ខេត្តកំពង់ធំ ៖ ក្រុមអាជីវករលក់សាច់ គោ ក្របី និង សាច់ជ្រូក នៅផ្សារកំពង់ធំ ចំនួន៨នាក់ក្នុងចំណោមអាជីវករជាច្រើន នាក់ បានបញ្ចេញប្រតិកម្មតចំពោះអាជ្ញាធរមានសមត្ថកិច្ចថាបានឃុបឃិតគ្នាជាមួយអ្នកលក់យ៉ាងអនាធិបតេយ្យតាមដងផ្លូវ បន្ទាប់ពី ប្រតិកម្មខាងលើនេះបានកើតឡើងជាច្រើនលើកមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយសមស្របណាមួយដែលក្រុមអាជីវករលក់ដូរក្នុងផ្សារអាចទទួលយកបាននោះឡើយ។
ក្រុមអាជីករលក់សាច់គោ ក្របី ជ្រូក នៅផ្សារកំពង់ធំតែងតែត្អូញត្អែរថា ពួកគាត់លក់មិនដាច់ដោយសារអាជ្ញាធរក្រុងស្ទឹងសែននិងមន្រ្ដីពេទ្យសត្វខេត្តឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយឲ្យមាន អ្នកលក់ សាច់គោ ក្របី ជ្រូក យ៉ាងអនាធិបតេយ្យ នៅតាមដងផ្លូវជាតិលេខ៦ ដោយអ្នកលក់ទាំងនោះកាប់សត្វនៅតាមផ្ទះគ្មានឆ្លងការពិនិត្យពីពេទ្យសត្វ ពេលខ្លះកាប់គោ ក្របី មានជំងឺ និងងាប់ យកមកលក់ក្នុង តម្លៃ ថោក, បំបាត់ចំណូលរដ្ឋធ្វើឲ្យខូចហាង ឆេង ដោយសារពួកទាំងនោះមិនបានបង់ សព្វគ្រប់ដូចពួក គាត់ធ្វើអាជីវកម្ម ស្រប ច្បាប់បង់គ្រប់បែបយ៉ាងចូលដូច្នេះទេ ។
ពួកគាត់បានទិញតូបនៅក្នុង ផ្សារអស់ រាប់ម៉ឺនដុល្លារ និងបង់លុយឲ្យពេទ្យសត្វ និងនគរបាលក្នុង១ក្បាល១៧.០០០រៀលនិងបង់សត្តឃាត៨៥០០រៀលទៀត តែលក់មិនដាច់ដូច្នេះពួកគាត់សូមសំណូមពរឲ្យអាជ្ញាធរក្រុងស្ទឹងសែន ព្រមទាំងលោក អភិបាលខេត្តកំពង់ធំ ជួយលុបបំបាត់ ចោលការលក់ដូរសាច់គោ ក្របី ជ្រូកនៅ តាមដងផ្លូវហើយឲ្យចូលមកលក់នៅក្នុង ផ្សារវិញ។
លោក ចាន់ បញ្ញាវ័ន្ដ មន្ត្រីពេទ្យសត្វខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតថា លោកមិនអាចបញ្ឈប់ អ្នកលក់ សាច់គោ ក្របី តាមផ្លូវបានទេវាជា ភារកិច្ចរបស់អាជ្ញាធរដែនដី ហើយលោកគ្រាន់តែជួយចេញសេចក្ដីណែនាំក្នុងការលក់ដូរឲ្យមានអនាម័យ និងសណ្ដាប់ធ្នាប់ តែប៉ុណ្ណោះ តែបើចង់បន្ទោសទៅបន្ទោស អាជ្ញាធរទៅ ព្រោះអាជ្ញាធរមូលដ្ឋានជាអ្នកឲ្យលក់៕ ប៊ុន រិទ្ធី