ក្រុមឈ្មួញវៀតណាមលួចធ្វើផ្លូវច្រករបៀងក្នុងស្រុកអូរយ៉ាដាវងាយស្រួលលួចចូលមកដឹកឈើ

ចែករំលែក៖

ខេត្តរតនគិរី ៖ នៅពេលយប់មានរថយន្តឡង់គ្រីស័រ កាត់ទ្រុង៥ ទៅ៦គ្រឿង និងម៉ូតូរាប់រយ​គ្រឿងបានសម្រុកចូលមក ដឹកឈើប្រភេទសុក្រំ, ឈើឈ្លីកឆ្លង​កាត់ច្រករបៀងលេខ១៩, ច្រករបៀងភ្នំក្រហម ក្នុងស្រុកអូរយ៉ាដាវ ដែលគ្រប់គ្រងដោយនគរបាលវរៈការពារ​ព្រំដែន​លេខ៦២៣ មានលោកលោក ងួន សុវណ្ណា ជាប្រធាន​ និងយោធាវរការពារព្រំដែន​លេខ១០២ មានលោក អ៊ុក សុធី ជាប្រធាន ។ នេះបើតាមការឲ្យដឹងពី​ប្រជាពលរដ្ឋរស់នៅស្រុកអូរយ៉ាដាវ បានលួចបង្ហើបប្រាប់ភ្នាក់ងារកាសែតនគរវត្ត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។
ប្រជាពលរដ្ឋទាំងនោះបានបង្ហើបឲ្យដឹងទៀតថា ការលួចបើកច្រករបៀងទាំងនេះធ្វើឡើង ដោយក្រុមឈ្មួញវៀតណាម ឃុបឃិតគ្នាជាមួយមន្រី្តយោធា និងនគរបាលវរការពារព្រំដែនខ្មែរ ហើយក្នុងនោះ​មានមន្ត្រីនគរបាលម្នាក់ ឈ្មោះ ចាន់ ដារ៉ា (ហៅយ៉ាត) ធ្វើជាខ្នងបង្អែករឹងមាំ ឲ្យឈ្មួញឈើវៀតណាម ចូលមកលួចធ្វើផ្លូវឆ្លងចូលទៅដីវៀតណាមសម្រាប់ដឹក​ឈើពីកម្ពុជាទៅវៀត​ណាមយ៉ាងងាយស្រួល ។ មានគំនរឈើនិងសកម្មភាពដឹកជញ្ជូន​ឈើតាមរថយន្ត និង ម៉ូតូ​ជាច្រើនគ្រឿងដើម្បី​បញ្ចូលឃ្លាំង​មេឈ្មួញវៀតណាមមិនទាន់អស់នៅឡើយ ត្រូវបានគេមើលឃើញកាលពីម្សិលមិញនេះ ។
ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋនៅស្រុកអូរយ៉ាដាវនេះ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ភ្នាក់ងារកាសែតនគរវត្ត​មិនអាចសុំការបំភ្លឺពីលោក ងួន សុវណ្ណា ប្រធានវរនគរ​បាល​ព្រំដែនលេខ៦២៣ និងលោក អ៊ុក សុធី ប្រធានវរយោធាការពារព្រំដែនលេខ១០២ បានទេ បន្ទាប់ពីគេដឹងថា ការលួចបើកច្រករបៀងដើម្បីបម្រើផលប្រយោជន៍បុគ្គល ជារឿងខុសច្បាប់នោះ ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print