ក្រុមការងារអ្នកកាសែតនាំយកថវិកា១០០ដុល្លាររបស់អភិបាលរងខេត្តព្រៃវែងប្រគល់ជូនអ៊ំស្រីដែលមានជំងឺមហារីកហើយមានជីវភាពក្រីក្រខ្វះខាត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមានការចុះផ្សាយព័ត៌មានក្នុងស្រុក ក៏ដូចជាកាសែតនគរវត្តពាក់ពន្ធ័នឹងអ៊ំស្រីម្នាក់មានជំងឺមហារីកធ្ងន់ធ្ងរ ដំណាក់កាលទី៣ហើយគ្មានលទ្ធភាពព្យបាល និងមានជីវភាពខ្វះខាតហើយសុំសសប្បុរសជន​ជួយ​សង្គ្រោះរួចមក, ដោយមានក្ដីអាណិតអាសូរដល់អ៊ំស្រីខាងលើ លោក សំ ប៊ុណ្ណារិន អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងបានជួយឧបត្ថមថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន១០០ដុល្លារ ចាត់ឲ្យក្រុមការងារអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង យកទៅប្រគល់ជូនអ៊ំស្រី កាលពីព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្នាក់នៅក្នុងភូមិព្រៃធ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ក្នងឱកាសនោះដែរ តំណាង ក្រុមគ្រួសារអ៊ំស្រី ប៊ុន ផល្លី សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោក សំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែង និងក្រុមគ្រួសារសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

គួររំលឹកឡើងវិញថា យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារកាសែតនគរវត្ត លោកយឹម សុថាន ប្រចាំខេត្តស្វាយរៀងបានដឹងនៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ថាមានអ៊ំស្រីម្នាក់ឈ្មោះ ប៊ុន ផល្លី អាយុ​៦៤ឆ្នាំ រស់នៅក្នុងដីភូមិរបស់គេ ហើយមានកូនប្រុសម្នាក់ ឈ្មោះ ឌឿ កាណាន់ អតីតធ្វើជាទាហាននៅកងពល​លេខ​៩ វរៈ៣៩៥ នៅឆ្នាំ២០០៩ ខណៈក្នុងអំឡុងពេលបំពេញបេសកម្មនៅខេត្តព្រះវិហារនៅឆ្នាំ២០១៦ ចៃដន្យ អកុសសក៏ជួបគ្រោះថ្នាក់ចរាចរណ៏ស្លាប់ ចោលម្ដាយទាំងវ័យកំលោះមិនទាន់រៀបការ បានអំពាវនាវរកសប្បុរស​ជនជួយដល់រូបគាត់ផង ខណៈអុំស្រីមានជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ ។

តាមលោក មាស សាឌឿន អាយុ៦០ឆ្នាំ រស់ភូមិព្រៃឆ្លាក់ បានឲ្យដឹងថា សព្វថ្ងៃនេះបងស្រី ប៊ុន ផល្លី គាត់ពិតជាមានជីវភាពលំបាកពិតប្រាកដមែន ។ កាលពីមុន បងស្រីមានជីវភាពសមរម្យដូចគេដូចឯងដែរ តែចាប់តាំងពីមានជំងឺមហារីកមករុកគួនក្នុងខ្លួនរបស់បងស្រី ធ្វើឲ្យស្ថានភាពគ្រួសាររបស់គាត់ធ្លាក់ដុនដាប សូម្បីតែដី ក៏គ្មាននៅដែរ ដោយបានទៅសុំដីគេស្នាក់នៅធ្វើផ្ទះនៅបណ្តោះអាសន្ន។

ប្រភពខាងលើបានបញ្ជាក់ទៀតថា បងស្រីកាលពីជំងឺមិនទាន់ធ្វើទុក្ខ គឺគាត់មានមុខរបរបន្តិចបន្តួចលក់ម្ហូបសម្លនៅមុខមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីគ្រាន់បានចិញ្ចឹមក្រុមគ្រួសារ ។

ក្រោយមក ប្ដីរបស់គាត់មានឈ្មោះ ឌឿយាន អាយុ៦៥ឆ្នាំ មានជំងឺប្រចាំកាយទៀត ក៏ធ្លាក់ខ្លួន រកព្រឹកខ្វះល្ងាច និងនៅកំដរប្រពន្ធផងដែរ។

រហូតមកដល់ពេលនេះ អ៊ំស្រី ប៊ុន ផល្លី ជំងឺធ្វើទុក្ខខ្លាំងកំពុងសម្រានលើកៅអីផ្អែក ខណៈក្រុមគ្រួសារមិនហ៊ានប្រាប់ដល់គាត់ថា មានជំងឺមហារីកដំណាក់កាលទី៣នៅឡើយទេ ព្រោះខ្លាចគាត់ពិបាកចិត្ត និងអាចគិតខ្លី ។

ជាចុងក្រោយ ក្រុមគ្រួសារខាងលើបានលើកម្រាមដៃទាំង១០ ប្រណម្យឡើងលើ អង្វរសុំការសណ្តោស ប្រោសប្រណី អាណិតអាសូរ ពីសំណាក់សប្បុរសជន ជិតឆ្ងាយ អាជ្ញាធរមូលដ្ឋាន សង្កាត់ ខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេ គឺជាព្រះរស់របស់ពលរដ្ឋខ្មែរគ្រប់រូប សូមមេត្តាជួយសង្គ្រោះដល់ក្រុមគ្រួសាររបស់គាត់ផង ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print