ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ដែលទើបសម្សម្រាលបានកូនមួយរយៈ៥ថ្ងៃហើយនោះត្រូវបានស្លាប់ នៅក្នុងអគារសម្ភព នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់គ្រូពេទ្យបានព្យាយាម អោយស្ត្រីរូបនេះដើរទៅលាងរបួស ក្នុងពេលដែលអ្នកជំងឺបានប្រាប់ថាឈឺដើរមិនរួច ។ ករណីនបានកើតឡើងកាលពីវេលាម៉ោងជិត១០ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។
បុរសជាប្តី ឈ្មោះ វន ជ្រុយ អាយុ៣៦ឆ្នាំ បានប្រាប់អោយដឹងថា ប្រពន្ធ របស់គាត់មានឈ្មោះ ឈ្មោះ ចេង វិន អាយុ៣៤ឆ្នាំ មានកូន៤នាក់ រស់នៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
បុរសជាប្តីបានអោយដឹងទៀតថា ប្រពន្ធរបស់គាត់បានមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ការសម្រាលរបស់ប្រពន្ធគាត់ គឺគ្រូតម្រូវធ្វើការវះដើម្បីបង្កើតកូន ។ តាំងពីថ្ងៃសម្រាលរហូតមដល់ថ្ងៃទី១៣នេះគឺមានរយៈពេល៥ថ្ងៃមកហើយ ។ នៅថ្ងៃកើតហេតុព្រឹកមិញនេះ មានអ្នកគ្រូពេទ្យម្នាក់បានអោយប្រពន្ធរបស់គាត់ដើរទៅលាងរបួស នៅបន្ទប់របស់គ្រូពេទ្យ ប៉ុន្តែប្រពន្ធរបស់គាត់បានប្រាប់ថា គាត់ដើរមិនរួចនោះទេគឺ នៅឈឺនៅឡើង ហើយគាត់បានសុំរទេះដើម្បីរុញប្រពន្ធមកបន្ទប់លាងរបួស ត្រូវបានគ្រូពេទ្យប្រាប់ថា អស់ហើយ ។
បុរសរូបនេះបា្រប់ទៀតថា ទោះជាយ៉ាងណាក្តីគ្រូពេទ្យរូបនោះនៅតែបន្តអោយប្រពន្ធរបស់គាត់ដើរទៅលាងរបួស ពេលនោះគាត់ជាប្តីបានជូនប្រពន្ធទៅពេលទៅដល់កន្លែងបន្ទប់លាងរបួសក៍ ប្រពន្ធប្រាប់ថា ចុកខ្លាំងណាស់រហូតដល់ដាច់ខ្យល់ស្លាប់តែម្តង ។
បុរសជាប្តីបានប្រាប់ថា មូលហេតុដែលបណ្តាលអោយប្រពន្ធរបស់គាត់ស្លាប់ចោលកូនតួចនោះ គឺបណ្តាលមកពីគ្រូពេទ្យនៅក្នុងអគារសម្ភពនេះតែម្តង គាត់មិនបានចាំឈ្មោះគ្រូពេទ្យនេះទេ ប៉ុន្តែគាត់ចំណាំមុខគ្រូពេទ្យនេះ ។
ពាក់ព័ន្ធនិងករណីនេះ លោក សូរិន្ទីរ៉ា វុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានប្រាប់ថា ករណីនេះកំពុងធ្វើការស្រាវជ្រាវអំពីមូលហេតុដែលបណ្តាលអោយស្រ្តីអ្នកជំងឺស្លាប់នេះ ហើយបើតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យប្រាប់ថា បច្ចេកទេសនៃការវះកាត់គឺធ្វើបានល្អណាស់ មិនអាចអោយស្រ្តីរូបនេះរងគ្រោះបែបនេះទេ ។ ចំពោះការដែលគ្រូពេទ្យនេះអោយស្រ្តីនោះដើរនោះគឺជាលក្ខណៈបច្ចេកទេស ក្រោយពីការវះកាត់២៤ម៉ោងស្រ្តីត្រូវតែដើរតិចៗ ថ្នមៗ ។
ដោយឡែកការលើកឡើងរបស់គ្រួសារ ថាគ្រូពេទ្យនៅទីនោះមិនយកចិត្តទុកដាក់នោះ គឺលោកនឹងធ្វើការស្រាវជ្រាវបន្តទៀត ហើយលោកប្រធានមន្ទីរពេទ្យក៍ចូលរួមសោកស្តាយ ចំពោះហេតុការណ៍នេះដែរ ៕ ចន្ថា