ខេត្តកណ្ដាលៈ រថយន្តឡិចស៊ីសRX300 មួយគ្រឿងបើកបោះពួយដូចហោះ បុករះឆាកតន្ត្រីរបស់ក្រុមនាយឆ្លា បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់ដែលកំពុងរុះរើឆាកស្លាប់ភ្លាមៗ រួចរេទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងទៀតផងដែរ ។ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចផ្លូវលេខ២១ស្ថិតក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AE-5120 ។ ចំណែកឯជនរងគ្រោះឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរតន្ត្រីសម័យនាយ ឆ្លាម មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅនិងកន្លែងកើតហេតុ) និងម្នាក់ទៀតឈ្មោះ អន ស្រីអូន ភេទស្រី អាយុ១៤ឆ្នាំ មុខរបរតន្រ្តីសម័យ មានទីលំនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់នៅនិងកន្លែងកើតហេតុ) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កម៉ាកឡិចស៊ីសRX300មួយគ្រឿង បើកតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏មកបុករះឆាកតន្រ្តីក្រុមនាយឆ្លាម បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់ដែលកំពុងរើឆាកតន្រ្តីនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ក្រោយពីបុកមនុស្សស្លាប់ចំនួន២នាក់ហើយ រថយន្តមិនទាន់អស់ល្បឿន បានបន្តទៅបុកផ្ទះប្រជាពលរដ្ឋឈ្នោះ អាំង ស្រី ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យខូចខាតផ្ទះ១ខ្នង និងសម្ភារមួយចំនួនធំ ភ្លាមៗនោះអ្នកបើករថយន្តបានរត់គេចខ្លួនបាត់តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ហើយសន្និដ្ឋានថា អ្នកបើកបរស្រវឹង ហើយបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ បន្តាប់ពីវាស់វែងរួច សាកសពទាំង២ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក កម្លាំងបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕