ខេត្តបាត់ដំបងៈ បុរសម្នាក់ បានរត់ទៅចងកសម្លាប់ខ្លួនបានសម្រេច ក្រោយពីបបួលប្រពន្ធទៅធ្វើការនៅប្រទេសតែ ប្រពន្ធមិនទាន់ព្រមទៅក៏ច្របាច់កប្រពន្ធសន្លប់ស្ដូកស្ដឹងហើយនឹកស្មានថាប្រពន្ធស្លាប់ ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតែម្តងទៅ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥និង៥០នាទីល្ងាចថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្រុម២ ភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ស្រុករតនមណ្ឌលបានឲ្យដឹងថា មុនពេលកើតហេតុ បុរសឈ្មោះ យ៉ង ប៊ុនធឿន អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បាននិយាយបបួលប្រពន្ធទៅធ្វើការនៅប្រទេសថៃ តែប្រពន្ធប្រាប់ថា ឲ្យរង់ចាំដល់ថ្ងៃទី២៥ ខែ កុម្ភៈនេះសិនទៅ ចាំទៅទាំងអស់គ្នា ។ បន្ទាប់ពីប្រពន្ធប្រកែកមិនទាន់ទៅ ធ្វើឲ្យបុរសនេះខឹង និងមិនសុខចិត្តក៏មានការជជែកគ្នាតឹងសរសៃក ហើយទីបំផុត បុរសនេះបានស្ទុះទៅទះកំផ្លៀងប្រពន្ធពីរ បីដៃ និងច្របាច់ករហូតដល់នាងសន្លប់បាត់ស្មារតីលែងមាត់លែងក។បន្ទាប់មកបុរសនេះនឹកស្មានថាប្រពន្ធស្លាប់ ក៏រត់ទៅចងកខ្លួនឯងរហូតដល់ស្លាប់នៅក្រោយផ្ទះមើលទៅគួរឲ្យហួសចិត្ត ។
ប្រភពដដែលបន្តថា ក្រោយយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា បុរសនេះពិតជាស្លាប់ដោយធ្វើអត្តឃាតចង.កប្រាកដមែន រួចក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋានតែម្តង ៕ សហការី