ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវប្រកួតមិត្តភាពពិភពលោក (World Friendlies)ជាមួយក្រុមបាល់ទាត់ជម្រើសជាតិប្រ៊ុយណេ នៅថ្ងៃអង្គារទី៣ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិអូឡាពិកនាវេលាម៉ោង៦និង៣០នាទីល្ងាច ។ ក្នុងការប្រកួតនេះអ្នកចូលរួមទស្សនាអាចនឹងមានការថមថយជាងការប្រកួតមុនៗ ប៉ុន្តែទោះបីជាយ៉ាងណា ប្រជាពលរដ្ឋដែលស្នេហាវិស័យកីឡាបាល់ទាត់នឹងទស្សនាតាមកពា្ចក់ទូរទស្សន៍កាន់តែច្រើន ទោះបីមិនបានចូលរួមទស្សនាផ្ទាល់ក៏ដោយ ។
ក្រុមជម្រើជាតិកម្ពុជា៥ប្រកួតចុងក្រោយហាក់ធ្វើមិនបានល្អទាំងក្នុង និងក្រៅទឹកដី ដោយឈ្នះ១ប្រកួត ចាញ់៤ប្រកួត ។ ៣ប្រកួតចុងក្រោយក្រុមជម្រើសជាតិកម្ពុជា ចាញ់ជម្រើសជាតិជប៉ុន៣-០ ក្រៅទឹកដី, ចាញ់ក្រុមជម្រើសជាតិស៊ីរី៦-០ ក្នុងទឹកដី និងចាញ់ក្រុមជម្រើសជាតិសិង្ហបុរី ២-១ ក្រៅផ្ទះ ។ ចំណែកក្រុមជម្រើសជាតិប្រ៊ុយណេប្រកួតចុងក្រោយក៏ធ្វើមិនបានល្អដែរ ដោយឈ្នះ១ប្រកួត ចាញ់៤ប្រកួតដូចគ្នា ។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិប្រ៊ុយណេ គឺឈ្នះក្រុមចិនតៃប៉ិ ១-០ ក្រៅទឹកដី, ចាញ់ក្រុមចិនតៃប៉ិវិញ ២-០ ក្នុងទឹកដី ដែល២ប្រកួតគឺជាការប្រកួតជម្រុះ World Cup 2018 និងចុងក្រោយប្រកួតចាញ់ក្រុមជម្រើសជាតិសិង្ហបុរី ៥-១ ក្នុងជំនួបមិត្តភាពពិភពលោក World Friendlies ។
ក្រុមជម្រើសជាតិទាំង២នេះសុទ្ធតែប្រកួតចាញ់ក្រុមជម្រើសជាតិសិង្ហបុរី ប៉ុន្តែកម្ពុជាចាញ់ក្រុមសិង្ហបុរី ២-១ ប៉ុណ្ណោះ ។ ចំណែកក្រុមប្រ៊ុយណេចាញ់សិង្ហបុរីរហូតដល់៥-១ ។ ដូច្នេះកម្ពុជាហាក់ មានប្រៀបខ្លាំងលើក្រុមប្រ៊ុយណេ ព្រោះតែកម្ពុជាជាម្ចាស់ហើយមានអ្នកគាំទ្រច្រើន។
គួរបញ្ជាក់ថា ប្រវត្តិជួបគ្នា៤ប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជានឹងប្រ៊ុយណេ កម្ពុជាឈ្នះ២ប្រកួត ចាញ់១ប្រកួត និងស្មើ១ប្រកួត ។ ក្រុមជម្រើសជាតិកម្ពុជាបន្ទាប់ពីប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមជម្រើសជាតិប្រ៊ុយណេនេះទៅ នឹងត្រូវប្រកួតជម្រុះ World Cup 2018 ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ៕
ដោយ៖ សារីម