ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូកម្ពុជាជំនាញហាឡាល់ និងវប្បធម៌ និងសេដ្ឋកិច្ចសង្គម ទៅទស្សនកិច្ច សិក្សាទទួលយកបទពិសោធន៏ នៅភាគខាងត្បូងប្រទេសថៃ ខេត្តប៉ាតានី និងខេត្តយ៉ាឡា។ កំឡុងពេលស្នាក់នៅខេត្តទាំងពីរខាងលើ ប្រតិភូកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោកហាស្សាន់ ដារាវេស្ស ស្សាបា អគ្គលេខាធិការអង្គការជំនួយឥស្លាមអន្តរជាតិស្តីពីទំនាក់ទំនងកិច្ចសហការកិច្ចការមនុស្សធម៌ និងសេដ្ឋកិច្ចសង្គម ព្រមទាំងបានជម្រាបជូនលោកអគ្គលេខាធិការអំពីស្ថេរភាពនយោបាយ និងវឌ្ឈនភាពសង្គមជាតិកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកអូស្មាន ហស្សាន់ ពេលវិលត្រឡប់មកកម្ពុជាវិញ នៅរសៀលថ្ងៃ អង្គារ៏១៣ រោច ខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី ១៣កុម្ភៈ ឆ្នាំ២០១៨ នៅអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់នោះដែរ គណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញ ជួបនិងអញ្ជើញអគ្គលេខាធិការអង្គការជំនួយឥស្លាមអន្ដរជាតិ មកធ្វើទស្សនកិច្ច សិក្សានៅកម្ពុជា ក្នុងពេលវេលាមួយដែលសមស្របផងដែរ ។
ក្រោយពីជំនួប ពិភាក្សារួច គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនាទី តាំងគម្រោងសប្បុរសធម៌មួយរបស់ លោក សឡេះតាលិប ដែលជាស្ថាបនិក នៃគម្រោងនេះ និងបានស្វែងយល់នូវកិច្ចការមួយចំនួន ពាក់ព័ន្ឋនឹងកិច្ចសហប្រតិការរវាង សហករណ៍ឥស្លាមថៃ ដែលមានចំនួន ៤១ សហករណ៍ សមាជិកសរុប ៣០ មុឺននាក់ ទ្រព្យទុនសរុបរបស់សហករណ៍មានចំនួន ២០ពាន់លានបាត ប្រហាក់ប្រហែល ជាង៦ រយលានដុល្លារ ។ គណៈប្រតិភូក៏បានបន្ដ ទៅទស្សនកិច្ចសាកលវិទ្យាល័យប៉ាតានី និងបានជួបនិងផ្តល់អនុសាសន៍ល្អៗ ដល់និស្សិតខ្មែរឥស្លាមមួយចំនួនដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យនេះផងដែរ។
ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចគណៈប្រតិភូនកម្ពុជា ក៏បានពិសាអាហារសាមគ្គីជាមួយ លោក វ៉ាន់មហាំម៉ាត់ណូ ម៉ាត់ថា អតីតប្រធានរដ្ឋសភាថៃ និងជាអតីតឧបនាយករដ្ឋមន្រ្តី និងជា អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម, អតីតរដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងដឹកជញ្ជូន មួយពេលដោយបាន ពិភាក្សាការងារ ក្នុងបំណងបន្ដទំនាក់ទំនងជាមួយឲ្យកាន់តែល្អជាមួយគ្នា បន្ថែមទៀតទៅថ្ងៃខាងមុខដោយឈរលើគោលការផ្លាស់ប្ដូរបទពិសោធន៏ពីគ្នាទៅវិញទៅមករកភាព រីកចម្រើន សម្រាប់សង្គមជាតិ ៕ ដោយ៖ សំរិត
...