ភ្នំពេញ៖ ស្រ្តីវ័យចំណាស់ម្នាក់ ដែលជាអ្នកបំរើផ្ទះប្រជាពលរដ្ឋម្នាក់នៅក្នុងបរិវេណបុរីពិភពថ្មី បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ ឲ្យសមត្ថកិច្ចមូលដ្ឋានជួយរកយុត្តិធម៌ជូនរូបគាត់ បន្ទាប់ពីស្រ្តីម្នាក់ជាប្រធានផ្នែកអនាម័យនៅក្នុងបរិវេណបុរីពិភពថ្មី បានមកធ្វើសកម្មភាពវាយដំលើរូបគាត់ បណ្ដាលឲ្យរងរបួសជាំស្នាមពេញមុខ សង្ស័យរឿងច្រណែនឃើញម្ចាស់ផ្ទះដែលស្រ្តីរងគ្រោះបំរើ តែងតែឲ្យរបស់របរទៅគាត់ជាប្រចាំ ។
ករណីហឹង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០រសៀល ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណបុរីពិភពថ្មី ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លុះនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ ទើបរូបគាត់មកដាក្យពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដើម្បីជួយរកយុត្តិធម៌ជូនរូបគាត់ផងដែរ ។
យោងតាមសម្តីស្រ្តីរងគ្រោះឈ្មោះ វ៉ែន ប៉ាច មុខរបរធ្វើការផ្ទះឲ្យគេនៅក្នុងបុរីពិភពថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់សមត្ថកិច្ចថា សព្វថ្ងៃរូបគាត់ធ្វើការជាអ្នកបំរើនៅផ្ទះប្រជាពលរដ្ឋម្នាក់នៅក្នុងបរិវេណបុរីពិភព ដើម្បីបានប្រាប់ខ្លះយកមកផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួន បានត្រឹមតែរស់ខ្លួនឯងតែប៉ុណ្ណោះ ដោយរូបគាត់ធ្វើការងារអស់រយ:ពេលជាយូណាស់មកហើយ ដោយម្ចាស់ផ្ទះមើលឃើញគាត់ធ្វើការងារល្អ តែងតែឲ្យសម្ភារ:ផ្សេងៗនិងរបស់របរទៅដល់គាត់ជាញឹកញាប់ ។
លុះនៅរសៀលថ្ងៃទី៩ ខែកុម្ភ: មិ្សលមិញនេះ ស្រាប់តែស្រ្តីដៃដល់ម្នាក់ឈ្មោះ រ៉ុម អាយុប្រហែល៣០ឆ្នាំ មុខរបរ ប្រធានផ្នែកអនាម័យនៅក្នុងបរិវេណបុរីពិភពថ្មី មិនដឹងមានរឿងអ្វីនោះទេ មកស្ទុះមកវាយលើរូបគាត់ទាំងកំរោល ជាច្រើនដៃបណ្ដាលឲ្យរងរបួសលើផ្ទៃមុខជាច្រើនកន្លែង ហើយបានទាញខ្សែករបស់គាត់រហូតដាច់ជ្រុះបាត់បណ្តោង ទើបឈប់វាយមកលើរូបគាត់រួចហើយដើរគេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង ។ ស្រ្តីរងគ្រោះ បានបន្តទៀតថា សង្ស័យស្រ្តីបង្កហេតុខឹងនិងច្រណែន លើរូបគាត់ហើយមើលទៅដោយសារតែឃើញម្ចាស់ផ្ទះតែងតែឲ្យរវស់របរផ្សេងៗមកគាត់រហូត ។
បច្ចុប្បន្នសមត្ថកិច្ចក៏ព្រមទទួលពាក្យប្តឹងស្រ្តីរងគ្រោះផងដែរ ហើយសមត្ថកិច្ចនិងចុះទៅសាកសួររកមូលហេតុឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីកោះហៅស្រ្តីជនដៃដល់ចាត់ការតាមនីតិវិធី ៕ ស តារា
...