ខេត្តតាកែវ ៖ នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ បង្កឲ្យឆាបឆេះបន្ទប់ម៉ាតស្ថានីយ៍ប្រេងឥន្ធនៈរបស់ឈ្មោះ ហេង ហាក់ហ៊ុយ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។
មន្ត្រីនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា បន្ទប់ម៉ាតដែលខូចខាតរួមមាន បន្ទប់ម៉ាតទំហំ១២ម៉ែត្រ x ៥ម៉ែត្រ (ខូចខាត៧០ភាគរយ) រ៉ឺម៉កម៉ូតូ១គ្រឿង តុឈើ២ និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួន ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ស្នងការដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញនគរបាលស្រុកត្រាំកក់ ចុះអន្តរាគមន៍ពន្លត់បានទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង (រថយន្តខេត្ត២គ្រឿង-ស្រុកត្រាំកក់១គ្រឿង) ប្រើទឹកអស់ចំនួន៣រថយន្ត ទើបពន្លត់បានជាស្ថាពរ ។
មូលហេតុបណ្ដាលមកពីកម្មករលួចបូមប្រេង ហើយក៏ទុស្សេខ្សែភ្លើងម៉ូទ័របូម បណ្ដាលឱ្យឆាបឆេះតែម្ដង ។ ភ្នំដា
![](http://nkdnews.com/wp-content/uploads/2018/02/9DF2A12B-6421-4252-8318-AA66C0DA9C9D.jpeg)