កិច្ចប្រជុំរកឃើញថាវត្តមានជនជាតិចិននៅខេត្តព្រះសីហនុផ្តល់ផលវិជ្ជមានល្អច្រើន

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចប្រជុំដែលលើកឡើងពីវត្តមានជនជាតិចិន ដែលកើនឡើងកាន់តែ ច្រើននៅខេត្តព្រះសីហនុនៅទីស្តីការក្រសួងមហាផ្ទៃដឹកនាំដោយសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាព្រឹកថ្ងៃសុក្រ ៩រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ នឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ បង្ហាញថា វត្តមានរបស់ជនជាតិចិននៅខេត្តព្រះសីហនុផ្តល់ភាពវិជ្ជមានល្អច្រើនចន្លោះពី៨០ទៅ៩០ភាគរយ ។

បន្ទាប់ពីកិច្ចប្រជុំដោយបិទទ្វារនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា “យើងបានវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុ។ ការវិនិយោគនេះនាំមកនូវការ រីកចម្រើនដល់សេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែអង្គ ប្រជុំក៏បានទទួលស្គាល់ថាការវិនិយោគរប​ស់ ចិនមានផលល្អផង និងផលអាក្រក់ផង។ តែផលល្អមានប្រមាណពី៨០ទៅ៩០ភាគ រយ” ។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តថា “វត្តមានរបស់ចិនមានការកើនឡើងសម្រាប់ការងារដល់ប្រជាពលរដ្ឋខ្មែរយើង មានការងារធ្វើច្រើននិងទទួលបានប្រាក់ខែ ខ្ពស់ ហើយមានការកើនឡើងប្រាក់ចំណូលរបស់រដ្ឋតាមរយៈការប្រមូលពន្ធលើអាជីវកម្មនេះ ជាពិសេសយើងឃើញមានការកើនឡើងនូវសំណង់អគារខ្ពស់ៗនៅក្រុងព្រះ សីហនុ។ កម្មករសំណង់របស់យើងសម្បូរ ការងារធ្វើ និងបានប្រាក់កម្រៃខ្ពស់ ។

លោក ខៀវ សុភ័គ បន្ថែមថា ការវិនិ យោគសំណង់អគាររបស់ចិនមិនត្រឹមតែ ពង្រីកដល់ជាយក្រុងទេតែទៅដល់កោះថែមទៀត។ មួយវិញទៀតអចលនទ្រព្យដីធ្លី មានតម្លៃកើនឡើងដែលធ្វើឲ្យប្រជាជនយើងសប្បាយចិត្ត។ រីឯកសិផលក៏មាន ទីផ្សារល្អ។ នេះជាភាពវិជ្ជមាន”។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា “ចំណែកភាពអវិជ្ជមានវិញមាន តែ១៥ទៅ២០ភាគរយប៉ុណ្ណោះ។តែយើងមានច្បាប់ដើម្បីគ្រប់គ្រង។ ក្នុងនោះ សម្តេចក្រឡាហោម ស ខេង បានឲ្យ ក្រសួងទាំងអស់ ដែលចូលរួមប្រជុំទទួលយកកិច្ចការងារហ្នឹង ដើម្បីចុះទៅពិនិត្យ មើលឡើងវិញថែមទៀត និងអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ ឧទាហរណ៍ក្រសួងបរិស្ថានគាត់ត្រូវមើលបរិស្ថាន តើការសាងសង់សណ្ឋាគារហ្នឹង មានបង្ហូរទឹកស្អុយចូលសមុទ្រឬអត់? ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវពិនិត្យ តើការសាងសង់នេះមានប្លង់ មេហើយឬនៅ? អ៊ីចឹងក្រសួងនីមួយៗត្រូវទទួលយកការងាររបស់ខ្លួនដើម្បីចុះពិនិត្យមើលតាមតួនាទីភារកិច្ចដែលច្បាប់បាន កំណត់ថា ក្រសួងណាធ្វើអី្វយើងធ្វើកិច្ចការងារនេះ ឲ្យត្រូវតាមច្បាប់” ។

ដោយឡែក ចំពោះការលើកឡើងថា ក្រុងព្រះសីហនុជាទីក្រុងចិនត្រូវបានលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា “ធម្មតាឲ្យតែមានការអភិវឌ្ឍគឺមានទំនាស់ហើយ។ អ៊ីចឹងបានជាថា យើងខិតខំពង្រីក អ្វីដែលយើងមាន ហើយត្រូវកាត់បន្ថយ និងបង្ក្រាប ឬក៏ជៀសវាងនូវភាពអវិជ្ជមាន ដូចអ្វីដែលយើងបានដឹងហើយ”។

សូមរំលឹកថា កាលពីពេលថ្មីៗកន្លងទៅ មានការផ្សព្វផ្សាយរបាយការណ៍របស់អភិបាលខេត្តព្រះសីហនុលោក យន្ត មីន ដែល បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃដោយបានបញ្ជាក់អំពីបញ្ហានៃការ វិនិយោគរបស់ជនជាតិចិននៅក្នុងខេត្តព្រះសីហនុ ។

តាមឯកសារនោះលោក យន្ត មីន បាន បញ្ជាក់ថា កំណើនជនជាតិចិនក្នុងខេត្តព្រះ សីហនុកំពុងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជ មានជាច្រើនដូចជាបង្កឱកាសដល់ជនជាតិចិនជាពួកម៉ាហ្វុីយ៉ាមួយចំនួនបន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើសបង្កអសន្តិសុខនិងចាប់ ជំរិតអ្នកវិនិយោគ។ ជនជាតិចិនមួយចំនួនគេចវេះមិនព្រមបំពេញបែបបទតាមនីតិវិធីខ្លះបើកបរដោយគ្មានច្បាប់អនុញ្ញាត ខ្លះ ផឹកស៊ីស្រែកឡូឡា និងវាយតប់គ្នាតាម ទីសាធារណៈ។ ចំណែកស្លាក​យីហោ ហាង សណ្ឋាគារ កាស៊ីណូ និងការដ្ឋានខ្លះ សរសេរអក្សរបរទេសសុទ្ធឬសរសេរអក្សរខ្មែរតូចជាងអក្សរបរទេសជាដើម ។

តាមរបាយការណ៍របស់អភិបាលខេត្តព្រះសីហនុបច្ចុប្បន្ននៅខេត្តព្រះសីហនុ មានវត្តមានជនជាតិចិនសរុបជិត៤.៥០០ នាក់។ ខេត្តនេះមានកាស៊ីណូចុះបញ្ជីស្របច្បាប់សរុបចំនួន២៤កាស៊ីណូហើយភាគច្រើនកាស៊ីណូទាំងនេះប្រតិបត្តិឬវិនិយោគដោយវិនិយោគិនជនជាតិចិន ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print