អគ្គស្នងការដ្ឋាននគរបាលជាតិ បើកសន្និបាតប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានរៀបចំពិធីសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨របស់ខ្លួន ដែលទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង ព្រមទាំងមានការចូលរួមពីសំណាក់ប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់។

ពិធីសន្និបាតនេះបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៍៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅឯសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ បានឲ្យដឹងថា ឆ្នាំ២០១៧​សភាពការណ៍សន្តិសុខពិភពលោកមានការប្រែប្រួលស្មុគស្មាញ បង្កឲ្យមានការព្រួយបារម្ម និងភាពតានតឹងក្តៅគគុក អាស្រ័យដោយភាពរឹងរូសរបស់កូរ៉េខាងជើងក្នុងការបាញ់សាកល្បងអាវុធមីស៊ីលឆ្លងទ្វីប និងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង។ ទន្ទឹមនឹងមានការលេចឡើងនូវស្ថានភាពប្រឈមថ្មី ក្នុងពេលដែលការប្រឈមចាស់មិនទាន់ត្រូវបានដោះស្រាយនៅឡើយ ដោយសារតែយុទ្ធសាស្ត្រដណ្តើមឧត្តមភាពយោធា នយោបាយសេដ្ឋកិច្ចរវាងប្រទេសមហាអំណាច ជម្លោះបូរណ​ភាពទឹកដី បញ្ហាជាតិសាសន៍ សាសនា ចលនាទាមទារបំបែករដ្ឋ ការវាយប្រហារដោយអំពើភេវរកម្ម​១.៤០៦លើក លើ៥៦ប្រទេស សកម្មភាពពួកISIS និងវិបតិ្តជនភៀសខ្លួនដែលជាផលវិបាក នៃសង្គ្រាម។ រីឯសភាពការណ៍ក្នុងតំបន់ ក៏លេចឡើងនូវការធ្វើសកម្មភាពប្រឆាំងដើម្បីទាមទារបង្កើតរដ្ឋឯករាជ្យនៅប្រទេសហ្វីលីពីន និងភូមា ដែលនាំទៅដល់ការចាត់វិធានការយោធាបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ពីសំណាក់ភាគីរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ឯក ប្រធានសេនាធិការអគ្គស្នងការរងនគរបាលជាតិបានអានរបាយការណ៍បន្តថា ក្នុងឆ្នាំកន្លងទៅ សភាពសន្តិសុខនៅកម្ពុជា លេចធ្លោគួរឲ្យកត់សម្គាល់គឺ ឧបាយកលប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់របស់​គណបក្សប្រឆាំងដែលមានការឃុបឃិតជាមួយជនបរទេស ការរីកសាយនៃការប្រើប្រាស់បណ្តាញទំនាក់ទំនង​សង្គមបំរើសកម្មភាពល្មើសប៉ះពាល់ដល់សន្តិសុខ និងការប្រើប្រព័ន្ធទូរគមនាគមន៍ដើម្បីធ្វសកម្មភាពជំរិតទារប្រាក់ និងសកម្មភាពភ្នាល់ល្បែងតាមអនឡាញខុសច្បាប់។ ប៉ុន្តែក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងការទទួលខុសត្រូវរបស់មុខរដ្ឋាភិបាល និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ឧបាយកលនេះត្រូវបានទប់ស្កាត់ និងបំផ្លាញ​តាមរយៈការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដែលនាំដល់ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ និងគណបក្សនេះត្រូវបានរំលាយដោយតុលាការកំពូល ហើយថ្នាក់ដឹកនាំគណបក្សនេះ១១៨រូប ត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។

ពាក់ព័ន្ធ និងសភាពការណ៍បទល្មើស និងកិច្ចប្រតិបតិ្តការ របាយការណ៍បានឲ្យដឹងដែរថា បទល្មើសព្រហ្មទណ្ឌមានការធូរស្រាលមួយកម្រិត អាស្រ័យដោយបទល្មើសសំខាន់ៗមួយចំនួនមានការថយចុះពិសេសបទល្មើសលួចមានស្ថានទម្ងន់ទោស រំលោភសេពសន្ធវៈ មនុស្សឃាដអចេតនា និងឆបោក ប៉ុន្តែនៅមានការប្រឈមគួរឲ្យកត់សម្គាល់ ចំពោះកំណើននៃបទល្មើសឃាដកម្ម អំពើហឹង្សាដោយចេតនា និងអំពើឆក់ លួចដែលបានបង្កមហន្តរាយច្រើនបង្គួរដល់អាយុជីវិត និងរាយកាយមនុស្ស ធ្វើឲ្យជះឥទិ្ធពលប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម និងប្រសិទិ្ធភាពរក្សាសុវតិ្ថភាពសង្គម។

ជាមួយនោះបញ្ហាគ្រឿងញៀន ទោះបីមានការថមថយខ្លះដោយយុទ្ធនាការបានបង្ក្រាបខ្លាំង ប៉ុន្តែនៅតែជាការព្រួយបារម្ភនៅឡើយ បញ្ហាជួញដូរមនុស្សបានលេចឡើងសកម្មភាពជួលឲ្យពរពោះជំនួស និងការជួញដូរសរីរាង្គ។ ក្រៅពីសកម្មភាពក្មេងទំនើងបង្កហឹង្សា និងសកម្មភាពបទល្មើសសេដ្ឋកិច្ច ទាក់ទងនឹងការលួចលាក់ផលិតនាំចូលទំនិញ និងម្ហូបអាហារក្លែងក្លាយ​ ខូចគុណភាព ឬមានសារធាតុគីមី កំពុងក្លាយជាប្រធានបទដែលត្រូវយកចិត្តទុកដាក់។

ជាមួយនឹងការសន្និដ្ឋាន និងវាយតម្លៃបានបញ្ជាក់បន្ថែមឲ្យដឹងដែរថា ឆ្នាំ២០១៧កន្លងទៅនេះ ទោះបីសភាពការណ៍សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ មានបញ្ហាប្រឈមមួយចំនួនលេចឡើងស្មុគស្មាញ ជាពិសេសឧបាយកលទុច្ចរឹតរបស់ពួកប្រឆាំង បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍។ល។ ក៏កងកម្លាំងនគរបាលជាតិនៅតែឈរជាស្នូលយ៉ាងរឹងមាំ ក្នុងធានារសេចក្តីសុខក្សេមក្សាន្ត និងរបៀបរៀបរយជូនសង្គមជាតិ ជាពិសេសបានបង្ការ ទប់ស្កាត់នូវការប៉ុនប៉ងធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់បាននូវអំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការពារពិធីបុណ្យតូចធំ គណៈប្រតិភូជាតិ អន្តរជាតិ ក៏ដូចជាបណ្តាគោល​ដៅនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវតិ្ថភាពទាំងស្រុង។ បានបន្តទំនាក់ទំនងសហ​ការល្អរក្សាបានតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបតិ្តការ និងការអភិវឌ្ឍ។ បានធ្វើឲ្យបទល្មើសឧក្រិដ្ឋ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់អគ្គីភ័យមានការថយចុះគួរឲ្យកត់​សម្គាល់។

ទន្ទឹមនោះក៏បានជម្រុញការងារកំណែទម្រង់កងជួរឲ្យបោះជំហានទៅមុខមួយកម្រិតទៀត ទាំងការលើកកម្ពស់សមត្ថភាពប្រតិបតិ្តការជំនាញគ្រប់ផ្នែក ការទទួលខុសត្រូវក្នុងភារកិច្ចដែលបានប្រគល់ជូន ការចុះជាប់ផ្តល់សេវាចាំបាច់នានាដល់ខ្នងផ្ទះដែលត្រូវបានទទួលការកោតសសើរ គាំទ្រច្រើនជាងមុនពីគ្រប់មជ្ឈដ្ឋាន ប្រជាពលរដ្ឋផ្តល់ជំនឿចិត្តកក់ក្តៅ និងមានការចូលរួមសហការផងដែរ។ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនត្រូវយកចិត្តទុកដាក់បន្ត ជាពិសេសបទល្មើសព្រហ្មទណ្ឌ ទោះបីបទឧក្រិដ្ឋមានការថយចុះប៉ុន្តែចំនួននៅខ្ពស់នៅឡើយ បទល្មើសគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែមានហានីភ័យចំពោះសង្គមជាតិ ជាមួយនោះស្មារតីទទួលខុសត្រូវចំពោះភារកិច្ច និងគុណធម៌ក្នុងការបំរើប្រជាជន គឺជាវិញ្ញាសារដ៏សំខាន់ចាំបាច់សម្រាប់ឆ្នាំខាងមុខ។

ក្នុងនោះផងដែរ នៅក្នុងពិធីសន្និបាតក៏មានការប្រកាសអនុក្រិត្យតែងតាំងនាយឧត្តមសេនីយ៍ឯក ឌី វិជ្ជា​ ជាអគ្គស្នងការរងនគរបាលជាតិ ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print