ភ្នំពេញ ៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានទទួលនូវការសរសើរសម្រាប់ការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជា ។ ការទទួលនេះធ្វើឡើងកាលពីចុង ខែ មករា អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman បានឡើងទទួលលិខិតសរសើរពី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
មូលនិធិ ព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍ថ្នាក់តំបន់របស់សាជីវកម្មព្រូដិនសលអាស៊ី និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានសម្ពោធគម្រោងជំហានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងព្រឹត្តិការណ៍ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានរៀបចំនៅខេត្តព្រៃវែង ក្នុងប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំមុន។ បន្ទាប់ពីការសម្ពោធដោយជោគជ័យ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានអនុវត្តកម្មវិធីនេះបន្ថែមទៀតនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយបានលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពនៅតាមដងផ្លូវ ដល់ប្រជាពលរដ្ឋទូទៅ តាមរយៈការចែកផ្សព្វផ្សាយឯកសារអប់រំនៅក្នុងខេត្តទាំងពីរនោះ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ “ខ្ញុំសូមអបអរសាទរ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ទំនិញ សិស្ស និស្សិត វិស័យឯកជន និង អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាការឧបត្ថម្ភគាំទ្រដល់វិស័យសុវត្ថិភាពចរាចរណ៍ រួមចំណែកក្នុងការទប់ស្កាត់កំណើនគ្រោះថ្នាក់ និងភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ”កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងតំបន់ ដែលមានបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងតំបន់អាស៊ី។ នៅកម្ពុជា កម្មវិធីនេះត្រូវបានសម្ពោធឲ្យអនុវត្ត ដោយចាប់ដៃគូសហការជាមួយអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហៅកាត់ថា CRY និងមានការគាំទ្រពីស្ថាប័នក្នុងស្រុកនានាដែលធ្វើការងារពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដូចជា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC) និង កាកបាទក្រហមកម្ពុជា (CRC)ជាដើម។
អគ្គនាយក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman បានមានប្រសាសន៍ថា៖ “ពួកយើងមានមោទនភាពណាស់ចំពោះការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងក្នុងការបម្រើប្រជាជនកម្ពុជាគ្រប់រូប ហើយពួកយើងសូមថ្លែងអំណរគុណចំពោះការទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការខិតខំប្រឹងប្រែងរបស់ពួកយើងក្នុងការចូលរួមគាំទ្រដល់សហគមន៍មូលដ្ឋាននានា តាមរយៈការអនុវត្តនូវគំនិតផ្តួចផ្តើមផ្សេងៗដែលមានភាពវិជ្ជមាន និងប្រកបដោយអត្ថន័យ ដូចជាកម្មវិធី វិធានការសុវត្ថិភាព នេះជាដើម។”
ចាប់តាំងពីការបង្កើតនៅក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនព្រូដិនសលបានផ្តល់ផលិតផល និងសេវាធានារ៉ាប់រងអាយុជីវិតទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនតែងបង្ហាញឲ្យឃើញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាហិរញ្ញវត្ថុ និងការការពារដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាការជួយដល់សហគមន៍នានាទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជាច្រើន ដែលផ្តោតលើសុវត្ថិភាពចរាចរណ៍ផ្លូវគោក សុវត្ថិភាពសាលារៀន ការអប់រំ ក៏ដូចជាវិស័យសុខភាព និងសុខុមាលភាពផងដែរ៕
ដោយ វឌ្ឍនា