ភ្នំពេញ៖រឿងក្តីលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បច្ចុប្បន្នបានរត់គេចខ្លួនទៅក្រៅប្រទេស ករណីចោទប្រកាន់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ជាអ្នកសម្លាប់បណ្ឌិតកែម ឡី នឹងត្រូវតុលាការកំពូល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ បើកសវនាការជំនុំជម្រះ។
មន្ត្រីតុលាការកំពូល ថ្លែងថា លោកស្រី ថាក់ ឡានី អាយុ៦៣ឆ្នាំ ជាប់ចោទពីបទ”បរិហារកេរ្តិ៍ជាសាធារណៈ និង ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”ប្រព្រឹត្តនៅភូមិតាប៉ាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨:៣០នាទី តាមមាត្រា៣០៥ មាត្រា៤៩៤ និង មាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។
កន្លងមក ទាំងសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោសលោកស្រី ថាក់ ឡានី ដាក់ពន្ធនាគាររយៈពេល១ឆ្នាំនិងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួន១០០រៀល។
នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី លោកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី ។
ដើម្បីស្វែងរកភាពយុត្តិធម៌ និង ភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រីតាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹងលោកស្រី ថាក់ ឡានី ដោយសំណូមពរឱ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀលប៉ុណ្ណោះ ៕ ចេស្តា