ខេត្តកំពង់ឆ្នាំង: អំពើឃាតកម្មមួយបានកើតឡើង ដោយគេប្រទះឃើញសពស្ត្រីម្នាក់ បានស្លាប់ដោយមានឈាមប្រឡាក់ពេញមុខនៅក្នុងព្រៃត្រែងបន្លាយួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃចន្ទ១២រោចខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃត្រែងបន្លាយួន ក្នុងដីរបស់ឈ្មោះ ហុន ហេ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកជលគិរី បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហ៊ន ណាវី ភេទស្រី អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ស្រ្តីរងគ្រោះ បានបាត់ពីផ្ទះដោយមិនដឹងមូលហេតុ ឃើញតែទារក អាយុ៦ខែជាកូនយំលើផ្ទះតែម្នាក់ឯង ។ ដោយបាត់កូនស្រីយូរមិនដឹងទៅណាបន្ទាប់មកឪពុកស្រី្តរងគ្រោះបាននាំសាច់ញាតិក្នុងភូមិ ដើររក រហូតដល់ម៉ោង៧យប់ ទើបឃើញសពស្រី្តរងគ្រោះដេកស្លាប់ក្នុងព្រៃត្រែងបន្លាយួននៅ ចម្ងាយពីផ្លូវប្រមាណ២៥ម៉ែត្រ ទើបនាំគ្នាផ្អើលឆោឡោ ប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះទៅធ្វើកោសល្យវិច័យ ។
ប្រភពដដែលបានឲ្យដឹងទៀតថា បើតាមការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសព សមត្ថកិច្ចឲ្យដឹងថា ឃើញសភាពសព ស្រី្តរងគ្រោះត្រូវឃាតក សម្រាតខោមកត្រឹមភ្លៅ និងនៅលើ.ក មានស្លាកស្នាមមុតជិត ដាច់បំពង់ក ថែមទាំងបាត់គ្រឿងអលង្ការ (មាស)នៅជាប់នឹងខ្លួនមួយចំនួនទៀតផងដែរ។
សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវក្នុងករណីនេះដើម្បីចាប់ឃាតកយកមកផ្តន្ទាទោសតាមច្បាប់ ហើយសន្និដ្ឋានជាជំហានបូងថា ជាករណីនេះ ជាករណីប្លន់ និងរំលោភសម្លាប់ ខណៈសមត្ថកិច្ចរកឃើញស្បែកជើងមួយគូ និងទូរស័ព្ទដៃចាស់មួយគ្រឿងនៅក្បែរសាកសព ៕ ចន្ថា