ខេត្តព្រះសីហនុ ៖ បន្ទាប់ពីទទួលបានលិខិតមួយ ដែលបានចុះហត្ថលេខាដោយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ មករា ឆ្នាំ ២០១៨ ស្តីពីកែសំរួលសមាសភាពមន្រ្តីមួយចំនួនអោយទៅបំពេញការ ងារផ្នែកជួរមុខនៃអង្គភាពច្រកចេញចូលតែមួយ ។ការសំរេចកែសំរួល រឺផ្លាស់ប្តូរមន្រ្តីចាស់អោយទៅកន្លែងថ្មីនេះធ្វើអោយមន្រ្តី មួយចំនួនមិនពេញចិត្ត និងបានស្រែកយំ ស្រែកតវ៉ា ដោយមិនខ្លាចអ្វីទាំងអស់ ។
ជាក់ស្តែង សំរែក របស់លោកស្រី លឹម សិរីរ័ត្ន ជាមន្រ្តីបំរើការនៅការិយាល័យនៃសាលាខេត្តព្រះសីហនុ បានបន្លឺសំលេង នឹងរូបភាព តាមប្រព័ន្ធហ្វេសបុក ដោយស្រែកមិនពេញចិត្តនឹងការផ្លាស់ប្តូរនេះ ។លោកស្រីថា អ្នកដែលធ្វើបាបរាយការណ៏អាក្រក់ពីគាត់ទៅលោកអភិបាលខេត្ត គឺលោក ឌឹម វី ប្រធានការិយាល័យរបៀប និង ឯកសារ និង លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត។លោកស្រីថា ក្នុងតួនាទី ជាង ១១ឆ្នាំ និង រៀនបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ផងនោះ លោកស្រីនៅតែជាមន្រ្តីដដែល ខុសពីមន្រ្តី ទឹមចូល គេមានតួនាទីខ្ពស់ជាងលោកស្រី ជាពិសេស លោក ឌឹម វី នេះ តែម្តង ដែលផ្ទេរពីកន្លែងផ្សេងអោយមកធ្វើប្រធានការិយាល័យនេះតែម្តង តាមខ្សែរយៈលោក នាយករដ្ឋបាលសាលាខេត្ត ។
លោកស្រីថា កន្លែងដែលជាការងារ របស់លោកស្រី គឺមានគេអោយលុយចាយ ៥០០០-១០០០០រៀល តាមការអាណិតអាសូរពីប្រជាពលរដ្ឋ ហើយលុយទាំងនេះមិនបានបែងចែក អោយ លោកប្រធានការិយាល័យនោះ លើកលែងតែឯកសារណា ដែលត្រូវឆ្លងគាត់ប៉ុណ្ណោះ ។
លោកស្រីមិនអស់ចិត្ត ដោយត្រង់ថា លោកស្រីមិនមានកំហុស និង មានការស្តីបន្ទោស ការណែនាំ រហូតដល់មានលាយល័ក្ខអក្សរ ម្តងណាទេ ។ អ្នកដែលស្នើសុំទៅការិយាល័យច្រកចេញចូលតែមួយ ថ្នាក់លើមិនព្រមអោយគេទៅ បែរជាបញ្ជូលលោក ស្រី ដែលមិនបានស្នើសុំទៅ ទៅវិញ ?
ជាចុងក្រោយលោកស្រី បានស្នើសុំលោក យន្ត មីន មេត្តាពិនិត្យរឿងនេះផង ។យោងតាមប្រភពមួយបានបង្ហើបថា ការដែលលោក យន្ត មីន សំរេចចិត្តស៊ីញ៉េរ ដកលោកស្រី លឹម សិរីរ័ត្ន គឺមកពីមានរបាយការណ៍សសេរអាក្រក់ពីលោក ស្រី ពិសេសថា លោកស្រីរឹងរុះ មិនស្តាប់ថ្នាក់លើ ។
អ្នកតាមដានរឿងនេះ បាននិយាយថា ការផ្លាស់ប្តូរភារកិច្ច អោយលោកស្រី ទៅកន្លែងច្រកចេញចូលតែមួយ ហើយផ្នែកបេឡា ទៀតគឺជារឿងល្អ ព្រោះបើនិយាយពីឯកសារ តូចធំ ទាំងអស់ ត្រូវរត់ចូល ទៅច្រកចេញតែមួយទាំងអស់ ។ បានន័យថា អ្នកដែលមានសមត្ថភាព ក្នុងការរត់ការឯកសារ នៅតែមានហុង ស៊ុយ ដដែល ៕ឆ្លាម សមុទ្រ