វិភាគអន្តរជាតិ៖ សកម្មភាពរបស់ប្រទេសទួរគីនៅក្នុងទឹកដីស៊ីរីគឺជាការឈ្លានពានទឹកដីប្រទេសស៊ីរីយ៉ាងច្បាស់ក្រឡែត

ចែករំលែក៖

ក្រៅពីបញ្ជូនទាហានវាយលុកនៅ តំបន់ Afrin ទឹកដីស៊ីរីនោះ ប្រធានាធិបតីទួរគីក៏បានព្រមានដល់កម្លាំងទាហានរដ្ឋាភិបាលស៊ីរី មិនឲ្យចូលទៅតំបន់នោះដែរ ហើយបើស៊ីរីបញ្ជូនទាហានចូលទៅនោះនឹងមានសោកនាដកម្មកើតឡើង។
នៅពេលនេះដែរប្រធានាធិបតីទួរគី បានអះអាងថា ការបញ្ជូនកម្លាំងទាហានទៅមុខវាយប្រហារ តំបន់ Afrin ក្នុងទឹកដីស៊ីរីដែលមានក្រុមជនជាតិឃើដភាគច្រើនរស់នៅនោះ នឹងមិនមានការ រាថយ ឬបក ថយក្រោយវិញនោះឡើយ។
ការវាយប្រហាររបស់ទួរគីនៅក្នុងតំបន់នោះ បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ដែល សុទ្ធសឹងជាពលរដ្ឋស្លូតត្រង់។ សហគមន៍អន្តរជាតិ ក្នុងនោះមានរុស្ស៊ីជាដើមបានថ្កោលទោសយ៉ាងខ្លាំងដល់ទួរគី ពីសកម្ម ភាព បញ្ជូនទាហានថ្មើរជើងចូលក្នុងទឹកដីស៊ីរី។ កន្លងមកអាមេរិកក៏បាន ស្នើដល់ ប្រទេសនេះ រក្សាការអត់ធ្មត់ដើម្បី កាត់ បន្ថយការខូចខាតទ្រព្យសម្បត្តិនិង អាយុជីវិត។

ប្រធានាធិបតីទួរគី លោក តាយយីព អ៊ែរដូហ្គាន់ បានប្រកាសថា ប្រទេសរបស់លោកនឹងគ្មានថ្ងៃបកក្រោយវិញឡើយ ចំពោះប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមឧទ្ទាមឃើដ YPG នៅក្នុងតំបន់ Afrin ទឹក ដីប្រទេសស៊ីរីនោះ ទោះបីជាមហា អំណាច នានាបានអំពាវនាវឲ្យឈប់ និងរដ្ឋាភិបាលស៊ីរីព្រមានវាយបកក៏ដោយ។
លោក អ៊ែរដូហ្គាន់ បានប្រកាសនៅក្នុងពិធីថ្នាក់ជាតិមួយ នារដ្ឋធានីអង់ការ៉ា នៅ ថ្ងៃចន្ទសប្តាហ៍នេះថា «គ្មានការបកត្រឡប់ក្រោយឡើយពីតំបន់ Afrin»។ ប្រធានា ធិបតីរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសទួរគីបាននិយាយជាមួយរុស្ស៊ី និង អាមេរិក មុនខ្លួនធ្វើប្រតិបត្តិការនេះទៅហើយ ប៉ុន្តែយើងមិនអាចបញ្ចុះបញ្ចូល អាមេរិកឲ្យគាំទ្រឡើយ។
គួរបញ្ជាក់ថា កងកម្លាំងទួរគី បានវាយ ដណ្ដើមយកភូមិមួយចំនួន នៅក្នុងតំបន់ ភាគពាយ័ព្យប្រទេសស៊ីរី ក្នុងថ្ងៃទីបីនៃការបើកប្រតិបត្តិការយោធា វាយលុកបណ្ដេញ ក្រុម ឧទ្ទាមឃើដ YPG ចេញពីព្រំដែន ទួរគី។ កងកម្លាំងទួរគី អមដោយក្រុមឧទ្ទាមស៊ីរីជាសម្ពន្ធមិត្ត បានវាយដណ្ដើមយក ភូមិជា ច្រើនក្នុងតំបន់ Afrin នៅថ្ងៃចន្ទ សប្តាហ៍ នេះ។

ទោះបីជាបែបនេះក្តី ពួកឧទ្ទាមឃើដ YPG បានអះអាងថា ខ្លួនដណ្ដើមបានភូមិចំនួនពីរត្រឡប់មកវិញ។ ប្រតិបត្តិការយោ ធានេះកើតមានឡើង បន្ទាប់ពីប្រធានាធិប តីទួរគី លោក Recep Tayyip Erdogan បានព្រមានជាសាធារណៈថា នឹងបោស សម្អាតក្រុមឧទ្ទាមឃើដ YPG ក្រោយពីមានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោនមានបំណងជួយដល់កងកម្លាំង ប្រជា ធិបតេយ្យស៊ីរី (SDF) ដឹកនាំក្រុម ឧទ្ទាម ឃើដ YPG បង្កើតកងកម្លាំងព្រំដែនមួយមានគ្នាជាង ៣០,០០០នាក់ នៅតាម បណ្ដោយព្រំដែនទួរគី-ស៊ីរី។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបដិសេធហើយជំរុញឱ្យទួរគីអត់ធ្មត់ ដើម្បីបញ្ជៀសការបាត់បង់អាយុជីវិតជនស៊ីវិល។ សម្រាប់រដ្ឋាភិបាលទួរគី ក្រុមឧទ្ទាម ឃើដ YPG គឺជាសម្ពន្ធមិត្តរបស់គណបក្សពលករឃើដ PKK ដែលកំពុងតស៊ូប្រយុទ្ធដើម្បីបង្កើតតំបន់ស្វយ័តមួយ នៅភាគ អាគ្នេយ៍ ប្រទេសទួរគី អស់រយៈពេលរាប់ ទសវត្សរ៍ មកហើយ។ ដោយឡែក បើតាម Anadolu កងកម្លាំងទួរគី បានវាយយក ភូមិដូចជា Shankal, Qorne, Bali និង Adah Manli។

ពាក់ព័ន្ធឹងការស្វែងរកសន្តិភាពនៅក្នុងប្រទេសស៊ីរី អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយទែរ៉េស បានសម្រេចបញ្ជូនប្រេសិតឲ្យទៅចូលរួមនៅក្នុងសមាជដើម្បីសន្តិភាពនៅស៊ីរី ដែល ទីក្រុងមូស្គូ រៀបចំឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយនៅទីក្រុងសុតឈី។ នេះបើតាមអ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិប្រាប់ឲ្យដឹង កាលពីថ្ងៃ សៅរ៍។ ការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយក្រុមប្រឆាំងស៊ីរី បានប្រកាសធ្វើពហិការ មិនទៅចូលរួម នៅក្នុងសមាជរៀបចំឡើង ដោយទីក្រុង មូស្គូ ដែលជាសម្ពន្ធមិត្តរបស់ប្រធានាធិបតីស៊ីរី លោកបាសាអាល់ អាសាដ។
តបទៅតាមការអញ្ជើញពីរដ្ឋាភិបាល រុស្ស៊ី អគ្គលេខាធិការរបស់អង្គការសហ ប្រជាជាតិបានសម្រេចចិត្តបញ្ជូនលោកStaffan Mistrua អន្តរការីសម្រាប់វិបត្តិស៊ីរី ឲ្យទៅ ជាអ្នកតំណាង នៅក្នុងសមាជដើម្បីសន្តិភាពនៅស៊ីរី ដែលក្រុងមូស្គូបានផ្តួច ផ្តើមរៀបចំឡើងនៅសប្តាហ៍ក្រោយ នៅទី ក្រុងសុតឈី។ តាមអ្នកនាំពាក្យ Stephane Dujarric លោកអគ្គលេខាធិការអង្គការ សហប្រជាជាតិសម្រេចបញ្ជូនអ្នកតំណាងទៅចូលរួមនៅក្នុងសមាជ នៅក្នុងក្តីសង្ឃឹម ថា សមាជនៅក្រុងសុតឈីនឹងផ្តល់លទ្ធ ផលជាវិជ្ជមាន ជាវិភាគទានសម្រាប់ជួយ ចម្រើនបន្ថែមដល់ការចរចាសន្តិភាពដើម្បីស៊ីរី ដែលអង្គការសហប្រជាជាតិបានរៀបចំធ្វើនៅទីក្រុងវីយ៉ែន។

កាលពីថ្ងៃព្រហស្បតិ៍ កិច្ចប្រឹងប្រែងរ បស់អង្គការសហប្រជាជាតិដើម្បីស្វែងរកសន្តិភាពនៅស៊ីរីបានបរាជ័យជាលើកទី៩ បន្ទាប់ពីភាគីជម្លោះ គឺរដ្ឋាភិបាលស៊ីរី និង ក្រុមបក្សប្រឆាំងស៊ីរី ដែលនៅខ្វែងគំនិតគ្នាទៅលើជោគវាសនារបស់លោកបាសា អាល់អាសាដ បានគ្រវីក្បាល ដាច់ណាត់ មិនជួបចរចាគ្នាដោយផ្ទាល់នោះទេ។
ផ្ទុយពីជំហររបស់អង្គការសហប្រជាជាតិ ក្រុមបក្សប្រឆាំងស៊ីរីវិញ ដែលជាភាគី ចរចាមួយនៅក្នុងដំណើរស្វែងរកសន្តិភាពនៅស៊ីរី បានប្រកាសកាលពីព្រលឹមថ្ងៃ សៅរ៍ ថា ខ្លួននឹងធ្វើពហិការ មិនទៅចូលរួមនៅក្នុងសមាជដែលរៀបចំដោយរុស្ស៊ី និង ដែល គាំទ្រដោយរដ្ឋាភិបាលទួរគីនិងអុីរ៉ង់នោះទេ។ ដើម្បីចូលរួមនៅក្នុងសមាជរៀបចំឡើងដោយទីក្រុងមូស្គូ ក្រុមប្រឆាំងស៊ីរី បានដាក់លក្ខខណ្ឌ ទាមទារឲ្យរុស្ស៊ី ត្រូវ ដាក់សម្ពាធលើ រដ្ឋាភិបាលស៊ីរី ដែលជា សម្ពន្ធមិត្តរបស់ខ្លួន ឲ្យបើកការចរចាសន្តិភាពតាមផ្លូវនយោបាយ ជាជាងប្រើកម្លាំង យោធា ដែលរដ្ឋាភិបាលស៊ីរីកំពុងបន្តធ្វើនៅក្នុងប្រទេសសព្វថ្ងៃនេះ។
នៅមុនការសម្រេចចិត្តចូលរួមរបស់ អង្គការសហប្រជាជាតិ សមាជរៀបចំឡើងដោយក្រុងមូស្គូត្រូវគេសង្ស័យថា នឹងគ្មាន ទម្ងន់អ្វី ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការដោះស្រាយវិបត្តិនៅស៊ីរី ដោយសារតែគ្មានការចូលរួមពីក្រុមបក្សប្រឆាំងស៊ីរី ក្រុម ប្រទេសលោកខាងលិច និងអង្គការសហ ប្រជាជាតិ ដែលជាភាគីសំខាន់នៅក្នុង ដំណើរការចរចាសន្តិភាពនៅស៊ីរីនោះទេ៕

...

ដោយ៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print