ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងខ្លាំង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្បែរផ្លូវបេតុង ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ផ្ទះដែលទទួលរងគ្រោះអគ្គីភ័យឆាបឆេះមានទំហំ(ទទឹង៦ម៉ែត្រគុណនឹងបណ្ដោយ៩ម៉ែត្រ) សង់អំពីឈើលើ និងថ្មក្រោម ។ ចំណែកសម្ភារៈនៅក្នុងផ្ទះមួយចំនួនត្រូវឆេះទាំងស្រុង ។
បើតាមការបំភ្លឺរបស់ជនរងគ្រោះជាម្ចាស់ផ្ទះដែលជួលគេជាលក្ខណៈគ្រួសារ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់ទាំងអស់គ្នាក្នុងគ្រួសារគឺពុំមាននរណាម្នាក់នៅផ្ទះទេ ដោយជាប់រវល់ទៅរកស៊ីនៅខាងក្រៅ លុះមកដល់វេលាកើតហេតុស្រាប់តែទទួលព័ត៌មានពីប្រជាពលរដ្ឋជិតខាងថា ផ្ទះរបស់ពួកគាត់ត្រូវបានអគ្គីភ័យឆាបឆេះ ភ្លាមនោះពួកគាត់ក៏ត្រឡប់មករួមទាំងសមត្ថកិច្ចជួយអន្ដរាគមន៍ពន្លត់ តែដោយភ្លើងឆេះខ្លាំងនិងផ្លូវចូលផ្ទះតូចពេកទើបជួយមិនទាន់ក៏ត្រូវបាត់បង់ផ្ទះមួយខ្នងនិងទ្រព្យសម្បត្ដិមួយចំនួនផងដែរ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីអគ្គីភ័យខាងលើនេះ គឺត្រូវបានសង្ស័យថា បណ្ដាលមកពីទុស្សេខ្សែភ្លើងអគ្គិសនីនៅក្នុងផ្ទះ ខណៈដែលម្ចាស់ផ្ទះចេញទៅធ្វើការខាងក្រៅពុំបានមើលគ្រប់ជ្រុងជ្រោយ ឬបិតបារ៉ែតភ្លើងនោះទេ ទើបបានជាមានភ្លើងឆេះផ្ទះយ៉ាងដូច្នេះ ។
យ៉ាងណាមិញនោះអគ្គីភ័យដែលឆាបឆេះផ្ទះមួយខ្នងទាំងស្រុងត្រូវបានបាញ់ពន្លត់ទៅវិញនៅវេលាម៉ោង២និង៣០នាទី ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញចំនួន៦រថយន្ដ តែបាញ់បានតែ២រថយន្ដត្រូវរលត់ទៅទាំងស្រុង ៕ ដោយ៖ភារ៉ា ដង្កោ