មេច្រកប៉ុស្តិ៧-ណាំលៀ ព្រហើនណាស់អោយឈើឆ្លងទៅវៀតណាម៣យប់ជាប់ៗគ្នាមានចំនួន រាប់រយឡានឡង់គ្រឺស័រកែច្នៃ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ គ្រាន់តែ២យប់ គឺយប់ថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៨ មេច្រកប៉ុស្តិ៧-ណាំលៀ បានអនុញ្ញាតអោយឈើឆ្លងទៅវៀតណាម១៨០ឡាន ឬអាចលើសពីនេះ(កុំអោយច្បាស់ពេកអី)។ ដោយឈើទាំងនោះនាំពីស្រុកកោះញែក និងមានឈ្មួញឈ្មោះ ឃិន បញ្ញា ហៅ ទីន កូនលោក ឃិន ម៉េងស្រេង ជាអ្នកចាត់ចែងរត់ផ្លូវ រហូតដល់បែកការណ៍ទម្លាយចេញមកក្រៅអោយដឹងថា៖ ១ឡានចំណាយលើសមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័នអស់ចំនួន៣៩០ដុល្លារ។
គេទទួលស្គាល់ថា៖ មេច្រកប៉ុស្តិ៧-ណាំលៀ គាត់ព្រហើនណាស់ មិនញញើតច្បាប់ មិនខ្លាចរអា ថ្នាក់លើសូម្បីបន្តិច អាចមានភ្លើងខៀវពីថ្នាក់លើ ទើបច្រក១នេះចេញឈើទៅវៀតណាមម្តងៗដូចហែរកឋិន។ ជាក់ស្តែង នៅយប់ថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឈើឆ្លងទៅវៀតណាម១៨០ឡានហើយ ក៏គាត់នៅហ៊ានអោយចេញបន្ថែមនាទាបភ្លឺឈានចូលព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ រាប់សិបឡានទៀត។ ដូច្នេះយប់ថ្ងៃទី១៦-១៧ និងទាបភ្លឺឆ្លងចូលថ្ងៃទី១៩ កុម្ភះ បន្តចេញដដែល។
មន្ត្រីនៅខេត្តមណ្ឌលគិរីបានបង្ហើបថា៖ យប់ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៨ បញ្ហាឈ្មួញត្រៀមចេញឈើជិត១០០ឡាន ត្រូវបានបែកការណ៍ អ្នកតូចអ្នកធំជាច្រើនស្ថាប័ន ថែមទាំងយកកម្លាំងមកល្បាតតាមដងផ្លូវ តាមរយះប្រើរូបភាពវិធានការទប់ស្កាត់។ ប៉ុន្តែបទល្មើសឈើឆ្លងទៅវៀតណាមតាមច្រកប៉ុស្តិ៧-ណាំលៀ កើតឡើងដោយអំពើពុករលួយលក្ខណះប្រព័ន្ធដដែល ខណះ ពួកគេមិនបានបំពេញភារកិច្ចជាអ្នកល្បាត ឬជាអ្នកទៅទប់ស្កាត់បង្ក្រាប ឬបិទច្រកទេ គឺគេប្រើយុទ្ធសាស្ត្រល្បាតផង រាយការណ៍អោយឈ្មួញសំងំផង ចូលចតពួនលាក់ឈើផង តែចុងក្រោយនៅវេលាទាបភ្លឺព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៨ បានបង្ខំអោយឆ្លងទៅវៀតណាមបានយ៉ាងរលូន ត្រឹម១ពព្រិចភ្នែក ព្រោះរឿងនេះរត់ការរួចរាល់ទៅហើយ។
បទល្មើសឈើឆ្លងទៅវៀតណាមតាមច្រកប៉ុស្តិ៧-ណាំលៀ ដើម្បីបញ្ចៀសការទទួលខុសត្រូវពីលោក ស្វាយ សំអ៊ាង អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឬអាចបែកការណ៍ដល់ថ្នាក់លើ ស្រាប់តែគេឃើញលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីធ្វើបញ្ចេញប្រតិកម្ម និងតម្រូវអោយគណៈបញ្ជាការឯកភាពស្រុក ពេជ្រាដា លោក មើល សឿន សហការជាមួយកម្លាំងក្រោមឱវាទធ្វើរបាយការណ៍ក្នុងរឿងបទល្មើសដឹកជញ្ជូនឈើឆ្លងទៅវៀតណាមតាមច្រកប៉ុស្តិ៧-ណាំលៀ ដោយគ្រាន់តែលើកអំណះអំណាងថាគ្មានឈើឆ្លងកាត់ ក្នុងនោះលោក មើល សឿន ធ្វើការងារនេះដ៏បន្ទាន់និងយកចិត្តទុកដាក់បំផុតតាមបញ្ជាចៅហ្វាយខេត្តលោក ស្វាយ សំអ៊ាង ដោយគ្មានវិធានស្រាវជ្រាវ គ្មានការទទួលខុសត្រូវ និងហ៊ានក្បត់ឧត្តមគតិខ្លួនឯង បង្ខំចិត្តធ្វើលិខិតបដិសេធក្នុងនាមជាគណៈបញ្ជាការឯកភាពស្រុក ក្នុងនោះត្រូវបានគេទម្លាយអោយដឹងថា៖ យោងតាមលិខិតលេខ០០៩/១៨ លបស របស់រដ្ឋបាលស្រុកពេជ្រាដា នាព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៨ គឺមានចេតនាវាយបកមកអង្គភាព គេហទំព័រ«នគរដ្រេហ្គន»ដើម្បីជាឯកសារផ្លូវការអោយចៅហ្វាយខេត្តទុកជាទុនឆ្លើយបំភ្លឺថ្នាក់លើ ដោយចៅហ្វាយស្រុកបញ្ជាក់ថា៖ ខ្លួនសូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់អង្គភាពសារព័ត៍មាន «នគរដ្រេហ្គន» ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៨ អំពើការចោទប្រកាន់បានសសេរបំផ្លើស គឺជាការចុះផ្សាយព័ត៍មានមិនពិត ចុះបំភ្លៃគ្មានមូលដ្ឋានពិតប្រាកដ។
ចំណុចនេះក៏លេចចេញជាចំងល់ តើការបដិសេធបែបនេះអាចយកជាមូលដ្ឋានបានទេ ដែលថ្នាក់លើចាត់ទុកថាការងាររដ្ឋបាលរបស់លោក មើល សឿន មានតម្លាភាព តាមរយះលិខិតឬព័ត៍មានត្រូវខ្លួនស្រាវជ្រាវថាច្រកប៉ុស្តិ៧-ណាំលៀ អត់ចេញឈើទៅវៀតណាម.? បើគាត់ត្រឹមតែបានលើកសំអាងថា៖ រយះពេលបុណ្យចូលឆ្នាំចិន-វៀតណាមថ្ងៃទី១៥-១៦-១៧ ខែកុម្ភះ ឆ្នាំ២០១៨ ក្នុងនាមខ្លួនជាគណៈបញ្ជាការឯកភាពស្រុក បែងចែកកម្លាំងការងារ ការពារសន្តិសុខ សណ្តាប់ ជូនប្រជាពលរដ្ឋ និងទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ..?
មន្ត្រីខ្លះហួសចិត្តនិងលិខិតបដិសេធចៅហ្វាយនាយខ្លួន ព្រោះហ៊ានចេញមុខមកបដិសេធរឿងបទល្មើសដឹកជញ្ជូនឈើក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង រហូតដល់ពួកប្រើពាក្យចំអកថា៖ លោក មើល សឿន អភិបាលស្រុក ពេជ្រាដា អាចកុហកអ្នកដទៃឬថ្នាក់លើបាន ខណះគាត់ខាងលើ មានចរិក«កន្ទេលធំបន្លំដេក»ដោយសារតែផលប្រយោជន៍..តែលោក មើល សឿន កុហករឿងពិតដល់ខ្លួនឯងមិនបានទេ»។
ពាក់ព័ន្ធករណីនេះអង្គភាព«នគរដ្រេហ្គន» មិនអាចទាក់ទងបានទេពីលោក សំរិទ្ធ ណយ មេប៉ុស្តិច្រកប៉ុស្តិ៧-ណាំលៀ នាព្រឹកថ្ងៃទី១៩ កុម្ភះ ឆ្នាំ២០១៨ ដើម្បីសុំការពន្យល់បំភ្លឺ ដោយគ្មានលេខទូរស័ព្ទ។ ដោយឡែកលោក ទៀង សៅរ័ត្នន៍ ស្នងការរង ទទួលបន្ទុកព្រំដែនបានអោយដឹងថា៖ ខ្ញុំបានសួរទៅខាងប៉ុស្តិហើយតែអត់មានអ្នកប្រាប់រឿងហ្នឹងសោះ ពួកគេគ្រាន់តែឆ្លើយថាអត់មានឈើចេញទេ។ លោកបន្តថា៖ មានមែនឈើចេញ តែនៅគោលដៅផ្សេងដូចជាតាមច្រកងាំជាដើម បើនៅច្រកប៉ុស្តិ៧-ណាំលៀអត់មានអ្នកឆ្លើយរឿងនេះសោះ ក្នុងនោះសូម្បីតែក្មួយគាត់ធ្វើការនៅច្រកនេះផ្ទាល់ក៏ប្រាប់ថាអត់ឈើចេញ។
លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តបានប្រាប់អង្គភាព«នគដ្រេហ្គន»ថា៖ ករណីនៅច្រកប៉ុស្តិ៧-ណាំលៀ ខ្ញុំបានដឹងហើយ ដឹងព័ត៍មាននេះដូចអ្នកសារព័ត៍មានដែរ មិនតែប៉ុណ្ណោះលោកថែមទាំងអោយខាងកម្លាំងចុះទៅសហការជាមួយខាងសាធារណៈការដើម្បីចូលរួមពិនិត្យឡានកែច្នៃ ហើយយកទៅដឹកឈើបែបនេះ។ លោកស្នងការបន្តថា៖ កម្លាំងមួយចំនួនទៀតអោយសហការជាមួយខាងជំនាញរដ្ឋបាលព្រៃឈើ ខាងបរិស្ថានដើម្បីទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើនេះ។
ខេត្តមណ្ឌលគិរីបទល្មើសឈើមានលក្ខណះកើនឡើង ទោះជាឈ្មួញពួកគេឈប់ ឬបន្ថយការប្រើឡានយីឌុប V1ធំៗកែច្នៃដឹកឈើ ក៏សកម្មភាពដឹកតាមឡានឡង់គ្រឺស័រកែច្នៃមានទ្រង់ទ្រាយធំជាងមុន ពិសេសច្រកប៉ុស្តិ៧-ណាំលៀ នេះតែម្តង២យប់១៨០ឡាន និងទាបភ្លឺព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៨ នៅសមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័នអនុញ្ញាតអោយឈើឆ្លងទៅវៀតណាមដដែល គ្រាន់តែចំណាយអស់ចំនួន៣៩០ដុល្លារក្នុង១ឡាន។
ក្នុងករណីនេះអង្គភាព«នគដ្រេហ្គន»មិនអាចសុំការបំភ្លឺបានទេពី លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៨ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print