ប្រទេសកូរ៉េទាំងពីរពិតជាមានឆន្ទៈនៅក្នុង ការផ្សះផ្សាគ្នា បើគ្មានការលូកដៃពីប្រទេសទី៣

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា កូរ៉េខាងជើង ពិតជាមានបំណងចង់ផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ទើប បញ្ជូនប្រធានសភា ជាន់ខ្ពស់របស់ខ្លួន និង ប្អូនស្រីបង្កើតដែលមេដឹកនាំគីម ជុងអ៊ុន ទុកចិត្តបំផុតទៅកាន់កូរ៉េខាងត្បូង ។ ប្រសិនបើគ្រាន់តែជាការប្រកួតកីឡាតែមួយមុខ កូរ៉េខាងជើងមិនចាំបាច់បញ្ជូនមន្ត្រីជាន់ ខ្ពស់ទៅចូលរួមឡើយ។

ឆ្លើយតបទៅនឹងចេតនាល្អរបស់កូរ៉េខាងជើង ដែលបានបញ្ជូនមន្រ្តីជាន់ខ្ពស់ មក ចូលរួមនោះភាគីកូរ៉េខាងត្បូងក៏មិនធ្វើឲ្យ កូរ៉េខាងជើងខកចិត្តនោះដែរ ដោយប្រធា នាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងជួបជាមួយគណៈប្រតិភូកូរ៉េខាងជើង ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក Pyeongchang នាសប្តាហ៍នេះ ។
អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូង លោក Cheong Wa Dae បាន បញ្ជាក់ថា ជំនួបនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ហើយ លោកប្រធានាធិបតីគ្រោងនឹងធ្វើកិច្ចជំនួបព្រមទាំង បរិភោគអាហារ រួមគ្នាជាមួយគណៈប្រតិភូកូរ៉េខាងជើងថែមទៀតផង។

សូមជម្រាបថា មន្ត្រីប្រតិភូកូរ៉េខាងជើង គ្រោងនឹងធ្វើដំណើរមកកាន់ប្រទេស កូរ៉េ ខាងត្បូងនៅថ្ងៃសុក្រនេះ។ ប្រភពដដែល បានឱ្យដឹងថា គណៈប្រតិភូ២២រូប ដែល ដឹកនាំដោយលោក Kim Yong-nam នឹងធ្វើដំណើរមកប្រទេសកូរ៉េខាងត្បូង ក្នុងនោះរួមមានទាំងប្អូនស្រីបង្កើតរបស់មេដឹកនាំគីម ជុងអ៊ុនផងដែរ។

យន្តហោះដែលដឹកគណៈប្រតិភូជាន់ខ្ពស់ មកពីប្រទេសកូរ៉េខាងជើង បានធ្វើ ដំណើរមកដល់ព្រលានយន្តហោះអន្តរ ជាតិ អុីនឈាន់ របស់ប្រទេសកូរ៉េខាងត្បូង ហើយ ដើម្បីត្រៀមចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា នាល្ងាចថ្ងៃសុក្រនេះ។

សម្រាប់មន្រ្តីរដ្ឋាភិបាលទីក្រុងសេអ៊ូល ដែលនៅរង់ចាំទទួលដំណើរប្រតិភូកូរ៉េខាងជើង គឺរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក ចូ ម្យុងក្យុន រួមនឹងមន្រ្តី ជាន់ខ្ពស់កូរ៉េខាងត្បូងជាច្រើនរូបទៀត នៅឯអាកាសយានដ្ឋានអន្តរជាតិ អុីន ឈាន់។

សម្រាប់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដែលនឹងមកដល់កូរ៉េខាងត្បូងនេះ រួមមាន លោក គីម យ៉ុងណាំ ប្រធានសភាជាន់ ខ្ពស់កូរ៉េខាងជើង ដែលជាអ្នកដឹកនាំក្រុម ប្រតិភូ, លោកស្រី គីម យ៉ូជុង ប្អូនស្រី បង្កើត លោក គីម ជុងអ៊ុន មានតួនាទីជា អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្ស ពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែ មួយ គត់នៅកូរ៉េខាងជើង ព្រមទាំងតំណាង រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងជាច្រើនរូបទៀត ដែលអមដំណើរមក។

ក្រុមតន្រ្តីថ្នាក់ជាតិ សាំជីយ៉ុន (Samjiyon) មកពីប្រទេសកូរ៉េខាងជើង បានប្រារព្ធ ការសម្តែងមួយ នៅក្នុងទីក្រុង ហ្គាងនឿង (Gangneung) នៃប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ មុន ពេលពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា ព្យុងចាង (PyeongChang)។ អ្នកចូល រួមទស្សនា ជាជនជាតិកូរ៉េខាងត្បូងផ្ទាល់ប្រមាណ ៨០០នាក់ បានបង្ហាញការពេញ ចិត្តជាខ្លាំង ចំពោះកម្មវិធីប្រគំតន្រ្តីអបអរសាទររបស់ក្រុមសិល្បៈដែលមានសមាជិកចំនួន ១៤០នាក់ នៅឯមជ្ឈមណ្ឌលសិល្បៈ នៃទីក្រុង Gangneung ដែលជាទីក្រុងជាប់ឆ្នេរសមុទ្ររបស់កូរ៉េខាងត្បូង ក្នុងខេត្ត ហ្គាងវ៉ុន (Gangwon) និងនៅក្បែរខាង​ក្រុងព្យុងចាង (PyeongChang)។

ក្រុមតន្រ្តីបែប អកកែស្ត្រា (Orchestra) ខាងលើបានធ្វើដំណើរមកដល់កូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយ បាន ហាត់សមការសម្តែងរបស់ពួកគេ កាលពីថ្ងៃពុធ នៅក្នុងក្រុង Gangneung។ ក្រុមតន្រ្តី Samjiyon នឹងប្រារព្ធពិធីប្រគំតន្រ្តីមួយទៀត នៅឯមហោស្រពជាតិកូរ៉េនៅក្នុងរដ្ឋធានីសេអ៊ូល នាថ្ងៃអាទិត្យខាង មុខនេះ សម្រាប់អ្នកទស្សនាប្រហែល ១,០០០នាក់ ដែលបានឈ្នះសំបុត្រចូល ទស្សនា តាមរយៈការចាប់ឆ្នោត។

នៅពេលនេះដែរ អគ្គលេខាធិការអង្គ ការសហប្រជាជាតិ ក៏បានបង្ហាញពី គោលជំហរ មិនខុសពីប្រទេសចិននោះដែរ គឺចង់ឲ្យកូរ៉េទាំងពីរ អង្គុយតុពិភាក្សា គ្នាបញ្ចប់វិវាទ ។ជាមួយគ្នានេះ លោក អង់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) បញ្ជាក់ថា កិច្ចសន្ទនារវាងកូរ៉េខាងជើង នឹងសហរដ្ឋអាមេរិក គឺជារឿងចាំបាច់ និង ត្រូវធ្វើឡើងជាបន្ទាន់ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយនៅលើតំបន់ឧបទ្វីបកូរ៉េ ដែលវាមិនខុសពីការចង់បានរបស់ចិនប៉ុន្មាននោះឡើយ ដោយរដ្ឋមន្ត្រីការបរទេសចិន ចង់ ឲ្យកូរ៉េទាំងពីរអង្គុយចុះចរចាគ្នាឡើងវិញ ដើម្បីដោះស្រាយបញ្ហា។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកម្ម វិធីវិទ្យុ នៃស្ថានីយទូរទស្សន៍ CBS នាថ្ងៃ ព្រហស្បតិ៍នេះ លោក Guterres បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា វាមិនមែន ជាបញ្ហាលទ្ធភាពនោះទេ ប៉ុន្តែវាគឺជាប្រភេទកិច្ចសន្ទនាមួយដ៏ចាំបាច់ និងត្រូវធ្វើជា បន្ទាន់ ព្រោះយើងចាំបាច់ត្រូវចាប់ផ្ដើមកិច្ចសន្ទនា ដ៏ប្រាកដប្រជាមួយ សំដៅបញ្ជៀស រាល់ការយល់ច្រឡំ និងភាពតានតឹង ដែលអាចនឹងជំរុញឱ្យស្ថានភាពឧបទ្វីបកូរ៉េ ធ្លាក់ចូលក្នុងគ្រោះមហន្តរាយ គ្មាននរណា អាចទាយទុកជាមុន»។

សូមជម្រាបថា ការលើកឡើងរបស់ លោក Antonio Guterres កើតឡើងនៅ ចំពេល កូរ៉េខាងជើងបានប្រកាស ថា ខ្លួន គ្មានបំណងជួបជាមួយក្រុមមន្រ្តីតំណាងសហរដ្ឋអាមេរិក នៅអំឡុងព្រឹត្តិការណ៍ អូឡាំពិករដូវរងា ដែលចាប់ផ្តើមបើកនៅថ្ងៃសុក្រនេះឡើយ។ តែយ៉ាងណាក៏ដោយ អគ្គលេខាធិការរូបនេះក៏បានសង្កត់ធ្ងន់ដែរថា កិច្ចសន្ទនា ស្វែងដំណោះស្រាយជា មួយកូរ៉េខាងជើងអាចធ្វើទៅបាន បើសិន ជាទីក្រុងព្យុងយ៉ាង និងភាគពាក់ព័ន្ធទាំង អស់យល់ថា ខ្លួនមានសុវត្ថិភាព។

ប្រទេសនៅជុំវិញពិភពលោក លើក លែងតែអាមេរិក បង្ហាញការគាំទ្រ ដល់ កូរ៉េទាំងពីរ ដែលមានទំនាក់ទំនងល្អប្រសើរនឹងគ្នា ដើម្បីភាពរីកចម្រើន និងការ អភិវឌ្ឍ។ កូរ៉េខាងទាំងពីរ មិនគួរមានទំនាស់ នឹងគ្នាឡើយ ដោយសារ តែមានវប្បធម៌ អក្សរសាស្ត្រ ភាសា ទំនៀមទម្លាប់រស់ នៅដូចគ្នា ។

ដោយឡែកមានតែអាមេរិកមួយគត់ ដែលមិនពេញចិត្ត នឹង កូរ៉េខាងជើង កូរ៉េ ខាងត្បូង ត្រូវរ៉ូវគ្នា។ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា បើកូរ៉េទាំងពីរ មានទំនាក់ទំនងល្អប្រសើរហើយនោះអាមេរិក នឹងត្រូវបាត់បង់ផលប្រយោជន៍ជាច្រើន នៅអាស៊ី ហើយក៏គ្មានហេតុផលអ្វីដែលអាមេរិកត្រូវបញ្ជូនកម្លាំងទាហាន និងអាវុធមកទីនេះ ដែរ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print