ខេត្តកំពង់ស្ពឺ ៖ គោយន្តដឹកឈើដុលធំៗ ជាច្រើនគ្រឿងត្រូវបាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចបង្ក្រាបនិងឃាត់បាន ជាច្រើនគ្រឿងបន្ទាប់ពីគោយន្តទាំងនេះ ដឹកឈើដុលចេញពីដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ហើយដឹកបន្តទៅលក់ឲ្យឈ្មួញ កណ្តាលម្នាក់នៅស្រុកថ្ពង។ក្រោយឃាត់បានសមត្ថកិច្ចដកហូតឈើនេះហើយ បានធ្វើកិច្ចសន្យាបញ្ឈប់ឲ្យមានសកម្ម ភាពបែបនេះទៀតទើប ប្រគល់គោយន្ត ឲ្យយកទៅប្រកបការងារស្រែចម្ការ និង កសិកម្មវិញ ។
បើតាមប្រភពពីមន្ត្រីនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺបានប្រាប់នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.១៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា” ការឃាត់ក្រុម អ្នកដឹកឈើនេះធ្វើឡើងកាលពីថ្ងៃអង្គារ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមុខអធិការដ្ឋាននគរបាលស្រុកថ្ពងតែម្តង ។
ប្រភពដដែលបន្តថាប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហ ការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង ដឹកនាំដោយវរសេនីយិ៍ទោ ពីង ពៅ នាយការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត ។
ប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់គោយន្តដឹកឈើដុលចំនួន៦គ្រឿង ស្មើនឹងឈើ៥៧ដុលដែលម្ចាស់មានឈ្មោះដូចខាងក្រោម ៖
១. ឈ្មោះ ភី សុភ័ណ្ឌ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិត្រពាំងក្រើញ ឃុំប្រាំ បីម៉ុម ស្រុកថ្ពង ។ ២. ឈ្មោះ ខា យក្ស ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ។
៣. ឈ្មោះ នូវ ម៉េង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងក្រើញ ឃុំប្រាំបី មុម ស្រុកថ្ពង ។
គោយន្តទាំង៣គ្រឿងខាងលើនេះបានដឹកឈើចេញពីព្រំប្រទល់ខេត្តកំពង់ស្ពឺនិងខេត្តពោធិ៍សាត់ តាមច្រកអូរត្រាវចេញ តាមផ្លូវក្រុមហ៑ុនអេចអិលអេចឆ្ពោះមក ស្ពានដែកសំដៅផ្ទះរៀងៗខ្លួន ។
៤. ឈ្មោះ ផាត ភ័ស ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធ សាមគ្គី ស្រុកឧដុង្គ ។
៥. ឈ្មោះ ផាត់ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ។
៦. ឈ្មោះ ឃិន វី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ។
គោយន្តទាំង៣ខាងលើនេះបានដឹកឈើចេញពីភ្នំឪរ៉ាល់ តាមច្រកភូមិស្រែ កិន ល្ងឹមហើយ ចេញមកស្ពានដែក ។
គោយន្តទាំងអស់ដឹកឈើដុលប្រភេទឈើចាប់ឆាយ(ឈើទាល, ពពេល, ផ្ចឹក, គគីរ, ខ្វាវ) សរុបឈើចំនួន ៥៧ដុល ។
នៅព្រឹកថ្ងៃទី៧កុម្ភៈ២០១៨នេះដែរក្រោយបំពេញបែបបទនិងកិច្ចសន្យាហើយសមត្ថកិច្ច បានប្រគល់គោយន្តឲ្យទៅម្ចាស់វិញរៀងៗខ្លួនដោយដកហូតឈើប្រគល់ ឲ្យខាងរដ្ឋបាលព្រៃឈើរក្សាទុកជាសម្បត្តិរដ្ឋ។
ប្រភពបានបញ្ជាក់ថា ការអនុគ្រោះនេះធ្វើឡើងបន្ទាប់ពីលោកអភិបាលស្រុកថ្ពងបានស្នើសុំទៅថ្នាក់ដឹកនាំខេត្តដើម្បីសុំការអនុគ្រោះប្រគល់គោយន្តទៅឲ្យម្ចាស់យកទៅប្រើប្រាស់វិញ។
ក្រុមម្ចាស់គោយន្តក្រោយទទួលបានការអនុគ្រោះពីសំណាក់ថ្នាក់ដឹកនាំខេត្តរួចមកក៏បាននាំគ្នាថ្លែងអំណរគុណដល់លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺដែលបានផ្តល់ក្តីអនុគ្រោះដល់ពួកគាត់ជាពលរដ្ឋក្រីក្រនិងល្ងិតល្ងង់។ ជាងនេះទៅទៀតពួកគាត់សន្យាថាឈប់ចូលព្រៃទៅកាប់ឈើខុស ច្បាប់ទៀតហើយ និងបាន សន្យាថាមិនចាញ់បោកការឃោសនា របស់ក្រុមជនអគតិ ដែលបានបំផុស បំផុលប្រជាពលរដ្ឋឲ្យកាប់បំផ្លាញឈើទៀតទេ ។
បើតាមម្ចាស់គោយន្តមួយរូបក្នុង ចំណោម ច្រើនរូបខាងលើរៀបរាប់ថាពួកគាត់ចូលទៅកាប់ឈើនៅភ្នំឱរ៉ាល់ដោយចំណាយពេលកន្លះខែហើយការចូលទៅកាប់នេះទៀតសោតពួកគាត់ត្រូវបង់ លុយទៅឲ្យ មន្ត្រីបរិស្ថាននិងមន្ត្រីយោធាព្រមទាំងអ្នកកាសែតនិងទូរទស្សន៍មួយ ចំនួនទៀតដែលប្រចាំការតាមគោលដៅនីមួយៗចំនួន៥០ម៉ឺនរៀលទើបអាចធ្វើសកម្មកាប់ឈើបាន។ ពួកគាត់មិនបានបញ្ជាក់ឈ្មោះមន្ត្រីទាំងនោះទេគ្រាន់តែដឹងថាជាមន្ត្រីបរិស្ថានដែលប្រចាំការនៅអូរត្រាវនិងក្រុមហ៊ុនអេចអិលអេចស្រែ កិននិងល្ងឹមគ្រប់ស្នាក់ការទាំងអស់។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុម អ្នកដឹកឈើថាបានបង់លុយឲ្យមន្ត្រី បរិស្ថានដែលប្រចាំការនៅតាមស្នាក់ការក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខាងលើភ្នាក់ងារកាសែតនគរវត្តមិនអាចសុំការ ពន្យល់បកស្រាយពីលោក ខន សុខុន នាយកដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់បាន ឡើយ ៕ សេនាស័ក្តិ