ភ្នំពេញ ៖ ចាប់ពី០ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ ចំពោះរថយន្តតទ្រុង និងកាត់តកែច្នៃ ទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ទាំងចៅ ហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ ព្រោះឡានកែច្នៃកាត់តទាំងនេះគឺអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជនរួមជាតិអាចចូលមកផ្ញើសារ (Comment) ចូលក្នុង Facebook ខ្ញុំ។ ពេលនេះខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំងនោះមិនអនុវត្តន៍។
ចំពោះរថយន្តដឹកជញ្ជូនលើសទំងន់ក្នុងប្រទេសកម្ពុជាទាំងអស់ គឺក្រសួងមន្ទីរពាក់ព័ន្ឋនានាត្រូវជួបប្រជុំជាមួយម្ចាស់ឬតំណាងក្រុមហ៊ុនធ្វើការពន្យល់ណែនាំអោយបានច្បាស់អំពីច្បាប់ចរាចរណ៍ និងការដឹកជញ្ជូន និងផ្ទុកទំនិញ លើសទម្ងន់ ដែលអាចបង្កផលប៉ះពាល់ដល់ការខូចខាតផ្លូវថ្នល់ និង ស្ពាន ព្រមទាំងអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋធ្វើដំណើរ។
បើក្រុមហ៊ុនណាមិនគោរពតាមច្បាប់ គឺត្រូវចាប់រថយន្តនោះទុក ហើយនឹងអាចឈានទៅបិទក្រុមហ៊ុននោះតែម្តង។ យើងត្រូវនិយាគ្នាអោយច្បាស់អំពីរឿងហ្នឹង៕