សវនាការលើកទី១លើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ បានបិទបញ្ចប់

ចែករំលែក៖

អង្គជំនុំជម្រះតុលាការកំពូល បានបញ្ចប់សវនាការលើកទី១លើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០១ នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៥ នេះ បន្ទាប់ពីដំណើរការសវនាការរយៈពេលបីថ្ងៃរួចមក។ អង្គជំនុំជម្រះបាន បើកសវនាការនៅថ្ងៃទី២ ទី៣ ខែកក្កដា និងទី៦ ខែកក្កដានេះដើម្បីស្តាប់សក្ខីកម្មសាក្សីចំនួនបីរូប។ លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានថ្លែងថា សាក្សីបីរូបត្រូវបានកោះហៅមកផ្តល់
សក្ខីកម្មតាមការស្នើសុំរបស់មេធាវីការពារក្តីឱ្យជនជាប់ចោទ នួន ជា ទី១ គឺលោក សៅ វន ទី២ លោក សម សិទ្ធី និងទី៣ គឺលោក តោត តឿន។
បើតាមលោក នេត្រ ភក្ត្រា សាក្សីទាំងបីរូបត្រូវបានចោទសួរពីសំណាក់ភាគីដោយផ្តោតសំខាន់ពាក់ព័ន្ធ
នឹងព័ត៌មានជុំវិញការសម្លាប់ទៅលើអតីតមន្ត្រីរដ្ឋការ និងទាហាននៃរបបសាធារណរដ្ឋខ្មែរ លន់ នល់ ក្រោយពី
របបខ្មែរក្រហមឡើងកាន់អំណាចដែលជាផ្នែកមួយនៃបណ្តឹងសាទុក្ខរបស់ភាគីជនជាប់ចោទប្រឆាំងនឹងសំណុំរឿង ០០២/០១។ សំណុំរឿង០០២/០១គឺជាការជំនុំជម្រះលើកទីមួយនៃការជំនុំជម្រះយ៉ាងតិចពីរប្រឆាំងនឹង ខៀវ សំផន អតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ និង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បទចោទ
នៅក្នុងសំណុំរឿង ០០២/០១ គឺផ្តោតលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលរងការចោទប្រកាន់ក្នុងអំឡុងពេល
ជម្លៀសនៅទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំង
ការកាប់សម្លាប់លើអតីតមន្ត្រីរដ្ឋការ និងទាហានៃរបបខ្មែរក្រហម ដែលរងការចោទប្រកាន់នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ ​នៅថ្ងៃទី ៧ ខែ សីហា ២០១៤ អង្គជំនុំជម្រះសាលាដំបូង រកឃើញថា ជនជាប់ចោទ
មានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារជនជាប់ចោទទាំង
ពីរអស់មួយជីវិត។ នួន ជា និង ខៀវ សំផនបានធ្វើបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះ
សាលាដំបូង ដោយម្នាក់ៗបានលើកទឡ្ហីករណ៍បណ្តឹងសាទុក្ខចំនួន ២២៣ និង ១៤៨ រៀងៗខ្លួន។ បន្ថែមលើនេះ សហព្រះរាជអាជ្ញាបានដាក់បណ្តឹងសាទុក្ខដោយកម្រិតត្រឹមតែស្វែងរកដំណោះស្រាយដែលប្រកាសដោយអង្គជំនុំជម្រះតុលាការកំពូលទាក់ទងនឹងភាពអាចអនុវត្តបាននូវទម្រង់ពង្រីកបន្ថែមនៃសហឧក្រិដ្ឋកម្មរួម ដែលហៅថា “សហឧក្រិដ្ឋកម្មរួមទម្រង់ទី III” (JCE III) នៅចំពោះមុខ អ.វ.ត.ក។

លោក នេត្រ ភក្ត្រា បានថ្លែងថា ដោយសារតែភាពស្មុគស្មាញនៃបណ្តឹងសាទុក្ខ និងតម្រូវការចាំបាច់មួយ
ចំនួន វាមានការពិបាកក្នុងការកំណត់ពេលឱ្យបាន ច្បាស់ថាពេលណាទើបសេចក្តីសម្រេចលើបណ្តឹងសាទុក្ខនឹង
ត្រូវប្រកាសឡើង ប៉ុន្តែអង្គជំនុំជម្រះតុលាការកំពូលបាននិងកំពុងធ្វើការងារ ដោយបានកំណត់គោលដៅនៃការ
ប្រកាសសាលដីកាលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ នេះនៅក្នុងអំឡុងត្រីមាសទី១ ឆ្នាំ ២០១៦ ខាងមុខ។ លោកបន្តថា ក្នុងករណីដែលពុំទាន់មានការសម្រេចលើបញ្ហានៃបណ្តឹងសាទុក្ខនេះពីសំណាក់អង្គជំនុំ
ជម្រះតុលាការកំពូលទេ ជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅតែត្រូវបានសន្មតថាគ្មានទោស។

20150706-173056.jpg

20150706-173101.jpg

20150706-173106.jpg

20150706-173111.jpg

...

20150706-173114.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print