ភ្នំពេញ៖បុរសស្រវឹងម្នាក់ ដែលបើករថយន្តបំបុកសមត្ថកិច្ចបណ្តាលឱ្យប៉ូលិសចរាចរណ៍ខណ្ឌឫស្សីកែវម្នាក់របួសធ្ងន់ ទំនងគេចមិនផុតពីពន្ធនាគារទេ បន្ទាប់ពីតុលាការសម្រេចចោទប្រកាន់ជាផ្លូវការនោះ។
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ នេះ សម្រេចចោទប្រកាន់ឈ្មោះ សា សារី ហៅ សារី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ចំនួនពីរបទល្មើស គឺបទ”ប៉ុនប៉ងឃាតកម្ម និង បទប្រឆាំងនឹងអ្នករាជការសាធារណៈ”តាមមាត្រា២៧ មាត្រា១៩៩ និង មាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។ ដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ។
គួរបញ្ជាក់ថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចដេញឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបើករថយន្តបំបុកនគរបាលចរាចរណ៍ដែលកំពុងអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ នៅខណ្ឌឫស្សីកែវ។
អ្នកច្បាប់មួយរូប អះអាងថា បុរសរូបនេះ អាចជាប់បទល្មើស”ប៉ុនប៉ងឃាតកម្ម”តាមមាត្រា២៧និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។
នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នគរបាលចរាចរណ៍បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ហើយរថយន្តមួយគ្រឿងបើកចូលមក នគរបាលបានសួរនាំដើម្បីត្រួតពិនិត្យ ស្រាប់តែបុរសរូបនេះ បើកបំបុកធ្វើឱ្យនគរបាលម្នាក់ឈ្មោះហ៊ុល ចាន់រាសី របួសធ្ងន់បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត តែម្ដង។ ជនរងគ្រោះកំពុងស្ថិតក្រោមការព្យាបាលនៅឡើយ ដោយពុំទាន់បានធូរស្រាលឡើយ៕
ដោយ៖ ចេស្តា