កាលពីបីឆ្នាំមុន នៅក្នុងទំព័ររបស់កាសែត The Financial Times ក្រុមហ៊ុនរថយន្ត Rolls-Royce បានប្រកាសថា ខ្លួននឹងបង្កើតនូវរថយន្តតួខ្ពស់ថ្មីសន្លាងមួយដែលបង្កើតអត្ថន័យថ្មីសម្រាប់ការធ្វើដំណើរប្រកបដោយប្រណីតភាព ដែលធ្វើឲ្យការធ្វើដំណើរ មិនបាច់ប្រឹងគ្រប់ទីកន្លែង។ ចាប់តាំងពីថ្ងៃនោះមក ពិភពលោកបានទន្ទឹងរង់ចាំចង់ឃើញការមកដល់នូវរថយន្ត Rolls-Royce ថ្មីមួយនេះ។
ការរង់ចាំកាន់តែជិតកន្លងផុតទៅមែនទែនហើយ ដោយក្រុមហ៊ុនរថយន្ត Rolls-Royce បញ្ជាក់ថា រថយន្តម៉ូដែលថ្មីរបស់ខ្លួននោះមានឈ្មោះថា Cullinan (ខាលីនិន ជាឈ្មោះគ្រាប់ពេជ្រមិនទាន់ច្នៃធំជាងគេបំផុត)។
លោក Torsten Müller-Ötvös អគ្គនាយកក្រុមហ៊ុនរថយន្ត Rolls-Royce បានមានប្រសាសន៍ថា៖ “តាមពិតទៅ ឈ្មោះ Cullinan បានលេចឡើងតាំងពីយើងបានបង្ហាញឈ្មោះនេះត្រឹមតែជាឈ្មោះគម្រោងនៅឡើយមកម្លេះកាលពីប៉ុន្មានឆ្នាំមុន។ នេះជាឈ្មោះដ៏សក្តិសមសម្រាប់រថយន្តថ្មីពិសេសរបស់យើង។ Cullinan គឺជាម៉ូដែលរថយន្តដែលមានគោលបំណងច្បាស់លាស់ មានគុណភាពល្អឥតខ្ចោះ និងមានតម្លៃ ដែលទាំងអស់នេះបានបង្ហាញពីការកើនឡើងនូវលទ្ធភាពនៃការបង្កើតភាពប្រណីតពិតៗ។ រថយន្តនេះប្រៀបបាននឹងគ្រាប់ពេជ្រ Cullinan ដែលជាគ្រាប់ពេជ្រដ៏ល្អ និងធំបំផុតដែលពុំធ្លាប់បានរកឃើញកាលពីមុនមក ហើយរថយន្តនេះនឹងបង្ហាញខ្លួននៅពេលច្នៃរួចយ៉ាងល្អឥតខ្ចោះ និងលើសពីរថយន្តផ្សេងទៀត”។ដំណើររឿងដែលនាំឲ្យរថយន្ត Rolls-Royce ថ្មីនេះត្រូវបានដាក់ឈ្មោះថា Cullinan គឺកើតចេញពីការព្យាយាមចង់បង្កើតភាពល្អឥតខ្ចោះ។ ដូចនឹងដំណើររឿងរបស់គ្រាប់ពេជ្រដែរ រថយន្ត Rolls-Royce Cullinan បានឆ្លងកាត់នូវដំណើររឿងគួរជាទីចាប់អារម្មណ៍ ។ ចាប់ពីវាលខ្សាច់ដ៏សែនក្តៅនៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា ទៅកាន់ព្រឹលដ៏សែនត្រជាក់នៅតំបន់រង្វង់អាកទិក និងចាប់ពីតំបន់ជ្រលងស្មៅនៃតំបន់ខ្ពង់រាបប្រទេសស្កុតលែន ដល់តំបន់ជ្រលងជួរភ្នំខ្ពស់ៗនៅអាមេរិកខាងជើង អ្នករចនាម៉ូត វិស្វករ និងវិចិត្រកររបស់ក្រុមហ៊ុន រថយន្ត Rolls-Royce បានបង្កើតរូបរាង ធ្វើតេស្តសាកល្បង និងដុសខាត់រថយន្តដ៏ពិសេសនេះ ដើម្បីបំបាត់រាល់ចំណុចខ្វះខាត ហើយធ្វើឲ្យរថយន្តនេះ ជារថយន្តដែលប្រើប្រាស់ដោយ មិនបាច់ប្រឹង…គ្រប់ទីកន្លែង ។
លោក Müller-Ötvös បាននិយាយថា៖ “គំនិតរបស់យើងគឺកើតចេញពីដំណើរវីរភាព ដែលកើតមានជាច្រើនសតវត្សមកហើយ នៅក្នុងការបង្កើតគ្រាប់ពេជ្រ Cullinan។ ឈ្មោះ Cullinan នេះតំណាងឲ្យគ្រប់ជ្រុងទាំងអស់នៃការសន្យារបស់រថយន្តថ្មីរបស់យើងមួយនេះ។ វាជារថយន្តដែលបង្ហាញពីភាពធន់ និងភាពរឹងមាំនៅចំពោះមុខសម្ពាធខ្លាំងបំផុត ជារថយន្តបង្ហាញអំពីភាពកម្រ និងភាពមានតម្លៃ និងតំណាងឲ្យស្មារតីនៃការរុករក និងផ្សងព្រេងរបស់លោក Charles Rolls និងការបង្កើតថ្មីផ្នែកវិស្វកម្មរបស់លោក Henry Royce។ ពិតណាស់ រថយន្តនេះ គឺតំណាងឲ្យភាពប្រណីតទាំងស្រុងសម្រាប់ការធ្វើដំណើរ មិនថា អ្នកទៅកាន់ទីណានោះទេនៅក្នុងពិភពលោកនេះ”។
Cullinan គឺជារថយន្តទីពីររបស់យើង ដែលត្រូវធ្វើឡើងដោយប្រើប្រាស់បច្ចេកវិទ្យាស្ថាបត្យកម្មប្រណីត ដែលទើបតែប្រកាសថ្មីៗនេះ និងជាបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនដែលប្រើតួអាលុយមីញ៉ូម។ ភាពភ្លឺរលោងរបស់រថយន្តនេះគឺពិសេសដាច់គេ និងគ្មានគូប្រៀប ហើយគ្រប់ជ្រុងទាំងអស់របស់រថយន្ត Rolls-Royce Cullinan គឺសុទ្ធតែបញ្ចេញនូវពន្លឺភ្លឺរលោង។
លោក Müller-Ötvös បាននិយាយទៀតថា៖ “និយាយដោយសមញ្ញ ឈ្មោះថា Cullinan ជាឈ្មោះដែលល្អឥតខ្ចោះ និងបង្ហាញពីភាពភ្លឺត្រចះត្រចង់៕
ដោយ វឌ្ឍនា