ភ្នំពេញៈ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានហាមមិនឲ្យដុតផាវ កាំជ្រូច ឬបង្កសំឡេងផ្ទុះ លេងល្បែងស៊ីសងគ្រប់ប្រភេទ និងដុតក្រដាសនៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ។ បើជនណានៅតែបំពានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិ ភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ ។
លោក ម៉េត មាសភក្តី បន្តថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្កការក្រៅរដ្ឋាភិបាល និងសាធារណៈជនក្នុងរាជធានីភ្នំពេញ ព្រមទាំងបានដាក់ចេញ នូវបំរាមមួយចំនួន គឺមិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះ មិនឲ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៊ីសង និងរាល់ការហែក្បួនផ្សេងៗ តាមបែបសាសនា ឬក៏ប្រពៃណី ដែលគ្មានការអនុញ្ញាត ត្រូវហាមឃាត់។មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន ក្នុងកាអុជទៀន ធូប ក្រដាសសែន ភ្លើងចង្ក្រាន អគ្គិសនី ដែលអាចបង្កឲ្យមានអគ្គីភ័យកើតឡើងជាយថាហេតុ។
អាជ្ញាធររាជធានីភ្នំពេញ សូមណែនាំរាល់ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតការដុតនៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ ហើយចាប់ពីពេលនេះទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នឹងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត មិនឲ្យមានការនាំចូលផាវ កាំជ្រួចគ្រប់ប្រភេទ នៅតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញផងដែរ។
ជាមួយគ្នានេះដែរអាជ្ញាធរ រាជធានីភ្នំពេញ នឹងណែនាំទៅមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ឲ្យអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយខ្លឹមសារខាងលើនេះឲ្យបានទូលំទូលាយ។ ដោយឡែក ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឲ្យបានម៉ឺងម៉ាត់ដល់កងកម្លាំងរបស់ខ្លួន ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាពផងដែរ។
លោកមាស ភក្តី បានបញ្ជាក់ថា បើជនណាបំពានទៅនឹងបំរាមនេះ ឬប្រព្រឹត្តល្មើស ដែលបង្កឲ្យមានចលាចលក្នុងសង្គម ព្រមទាំងធ្វើឲ្យបាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមានតែម្តង ៕ ប្រាថ្នា