ភ្នំពេញ៖ បុគ្គលិកប្រមាណ១២០នាក់ បម្រើការងារនៅ KTV កូឡូសូ (COLOSO) ដែលមានទីតាំងនៅផ្ទះលេខ៥២ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បានសំណូមពរសុំឱ្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង អាជ្ញាធរដែនដី អនុញ្ញាតឱ្យបើកដំណើរការវិញ ដោយសារតែពួកគេគ្មានការងារធ្វើ ប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។
ករណីនេះ លោក ប៉ែន រីណា អ្នកគ្រប់គ្រង KTV កូឡូសូ (COLOSO) បានថ្លែងឱ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភះ ថា៖ បន្ទាប់ពីលេចលឺរឿងអាស្រូវបង្ហោះរូបភាពវីដេអូ អាក្រាតកាយ មួយកំណាត់លើរបស់បុគ្គលិកខារ៉ាអូខេ និងរាំស្រើបស្រាលនៅក្នុងបន្ទប់រ៉ាអូខេ កូឡូសូ (COLOSO) កម្លាំងគណៈបញ្ជាឯកភាពខណ្ឌចំការមន ដឹកដោយលោក ព្រុំ សំខាន អភិបាលខណ្ឌចំការមន ដោយមានការចូលរួម ពីលោកស្រី គឹម វណ្ណា ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ និងលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបិទទីតាំងនេះជាបណ្តោះអាសន្ន កាលពីយប់ ថ្ងៃទី២៣ ថ្ងៃទីកុម្ភះ ឆ្នាំ២០១៨ ។
លោក ប៉ែន រីណា បានបកស្រាយថា និងទទួលយកនូវការណែនាំពីសមត្ថកិច្ច អាជ្ញាធរ តំណាងអយ្យការ ដោយមិនអោយកើតមានករណីបែបនេះបន្តទៀត។ លោកសូមសន្យាទទួលខុសត្រូវចំពោះមុខច្បាប់បើមានករណីចន្លោះប្រហោងនេះកើតមានលើកក្រោយៗនោះ។
លោកបានបន្តទៀតថា៖ តាមពិតជាគោលការបើកធ្វើអាជីវកម្ម នៅក្នុងបន្ទប់ខារ៉ាអូខេ លោកមានបិទបទបញ្ជាផ្ទៃក្នុង ដែលហាមឃាត់មិនឱ្យមានការរាំស្រាត ការប្រើប្រាស់គ្រឿងញៀន ឬ ការជួញដូរគ្រឿងញៀន ក្នុងបន្ទប់ខារ៉ាអូខេ នេះទេ ។ ទោះជាយ៉ាងនេះក្តី លោក ប៉ែន រីណា បានទទួលស្គាល់ថា ការបង្ហោះរូបភាពអាសអាភាស នេះ គឺ ជាការចន្លោះប្រហោង មើលមិនគ្រប់ជ្រុងជ្រោយរបស់អ្នកមើលការខុសត្រូវ ដែលបណ្តោយ ឱ្យភ្ញៀវធ្វើអ្វីតាមអំពើចិត្ត ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់នារីខ្មែរ។
ចំពោះការផ្អាកដំណើរការនេះ លោក ប៉ែន រីណា បញ្ជាក់ថា៖ បានធ្វើឱ្យបុគ្គលិកប្រមាណ១២០នាក់ គ្មានការងារធ្វើ ប៉ះពាល់ជីវភាពប្រចាំថ្ងៃ ។ ដូច្នេះ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពបុគ្គលិកទាំងអស់នោះ លោកសំណូមពរសុំឱ្យស្ថាប័នតុលាការ និង អាជ្ញាធរដែនដី មេត្តាអនុញ្ញាត ឱ្យខារ៉ាអូខេនេះ បានបើកដំណើរឡើងវិញ ដោយលោកសុំសន្យាថា នឹងមិនឱ្យមានបញ្ហាទាំងអស់នេះ កើតឡើងទៀតទេ ពោលគឺ ប្រតិបត្តិបទបញ្ជាផ្ទៃក្នុង ឱ្យបានខ្ជាប់ខ្ជួន មិនឱ្យចន្លោះប្រហោងទៀតឡើយ ៕
ដោយ៖ ចេស្តា