ខេត្តប៉ៃលិន: សិស្សស្រីរៀននៅអនុវិទ្យាល័យសន្តិភាព ក្នុងភូមិអូបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន៦នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ក្នុងថ្នាក់រៀន ហើយត្រូវបានលោកគ្រូអ្នកគ្រូដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃ សុក្រ ៩ រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅក្នុងអនុវិទ្យាល័យខាងលើ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងដែលដួលសន្លប់ខាងលើនេះ ទី១ ឈ្មោះរឹទ្ធ សោភា ភេទស្រី អាយុ១៣ឆ្នាំ ,ទី២ឈ្មោះ ភណ្ឌ័ ស្រីពេជ្រ អាយុ១៤ឆ្នាំ ,ទី៣ឈ្មោះ ចែម ស្រី លាវ ភេទស្រី អាយុ១២ឆ្នាំ , ទី៤ឈ្មោះ ឌឿន ស្រីដែន ភេទស្រី , ទី៥ឈ្មោះ ព្រាម ផាននី ភេទស្រី អាយុ១៣ឆ្នាំ និងទី៦ឈ្មោះ ភី ចាន់ថន ភេទស្រី អាយុ ១៣ឆ្នាំ។
តាមការសាកសួរ ក្មេងៗទាំងនោះបានប្រាប់សមត្ថកិច្ចថា ដោយសារប៉ុន្មានថ្ងៃមកនេះមានពាក្យចចាមអារ៉ាមថានៅសាលារៀននេះមានខ្មោចស្រីសក់វែងអន្លាយ ពាក់អាវស សំពត់ស តែងតែមកហៅក្មេងសិស្សសាលាឲ្យទៅនៅជាមួយ ជាហេតុធ្វើឲ្យក្មេងទាំងនោះមានការភិតភ័យតគ្នា ទើបនាំគ្នាដួលសន្លប់បែបនេះ ។
យ៉ាងណានេះគ្រាន់តែជាអបិយជំនឿមួយមិនសមហេតុផលទាល់សោះ គ្រាដែលគ្រូពេទ្យ អះអាងថា ក្មេងស្រីជាជនរងគ្រោះទាំងនេះ ហូបចុកមិនសូវគ្រប់គ្រាន់ គួបផ្សំនឹងកម្លាំងកំហែង មិនសូវបរិបូរណ៌ផងនោះធ្វើឲ្យពួកនាងខ្សោយក៏ដួលសន្លប់ទៅ ។ គ្រូពេទ្យបានប្រាប់ថា ក្មេងស្រីរងគ្រោះ ត្រូវបានព្យាបាលតាមជំនាញឲ្យស្រួលខ្លួននិងបានវិលត្រឡប់ទៅផ្ទះ វិញអស់ហើយ ៕ សហការី