ភ្នំពេញ៖ អតីតប្រុសស្អាតFreshie Boy ឆ្នាំ២០១១ អ៊ុក សុភឬទ្ធនឹងចូលរោងការជាមួយនារីស្រស់សោភាមកពីខេត្តសៀមរាបម្នាក់នៅចុងសប្តាហ៍នេះហើយបន្ទាប់ពីស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំមកហើយ។
លោកអ៊ុក សុភឬទ្ធបានបញ្ជាក់ថា លោកនឹងរៀបមង្គលការនៅថ្ងៃទី១០ខែកុម្ភៈនេះដោយរៀបចំទទួលភ្ញៀវនៅវិមានពិភពថ្មីសែនសុខ។ លោកបញ្ជាក់ថាអនាគតភរិយាលោកឈ្មោះហូវ ស៊ីចាន់ ជាបុគ្គលិកក្រុមហ៊ុនCellcard មិនមែនជាអ្នកសិល្បៈនោះទេ។ លោកថាពួកលោកបានស្គាល់គ្នានិងស្វែងយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំមុនពេលសម្រេចចិត្តចូលរោងការនេះ។ ក្នុងកម្មវីធីមង្គលការនេះដែរលោកក៏បានអញ្ជើញអ្នកសិល្បៈជិតដិតជាច្រើនចូលរួមផងដែរ។ តារាសម្តែងវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថា ក្រោយរៀបការរួចលោកនៅតែបន្តការងារសិល្បៈដដែលគឺមិនបោះបង់ការងារសិល្បៈចោលនោះទេ។ លោកថានៅតែបន្តការងារសិល្បៈដដែល ប៉ុន្តែលោកក៏កំពុងសំឡឹងរកមើលអាជីពបន្ថែមពីសិល្បៈដែរដើម្បីទ្រទ្រង់ និងផ្គត់ផ្គង់ជីវភាពគ្រួសារ។
គួរបញ្ជាក់ដែរថា អ៊ុក សុភឬទ្ធត្រូវបានគេស្គាល់ច្រើនតាមរយៈស្នាដៃសម្តែងភាពយន្តមានដូចជា រឿង«សង្សារខ្ញុំអាប»រឿង«វិញ្ញាណលោកម្ចាស់ក្រញូង»រឿង«ក្រមុំ៣១កំលោះ៥២»រឿង«ចាំតែខ្លាចតើ!» រឿង«កំណត់ហេតុនាងនាថ»រឿង«បណ្តឹងស្រីទាំង៥»ជាដើម៕
ដោយ វឌ្ឍនា