ភ្នំពេញ៖ អស់រយៈពេលជាច្រើនខែមកហើយដែល តារាសម្តែងស្រីក្រម៉ិចក្រម៉ើម សុខ សោម៉ាវត្តី បានបង្ហាញភាពស្និទស្នាលខ្លាំងជាមួយកីឡាករខ្សែការពារបឹងកេត លី វ៉ាហេទ បន្ទាប់ពីនាងបែកស្នេហ៍លោកពេជ្រ កូនប្រុសលោកទូចណារ៉ុតមក។ ចំណងស្នេហ៍នេះកាន់តែផ្អែមល្ហែមខ្លាំងរហូតម្ខាងៗពោលពាក្យខ្វះគ្នាលែងបាននោះ។
កន្លងមកតារាសម្តែង និងកីឡាករខាងលើមិនដែលនិយាយដោយផ្ទាល់រឿងស្នេហាដោយបើកចំហរក្តីក៏ ជាញឹកញាប់ សុខ សោម៉ាវត្តី និងលី វ៉ាហេទបានបង្ហាញភាពផ្អែមល្ហែមខ្លាំងទាំងការបណ្តើរគ្នា និងបង្ហាញភាពស្និទ្ធស្នាលលើសពីមិត្តភ័ក្ក័បង្អូតគេឯងតាមបណ្តាញសង្គមហ្វេសប៊ុក។ ក្រៅពីបង្ហោះរូបភាពកៀកកោយនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ មុននេះបន្តិចលោកលី វ៉ាហេទ បានបង្ហោះសារបញ្ជាក់ពីអារម្មណ៍ស្នេហ៍របស់ខ្លួនចំពោះអ្នកនាងសុខ សោម៉ាវត្តី ដែលធ្វើឲ្យអ្នកដែលនិយមលេងហ្វេប៊ុកជាច្រើនមានការភ្ញាក់ផ្អើល។ លោកវ៉ាហេទ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយវត្តី រួមទាំងសំណេរថា «មិនមែនជាអ្វីនឹងគ្នា តែជាមនុស្សម្នាក់ដែលមិនអាចខ្វះបាន» ដែលមានអត្ថន័យជ្រាលជ្រៅ ធ្វើឲ្យអ្នកគាំទ្រពួកគេរំភើបចិត្តនិងគាំទ្រចំពោះសេចក្ដីស្នេហារបស់អ្នកទាំងពីរ។
ជាមួយគ្នានេះ សុខ សោម៉ាវត្តី វិញបានបង្ហោះសារស្នេហាបើកចំហនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានភ្ជាប់រូបភាពកៀកកោយជាមួយបុរសកំពូលស្នេហ៍លោកលី វ៉ាហេទ ។ អ្នកនាងបង្ហោះសំណេរ ថា «គាត់ (លី វ៉ាហេទ) តែងតែអនុញ្ញាតឲ្យខ្ញុំធ្វើរឿងគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើ លើកលែងតែរឿងមួយគត់ដែលគាត់មិនព្រមឲ្យខ្ញុំធ្វើ គឺមិនឲ្យខ្ញុំយំជាដាច់ខាត»។ អ្នកនាងក៏បានបញ្ជាក់បន្ថែមដែរថា បើទោះបីស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក៏លោក លី វ៉ាហេទ តែងតែបង្ហាញពីក្ដីបារម្ភនិងការយកចិត្តទុកដាក់ចំពោះអ្នកនាងពីចំងាយដោយមិនឲ្យអ្នកនាងខ្វះភាពកក់ក្ដៅនោះឡើយ។គេដឹងដែរថា គូស្នេហ៍មួយគូនេះបានដឹងលឺដោយចាស់ទុំទាំងសងខាងរួចអស់ហើយ ហើយក៏មិនជំទាស់ដែរប្រសិនបើពួកគេរៀបការនឹងគ្នានោះ។ មហាជនក៏កោតសរសើរស្នេហាពួកគេជាស្នេហាផ្អែមល្ហែម និងមិនបានគិតពីអតីតកាលរបស់គ្នាទៅវិញទៅមក ពិសេសសុខ សោម៉ាវត្តីដែលមានកូនស្រីម្នាក់រួចហើយនោះ។
គេចាំបានថា សុខ សោម៉ាវត្តីធ្លាប់បានរៀបមង្គលការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កូនប្រុសរបស់លោកទូច ណារ៉ុថ អតីតស្នងការរាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១២និង ទទួលបានចំណងដៃកូនស្រីម្នាក់។ក្រោយបែកស្នេហ៍ចាស់ភ្លាម និងបានបង្ហាញភាពស្និទ្ធស្នាលជាមួយលោកលី វ៉ាហេទពិសេសក្រោយពេលពួកគេបានសម្តែងរួមគ្នាក្នុងភាពយន្តមួយកាលពីឆ្នាំមុន៕ ដោយ វឌ្ឍនា