លោក ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិនអញ្ជើញចូលរួមពិធីតែងតាំងអនុប្រធានមន្ទីរ, ប្រធាន-អនុប្រធានការិយាល័យមន្ទីរព័ត៌មានខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីរសៀលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីប្រកាសចូលកាន់តំណែងអនុប្រធានមន្ទីរ ប្រធានការិយាល័យ និង អនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន លោក ខាត់ សុគឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក តាន់ តែម សមាជិកក្រុមប្រឹក្សាខេត្ត និងការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន អនុប្រធាន អនុប្រធានមន្ទីរអង្គភាពស្ថាប័នជំវិញខេត្តផងដែរ។

បន្ទាប់ពីលោកស្រីស៊្រីចាន់អេងប្រធានមន្ទីរព័ត៌មានខេត្តធ្វើរបាយការណ៍ពីសកម្មភាព និងលទ្ធផលការងាររបស់មន្ទីរព័ត៌មានខេត្តប៉ៃលិនរួមមក លោក អ៊ុន ប៊ុនលី នាយករងរដ្ឋបាលសាលាខេត្តបានអានប្រកាសស្តីពីការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ នៃមន្ទីរព័ត៌មានចំនួន ០៦រូបរួមមាន៖ ១/ លោក គង់ ជឺ ជាអនុប្រធានមន្ទីរ ២/លោក គង់ ប៊ុនធីម ជាអនុប្រធានមន្ទីរ ៣/ ញ៉ឹម បុរី ជាប្រធានការិយា​ល័យទូរទស្សន៍ ៤/ លោក ជា សារឹម ជាប្រធានការិយាល័យរដ្ឋបាលបុគ្គលិក និងហិរញ្ញវត្ថុ ៥/លោក វួច ពឿន ជាប្រធានការិយាល័យវិទ្យុ និង/ លោក សុទ្ធវណ្ណសៀម ជាអនុប្រធានការិយាល័យទូរទស្សន៍។

លោក គង់ ជឺ អនុប្រធានមន្ទីរ បានប្តេជ្ញាចិត្តថាៈដើម្បីឆ្លើយតប និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹក​នាំគ្រប់លំដាប់ថ្នាក់ ក្នុងនាមមន្រ្តីដែលទទួលបានការតែងតាំងនាឱកាសនេះសូមធ្វើការផ្តេជ្ញាចិត្តដូចតទៅៈទី១.អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ លិខិតបទដ្ឋាននានាជាធរមាន ទី២.គោរពអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរ ទី៣.គោរពតួនាទី និងការចាត់តាំងរបស់មន្ទីរ ទី៤.បន្តខិតខំប្រឹងប្រែងរៀនសូត្រ ស្រាវជ្រាវចំណេះដឹងថ្មីៗដើម្បីបង្កើនគុណភាពការងារព័ត៌មាន និងការងារផ្សព្វផ្សាយ ទី៥.បន្តស្មារតីការងារជាក្រុម និង ជោគជ័យជារួម ទី៦.បន្តស្មារតីសាមគ្គីឯកភាព និងស្មារតីក្រើនរំលឹកទៅវិញទៅមក ដើម្បីកែលម្អរចំណុចអវិជ្ជមាន ទី៧.គោរពអនុវត្តតាមទិសដៅពាក្យស្លោក ក្រសួងព័ត៌មាន ប្លែក លឿន ជឿទុកចិត្តបាន នៅទីណា ពេលណាក៏បាន។

លោកផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ការប្រកាសតែងតាំងមន្ត្រីរាជការគឺដើម្បីប្រសិទ្ធភាពការងាររដ្ឋបាលថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ព្រមទាំងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ស្រមតាមគោលនយោបាយរបស់រាជរដ្ឋភិបាលកម្ពុជា និង រដ្ឋបាលខេត្ត។ លោកបន្តថាៈបច្ចុប្បន្ននេះនៅខេត្តប៉ៃលិនវិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណៈជនអោយបានយល់ដឹងពីព្រឹត្តិការជាតិអន្តរជាតិ និងសកម្មភាពថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍន៍សមិទ្ធផលនានារបស់រាដ្ឋាភិបាលផងដែរ ។

លោកបានផ្តាំផ្ញើដល់មន្ត្រីរាជការទាំង ០៦រូប ដែលទើបទទួលបានតួនាទីថ្មី ត្រូវខិតខំយកចិត្តទុក​ដាក់បំពេញភារៈកិច្ច ដោយទទួលខុសត្រូវខ្ពស់ និង ត្រូវធ្វើការបណ្តើរ សិក្សាស្វែងយល់បណ្តើរ ។ ទន្ទឹមនេះថ្នាក់ដឹកនាំ និងមន្ត្រីព័ត៌មានទាំងអស់ត្រូវជំរុញដល់ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មិនថារបស់រដ្ឋ ឬ ឯកជននោះទេត្រូវធ្វើការ ផ្សព្វផ្សាយអ្វីជាការពិត សុក្រិត្យ ដើម្បីឲ្យអ្នកមើលជឿជាក់ ហើយវាមិនធ្វើឲ្យកើតបញ្ហា។ បើយើងផ្សាយអី្វគ្មានការពិត វាហាក់បីដូចជាយកដុំថ្ម១ដុំដាក់ លើទ្រូងយើងអញ្ចឹង ជាពិសេសមន្ត្រីទាំងអស់ត្រូវយកចិត្តទុកទៅលើការងាររបស់ខ្លួន ត្រូវចេះសាមគ្គីគ្នារក្សាភាពថ្លៃថ្នូរ មានសីលធម៌ល្អ ហើយធ្វើការផ្សព្វ​ផ្សាយព័ត៌មាន តែការពិត រហ័សឲ្យទាន់សភាពការណ៍ ព្រមទាំងយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការផ្សព្វផ្សាយ៕ ស សារ៉េត

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print