ខេត្តកំពង់ឆ្នាំង ៖ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចបានវែកមុខឃាតកឃើញហើយ ករណីអារកនារីម្នាក់ នៅចំណុចក្នុងព្រៃត្រែងបន្លាយួន ក្នុងដីរបស់ឈ្មោះ ហុន ហេ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ការពិតឃាតកគឺជាប្តីសោះ។
ជនសង្ស័យឈ្មោះជា ធីម៉ារ៉ាត់ អាយុ២២ឆ្នាំ ត្រូវបានសមត្ថកិច្វចាប់ខ្លួននៅក្រោយពេលកើតហេតុតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព ថា រូបគេពិតជាបានសម្លាប់ប្រពន្ធរបស់ខ្លួនពិតប្រាកដ មែន ដោយនៅមុនដំបូងគេបានទូរស័ព្ទហៅប្រពន្ធមកនិយាយគ្នារឿងបញ្ហាជម្លោះក្នុងគ្រួសារ តែនិយាយមិនត្រូវគ្នា ហើយប្រពន្ធក៏បានប្រើពាក្យសំដីមើលងាយធ្ងន់ៗ ធ្វើអោយរូបគេខឹងទប់ចិត្តមិនបានក៏ដាល់មួយដៃចំពោះបណ្តាលនាងចុកឆ្អល់និងសន្លប់លែងដឹងខ្លួន ហើយរូបគេបានយកកាំបិតអារកបន្ថែមរហូតដល់នាងដាច់ខ្យល់ស្លាប់តែម្តង។
ជនសង្ស័យបានសារភាពទៀតថា ក្រោយពីសម្លាប់ប្រពន្ធ រូបគេបានដោះយកគ្រឿងអាលង្ការ និង ប្រមូលយកលុយដែលនៅមានជាប់នឹងខ្លួននាង ហើយគេចខ្លួនចេញពីកន្លែងកើតហេតុតែម្តងទៅ។
គួររំឭកថា អំពើឃាតកម្មមួយបានកើតឡើង ដោយគេប្រទះ ឃើញសពស្ត្រីម្នាក់ បានស្លាប់ដោយមានឈាមប្រឡាក់ពេញមុខនៅក្នុងព្រៃត្រែងបន្លាយួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃចន្ទ១២រោចខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃត្រែងបន្លាយួន ក្នុងដីរបស់ឈ្មោះ ហុន ហេ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកជលគិរី បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហ៊ន ណាវី ភេទស្រី អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ស្រ្តីរងគ្រោះ បានបាត់ពីផ្ទះដោយមិនដឹងមូលហេតុ ឃើញតែទារក អាយុ៦ខែជាកូនយំលើផ្ទះតែម្នាក់ឯង ។ ដោយបាត់កូនស្រីយូរមិនដឹងទៅណាបន្ទាប់មកឪពុកស្រី្តរងគ្រោះបាននាំសាច់ញាតិក្នុងភូមិ ដើររក រហូតដល់ម៉ោង៧យប់ ទើបឃើញសពស្រី្តរងគ្រោះដេកស្លាប់ក្នុងព្រៃត្រែងបន្លាយួននៅ ចម្ងាយពីផ្លូវប្រមាណ២៥ម៉ែត្រ ទើបនាំគ្នាផ្អើលឆោឡោ ប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះទៅធ្វើកោសល្យវិច័យ ។
ប្រភពដដែលបានឲ្យដឹងទៀតថា បើតាមការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសព សមត្ថកិច្ចឲ្យដឹងថា ឃើញសភាពសព ស្រី្តរងគ្រោះត្រូវឃាតក សម្រាតខោមកត្រឹមភ្លៅ និងនៅលើ.ក មានស្លាកស្នាមមុតជិត ដាច់បំពង់ក ថែមទាំងបាត់គ្រឿង អលង្ការ (មាស)នៅជាប់នឹងខ្លួនមួយចំនួនទៀតផងដែរ៕ ចន្ថា