លិខិតមិត្តអ្នកអានៈ បំផ្លាញភ្នំឈើកាច់ចង់រលាយហើយ មកបំផ្លាញតាមជម្រាលភ្នំរកស្មៅឲ្យគោស៊ី លែងបានទៀត

ចែករំលែក៖

ការិយាល័យនិពន្ធកាសែតនគរវត្ត បានទទួលទូរស័ព្ទពីប្រជាពលរដ្ឋច្រើននាក់ រស់នៅ​ឃុំ ជើងភ្នំ ស្រុកបាភ្នំខេត្តព្រៃវែង ដោយសុំឲ្យជួយចុះផ្សាយនិងជូនដំណឹងឲ្យអាជ្ញាធរ ដែនដី​មេត្តាជួយគិតគូរដល់ប្រជាកសិករ និងអ្នកក្រីក្ររស់នៅជើងភ្នំឈើកាច់ផង ព្រោះសព្វ ថ្ងៃនេះ​មាន​ក្រុមហ៊ុនឯកជនមួយ កំពុងគាស់កាយរុករានយកដី ថ្ម និងរ៉ែក្រោមដី រាប់សិប​ហិកតាធ្វើ​ឲ្យ​គ្មានកន្លែងដាំដំណាំ និងរកស្មៅឲ្យគោស៊ីមិនបានទេ ។
​ប្រជាពលរដ្ឋទាំងនោះបានប្រាប់ថា កាលដើមឡើយ ដីរាប់រយហិកតា នៅជម្រាលភ្នំ ឈើកាច់ ក្នុងឃុំ ជើងភ្នំ នេះ ប្រជាពលរដ្ឋអាចដាំដំឡូងមី ឬដំណាំកសិផលគ្រាន់ដោះស្រាយ ជីវភាពបានខ្លះ ជាពិសេសនៅវាលធំធេងមានស្មៅដុះអាចលែងគោ ក្របី ឲ្យស៊ីស្មៅបាន ។ ប៉ុន្តែ មកដល់ឥឡូវនេះ មិនដឹងជាអាជ្ញាធរដែនដី ឃុបឃិតជាមួយក្រុមហ៊ុនឯកជនយ៉ាងណា នោះទេ បានជានៅជម្រាលជើងភ្នំមួយនេះ ត្រូវគេគាស់កាយ រុករាន ជីកយកថ្ម និងរ៉ែ នៅក្រោមដី ធ្វើ ឲ្យក្រហេងក្រហូង ក្លាយជាជង្ហុកធំៗ មានដក់ទឹកពេលភ្លៀងម្តងៗ ហើយ អ្វីដែលប្រជាពលរដ្ឋនិយាយលែងចេញនោះ គឺនៅទីនោះលែងដាំដំណាំកសិផលគួបផ្សំបាន ដូចជាដំឡូងមី ពោត សណ្តែក និងលែងមានស្មៅដុះសម្រាប់គោ ក្របី ស៊ីដូចពីមុនទៀត​ហើយ ។
​ប្រជាពលរដ្ឋច្រើនគ្រួសារ បានសំណូមពរដល់អាជ្ញាធរ ឃុំ ស្រុក និង ខេត្ត មេត្តា​ជួយគិតគូរ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្លះផង កុំមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន របស់បុគ្គល(ក្រុមហ៊ុនឯកជន) ហើយមកបំផ្លាញសម្បត្តិរួម សម្បត្តិប្រជាពលរដ្ឋដល់ឫសគល់ បែបនេះមិនសមទេ ។ ម្យ៉ាងទៀតត្រូវមើលពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់ដោយពឹង ផ្អែកចិញ្ចឹមគោក្របីឲ្យស្មៅស៊ី និងដាំដំណាំគួបផ្សំបន្តិចបន្តួច តាមជម្រាលជើងភ្នំឈើកាច់​នេះ។
​ពួកគាត់បានត្អូញត្អែរថា « ថាភ្នំឈើកាច់ទៅចុះ ក្រុមហ៊ុនឯកជនវាយយកថ្មទៅលក់ ធ្វើមាន ធ្វើបានចង់អស់មួយចំហៀងទៅហើយ ចុះនៅជម្រាលជើងភ្នំនេះ ហេតុអីគេតាម​បំផ្លាញរកស្មៅមួយសរសៃឲ្យគោក្របីស៊ីលែងបាន ? » ៕

...

ដោយ៖ ប្រជាពលរដ្ឋឃុំ ជើងភ្នំ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print