ែន សុីថា មានទីលំនៅក្រុម១៨ ភូមិ០៣ សង្កាត់លេខ០៤ក្រុង ខេត្តព្រះសីហនុ។

នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចខាងលើបានបញ្ជាក់ឲ្យដឹងថា នៅក្នុងហេតុការណ៍អគ្គិភ័យដុតបំផ្លាញផ្ទះបណ្តាលឲ្យរងការខូចខាតផ្ទះឈើលើថ្មក្រោមអស់ចំនួន០២ខ្នងទាំងស្រុងតែម្តង។ នៅពេលកើតហេតុបានរថយន្តបង្ការ និងពន្លត់អគ្គិភ័យទីបញ្ជាការកងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចេញអន្តរាគមន៍ក្នុងការបាញ់ទឹកពន្លត់មិនឲ្យឆ្លងរាលដាលដល់លំនៅដ្ឋានដែលនៅក្បែរកន្លែងកើតហេតុ។

តាមការរៀបរាប់របស់បងស្រីឈ្មោះម៉ែន សុីថា ត្រូវជាបងស្រីបង្កើតជនបង្កខាងលើបានរៀបរាប់ទាំងក្តីសោកស្តាយថាប្អូនប្រុសគាត់ជាអ្នកប្រើប្រាស់ថ្នាំញៀនជាច្រើនឆ្នាំមកហើយឲ្យតែពេលគេសុំលុយមិនបានតែងតែបង្ករឿងវាយដំប្រពន្ធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជារៀងរាល់លើក។

មុនកើតហេតុដោយសារតែរូបគេខ្ចីលុយពីអ្នកជិតខាងមិនបានក៍យកសម្រាមមកគរក្រោមផ្ទះរួចយកដែកកេះដុតគំនរសម្រាមឲ្យឆេះសន្ធោរសន្ធៅឡើងឃើញដូចនេះអ្នកជិតខាងបានភ្ញាក់ផ្អើលនាំគ្នាទៅជួយពន្លត់តែត្រូវបុរសខាងលើយកដុំថ្មដេញគប់មិនឲ្យពន្លត់ភ្លើងដែលកំពុងតែចាប់ផ្តើមឆេះ។

បន្ទាប់ពីអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើងបុរសញៀនថ្នាំខាងលើបានរត់គេចខ្លួនបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ចឡើយ។នៅក្នុងហេតុការណ៍ខាងលើមិនបណ្តាលឲ្យរងគ្រោះថ្នាក់ឬបាត់បង់ដល់អាយុជីវិតមនុស្សទេ។បច្ច្ប្បន្នសមត្ថកិច្ចកំពុងតាមស្វែងរកបុរសជាជនបង្កខាងលើដើម្បីយកមកផ្តន្ទាទោសទៅតាមនិតិវិធីច្បាប់។

ប្រជាពលរដ្ឋបានឲ្យដឹងឡើងវិញដែរថា កន្លងមកលោកឧត្តមសេនីយ៍ត្រីស៊ុន សុផាត ស្នងការរងទទួលកិច្ចការការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុតែងតែដឹកនាំក្នុងកិច្ចការបង្ការ និងបង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់ ប៉ុន្តែប្រជាពលរដ្ឋបានធ្វើការរិះគន់ថា ជាសកម្មភាពគោះទឹកបង្អើលត្រីវាយព្រៃបង្អើលពស់តែប៉ុណ្ណោះដោយហេតុថានៅតែមានអ្នកប្រើប្រាស់ថ្នាំញៀនដូចបុរសខាងលើជាដើម៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print