ខេត្តកំពង់ឆ្នាំង៖ ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆេះខ្ទេចគ្មានសល់ និង២ខ្នងទៀតរងនូវផលប៉ះពាល់ តែមិនរងគ្រោះថ្នាក់ដល់មនុស្សនោះទេ ដែលករណីអគ្គិភ័យនេះត្រូវបានកើតឡើងពីរកន្លែងផ្សេងគ្នា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ហេតុការណ៍ទី១បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទី នៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បង្កឲ្យផ្ទះចំនួន១ខ្នងឆេះខ្ទេចគ្មានសល់ និង ១ខ្នងទៀតដែលនៅជាប់ឆេះអស់មួយចំហៀង ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបានចេញជួយអន្តរាគមន៍ពន្លត់ភ្លើង។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះដែលបង្ករអគ្គិភ័យមានឈ្មោះ ព្រំ សុភី អាយុ៦៧ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅក្នុងភូមិ ឃុំ ខាងលើ ។
ស្ត្រីម្នាក់ដែលស្ថិតក្នុងហេតុការណ៍នេះបានប្រាប់សមត្ថកិច្ចអោយដឹងថា រូបគាត់មិនដឹងថា ភ្លើងឆេះពីពេលណានោះទេ ព្រោះក្រោយពេលបាយហើយរូបគាត់បានដេកនៅក្នុងបន្ទប់ ពេលដឹងខ្លួនឡើង ឃើញភ្លើងបានឆេះចេញពីក្រោយសន្ធោសន្ធៅបាត់ទៅហើយ ក្នុងពេលនោះ រូបគាត់បានរត់យករួចតែខ្លួនតែប៉ុណ្ណោះ ។
សមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យនេះបណ្តាលមកពីភ្លើងជើងក្រាន ដែលពន្លត់មិនអស់ បានឆេះអស់កង់ ចំនួន៥គ្រឿង ទូរស័ព្ទដៃ២គ្រឿង មាស១ជី និង ប្រាក់២០ម៉ឺនរៀលចំណែកផ្ទះឈ្មោះ ទេព សួង គឺឆេះអស់ ប្រមាណ ៥០ភាគរយតែមិនមានបាត់បង់ទ្រព្យសម្បត្តិនោះទេ ។
ចំណែកឯករណីទី២បានកើតឡើងកាលពីវេលាម៉ោង១៧ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈដែលម្ចាស់ផ្ទះបិទទ្វារចោលទៅលក់នៅឯផ្សារ ប៉ុន្តែអគ្គិភ័យនេះត្រូវបានប្រជាពលរដ្ឋជួយពន្លត់ទាន់ គឺបណ្តាលអោយឆេះជញ្ជាំងស្លឹកនៅខាងមុខនិងទូរទស្សន៍ផងដែរ ។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះនេះមានឈ្មោះ អ៊ូ អ៊ីវ ភេទស្រី អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ផ្ទះនេះជាផ្ទះដំបូលប្រក់ស័ង្គសី និង ជញ្ជាំងស្លឹក ត្រូវភ្លើងឆេះអស់ជញ្ជាំងផ្នែកខាងមុខ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុមានធំខ្លិនឆ្ងៀម យ៉ាងខ្លាំង ហើយក៍ឆេះចេញអណ្តាតភ្លើងតែម្តង ប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍នោះបាននាំគ្នាបូមទឹកបាញ់ពន្លត់ រហូតដល់រលត់តែម្តង ។
សមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង ដែលបង្ក អោយឆេះទូរទស្សន៍ និង ទ្រព្យសម្បត្តិមួយចំនួនផងដែរ ៕
ដោយ៖ ចន្ថា