ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានកិត្ដិយស និង សេចក្ដីសោមនស្សរីករាយ សូមជម្រាបជូន សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បង-ប្អូន ជនរួមជាតិទូទាំងប្រទេស ឱ្យបានជ្រាបថា កាកបាទក្រហមកម្ពុជានឹងប្រារឰមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរខួបទី ១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅវេលាម៉ោង ៨ ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុនេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សប្បុរសជន បង-ប្អូន ជនរួមជាតិគ្រប់មជ្ឈដ្ឋាន ចូលរួមទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់តម្លៃមនុស្សធម៌ និងកៀរគររកមូលនិធិដើម្បីបន្តធ្វើប្រតិបត្តិការជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតដោយគ្រោះមហន្តរាយ ផ្សេងៗដោយពុំមានការរើសអើង បែងចែកពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយ ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ៕
ដោយ៖ សហការី