ភ្នំពេញ៖ លោក លី ឆេង និង លោកជំទាវ ប៊ូ អ៊ា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកប៊ែលធី រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទានសាមគ្គីមួយ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ ត្រីមាសក្នុងវត្ត ចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ និង ព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនារួចមក លោក រស់ រឿន ចៅសង្កាត់ស្ពានថ្ម និងជាគណៈកម្មការបុណ្យ បានរៀបរាប់អំពីការខ្វះខាត និងការលំបាក ក្នុងការកសាង សាលាឆាន់ និងសាលាពុទ្ធិកបឋមសិក្សាមួយខ្នង ដែលបច្ចុប្បន្នសម្រេចបានជាង ៦០%ហើយ នឹងត្រូវគ្រោងចំណាយថវិកា អស់ប្រហែល ២០ម៉ឺនដុល្លា ។
លោក រស់ រឿន ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម លី ឆេង ថ្នាក់ដឹកនាំ និងបុគ្គលិកប៊ែលធីដែលកន្លងមក តែងតែបានជួយឧបត្ថមគាំទ្រ ដល់ប្រជាពលរដ្ឋសង្កាត់ស្ពានថ្មទាំងមូល ដូចជា៖ បានជួយឧបត្ថម ប្រាក់ខែ គ្រូបង្រៀនភាសាអង់គ្លេស ២នាក់ ក្នុងមួយខែ ១៨៥ដុល្លា សម្រាប់ជួយបង្រៀនសិស្សចំនួនជាង ១៥០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម បានចូលបុណ្យរំលែកទុក្ខជាមួយក្រុមគ្រួសារសព ក្នុងម្នាក់ ២០ម៉ឺនរៀល ឧបត្ថមដល់ ស្ត្រីឆ្លងទន្លេ ក្នុងម្នាក់ ១០ម៉ឺនរៀលដោយមិនប្រកាន់និន្នាការនយោបាយ ព្រមទាំងអរគុណចំពោះលោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបាននាំយកអំណោយមូលនិធិសប្បុរសធម៌ប៊ែលធី ជូន ក្រុមគ្រួសារជួបការលំបាកក្នុងសង្កាត់ស្ពានថ្ម ចំនួន ៥០គ្រួសារ ក្នុងមួយគ្រួសារគិតជាទឹកប្រាក់ប្រហែល ១០០ដុល្លា។
ឋិតក្នុងឱកាសនោះដែរ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ សំណេះសំណាល កោតសសើរ និងថ្លែងអំណរព្រះគុណ អរគុណ ចំពោះព្រះចៅអធិការ ព្រះសង្ឃ និង ពុទ្ធបរិស័ទចំណុះ ជើងវត្ត ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុប ទាំងអស់ ដែលបានរួមសហការគ្នា ផ្តួចផ្តើមធ្វើអង្គកឋិនទានសាមគ្គីមួយនេះឡើង ។ ឯកឧត្តមក៏បានជម្រាបអំពី គោលបំណង នៃបុណ្យកឋិននេះ គឺដើម្បីប្រមូល បច្ច័យចូលរួមចំណែកកសាងសមិទ្ធផលនានា ដែលកំពុងខ្វះខាតនៅក្នុងបរិវេណវត្តចំការខ្សាច់នេះ ជាពិសេស សាលាឆាន់ និងសាលាពុទ្ធិកបឋមសិក្សាមួយខ្នងដែលកំពុងសាងសងនេះ នឹងត្រូវចំណាយទឹកប្រាក់អស់ចំនួនប្រហែល ២០ម៉ឺនដុល្លា ។
លោក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំអស់ ឲ្យនាំកូនចៅទៅចុះឈ្មោះចូលរៀននៅក្នុងបវេសនកាលថ្មីខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ព្រោះថាធនធានមនុស្សជាកត្តាសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត។ លោក បានបន្តថា ក្មួយៗសិស្សានុសិស្សទាំងអស់ មានសំណាងណាស់ដែលកើតនៅសម័យសម្តេចតេជោនេះ ព្រោះ ប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ។
សូមបញ្ជាក់ថា អង្គកឋិនទានសាមគ្គីនេះ ទទួលបានបច្ច័យ សរុបចំនួន ១០៩.១៧៨.៧០០រៀល (មួយរយ ប្រាំបួនលាន មួយរយចិតសិបប្រាំបីពាន់ ប្រាំពីររយរៀល) ហើយបច្ច័យទាំងអស់នេះ ត្រូវបានវេរប្រគេនជូនដល់ព្រះសង្ឃ នៅវត្តចំការខ្សាច់ទុក សម្រាប់កសាងសមិទ្ធផលនានាតាមពុទ្ធានុញ្ញាត៕
ដោយ៖ សុខ ខេមរា