ខេត្តស្វាយរៀង៖ យោងតាមលោកវ៉ាន់សារ៉ាតប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងថ្លែងប្រាប់កាសែតនគរវត្តថា ប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនទើបមានភ្ញៀវទេសចរអន្តរជាតិគ្រប់សាសន៏មកទស្សនាក៏ដូចជាលំហែកាយដើរកំសាន្តមានការកើនឡើងគួរអោយកត់សំគាល់ជាក់ស្ដែងគិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ )ក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមភ្ញៀវឆ្លងកាត់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតមានភ្ញៀវទេសចរណ៍ខ្មែរចូលសរុបមានចំនួន ៦២៧ នាក់ ថយចុះចំនួន ៨,៤៤៥ នាក់ ស្មើនឹង ៩៣.០៩% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ៩,០៧២ នាក់។
ភ្ញៀវទេសចរខ្មែរចេញសរុបមានចំនួន ១,០០៧ នាក់ ថយចុះចំនួន ២,២៦៨ នាក់ ស្មើនឹង ៦៩.២៥% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ៣,២៧៥ នាក់។
លោកប្រធានមន្ទីរបានបន្តទៀតថាចំណែកឯភ្ញៀវទេសចរណ៍អន្តរជាតិភ្ញៀវទេសចរបរទេសចូលតាមច្រកអន្តរជាតិបាវិតនេះសរុបមានចំនួន ៧,៦៧០ នាក់ កើនទ្បើងចំនួន ៦,៦៥៨ នាក់ ស្មើនឹង ៦៥៧.៩១ %បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ១,០១២ នាក់។ភ្ញៀវទេសចរបរទេសចេញសរុបមានចំនួន ២០៥២ នាក់ កើនទ្បើងចំនួន ៩២៥ នាក់ ស្មើនឹង ៨២.០៨%បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ១,១២៧ នាក់។
លោកវ៉ាន់សារ៉ាតបានថ្លែងទៀតថាភ្ញៀវចូលទស្សនារមណីយដ្ឋាននានានៅក្នុងខេត្តនៅឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះមានការកើនឡើងដោយ មានភ្ញៀវទេសចរណ៍មកទស្សនារមណីយដ្ឋាននានា មានចំនួនសរុប ១៧៩៩ នាក់ ស្រី ៩៨៦ នាក់ ក្នុងនោះ ជនបរទេស ៦៥ នាក់ ស្រី ៣១ នាក់ មានការកើនឡើងចំនួន ១៥២៤ នាក់ ស្មើនឹង ៥៥៤.១៨ % បើធៀបនឹងឆ្នាំ ២០១៧ មាន ២៧៥ នាក់ ហើយភាគច្រើននៃភ្ញៀវទេសចរមក គឺក្នុងគោលបំណងទេសចរណ៍៕ យឹម សុថាន