ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមថា ប្រទេសកម្ពុជា រក្សាកំណើនសេដ្ឋកិច្ចថេរខណៈកម្ពុជា មានការចាប់អារម្មណ៏ច្រើនពីសហគមន៏អន្ដរជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក វូ ក្វាងមិញ(Vu Quang Minh) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួសមជាមួយលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាទីស្តីការក្រសួង កាលពីរសៀលថ្ងៃអង្គារ៏ ១៣រោច ខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០១៨ បានកោតសសើរប្រទេស កម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច រក្សាបានថេរ ស្របពេល កម្ពុជា និងវៀតណាមកំពុងមានកិច្ច សហប្រតិបត្តិការល្អជាមួយគ្នាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានកំណើនប្រមាណ ៣០% កាលពីឆ្នាំ២០១៧កន្លងទៅ។

លោក វូ ក្វាងមិញ(Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាម បានបញ្ជាក់ថា៖ កម្ពុជា ជាប្រទេសមានសន្ទុះនៃការអភិវឌ្ឍ ខ្លាំង និងឆាប់រហ័ស ហើយបើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ឃើញថាកម្ពុជាមាន កំណើនសេដ្ឋកិច្ចល្អប្រសើរជាងគេ ដែលអាចរក្សាបាននូវកំណើនប្រចាំឆ្នាំ ៧% ដែលនេះជា ការរក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់ អាស៊ាន។

លោក វូ ក្វាងមិញ បានចាត់ទុកទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមថា ៖ ជាទំនាក់ ទំនងមួយដ៏ជិតស្និទ្ធ ព្រោះថាប្រទេសទាំងពីរមានព្រំសីមាជាប់គ្នា និងធ្លាប់ជួយគ្នាទៅវិញ ទៅមកក្នុងគ្រាលំបាក។ ឯកឧត្តមថា សម្រាប់បេសកកម្មការទូតប្រចាំនៅកម្ពុជានាពេលនេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងបំពេញការងារអោយទទួលបានជោគជ័យ ដើម្បីប្តូរយកមកវិញ នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ប្រទេសយើង ទាំងពីរ។

លោក ស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ថា៖ កម្ពុជា និងវៀតណាម ពិតជាមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានៅលើគ្រប់ផ្នែក គ្រប់វិស័យ ដែលប្រទេសទាំង ពីរត្រូវបន្តធ្វើកិច្ចការនេះជាបន្តទៀត ដើម្បីជាការនាំមកនូវប្រយោជន៍សម្រាប់ប្រទេស និង ប្រជាជននៃ ប្រទេសទាំងពីរ។ ជាមួយគ្នានេះលោកជំទាវបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ ក្តៅបំផុតចំពោះឯកឧត្តម វូ ក្វាងមិញ ដែលត្រូវបានរដ្ឋាភិបាលវៀតណាមតែងតាំងជាឯកអគ្គ រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជា ហើយថា គ្រប់ស្ថាប័នទាំងអស់របស់ កម្ពុជានឹងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីធ្វើយ៉ាងណាអោយការ បំពេញ បេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគ ជ័យ។

លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានជម្រាបជូនឯកអគ្គរដ្ឋទូតវៀតណាមថា កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរជាង ៧% ក្នុង១ឆ្នាំ នារយៈពេលជាង ២០ឆ្នាំចុង ក្រោយនេះ និងបានប្រែក្លាយខ្លួនពីសមរភូមិទៅជាទីផ្សារដ៏ទាក់ទាញ ពីប្រទេសដែលខ្ទេចខ្ទាំ ដោយសារសង្គ្រាម ទៅជាប្រទេសមានការរីកចំរើនលើគ្រប់វិស័យ និងអាចទាក់ទាញអ្នកវិនិ យោគពីក្រៅប្រទេសអោយមកបណ្តាក់ទុន នៅកម្ពុជាបានយ៉ាងច្រើន ក្នុងនោះក៏មានអ្នកវិនិយោគ មកពីប្រទេសវៀតណាមផងដែរបានរួមចំណែកដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបាន យ៉ាងឆាប់រហ័ស ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print